អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

​ភ្នំពេញ​៖ ​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​។

Advertisement

​អ្នកជំនាញ​នៃ​វិស័យ​អចលន​ទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ ​បាន​មើលឃើញ​ថា​ ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​ ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​មិន​ទាន់​អាច​ទាក់ទាញ​អតិថិជន​ជា​ពលរដ្ឋ​កម្ពុជា​បាន​នៅឡើយ​ ពីព្រោះថា​ពលរដ្ឋ​កម្ពុជា​មួយចំនួន​ធំ​នៅតែ​បន្ត​មាន​និន្នាការ​រស់នៅ​ក្នុង​ផ្ទះ​ជាប់​ដី​ ​ដូចជា​បុរី ​ផ្ទះល្វែង​ និង​វីឡា​ជាដើម​។ ​ប៉ុន្តែ​យុវជន​ជំនាន់​ថ្មី​ ​ដែល​គេ​និយម​ហៅ​ថា​ ​យុវជន​ ​Gen Z​ ​ឬ​ ​Gen​ ​អាល់ហ្វា ​អាច​ជា​អតិថិជន​ដែល​មាន​សក្ដានុពល​សម្រាប់​ទីផ្សារ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​។

​កញ្ញា​ ​សុខ ​ហេង​ពេជ្រ​មុន្នី ​អ្នកគ្រប់គ្រង​សេវាកម្ម​លក់​រាយ ​របស់​ក្រុមហ៊ុន​អចលន​ទ្រព្យ​ ​Advantage​ ​Property​ ​Services​ ​(​ ​APS​ ​) ​បាន​ថ្លែង​ប្រាប់​បណ្ដា​ព័ត៌មាន​ ​AMS​ ​ឱ្យដឹង​ថា​ ​ទីផ្សារ​ខុនដូ ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​ ​នៅតែ​ពឹង​លើ​ទីផ្សារ​បរទេស ​ដោយសារ​ពលរដ្ឋ​កម្ពុជា​មួយចំនួន​ធំ​នៅតែ​និយម​រស់​នៅក្នុង​ផ្ទះ​ជាប់​ដី​ ​ដូច្នេះហើយ​ទើប​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​ផ្ទះ​ជាប់​ដី​នៅតែ​បន្ត​អភិវឌ្ឍន៍​ ជាពិសេស​បុរី​។​

​យ៉ាងណា​ក្ដី​ ​កញ្ញា​ ​សុខ ​ហេង​ពេជ្រ​មុន្នី ​បាន​ថ្លែង​ដូច្នេះ​ថា​៖​

“​យើង​ទាំងអស់​គ្នា​បាន​មើលឃើញ​ថា​ ​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​កំពុង​មាន​ការ​ចាប់អារម្មណ៍​ពីសំណាក់​យុវជន​ជំនាន់​ថ្មី​ ​GenZ​ ​ឬ​ ​Gen​ អាល់ហ្វា ​ដែល​ជា​អតិថិជន​គោលដៅ​។”

​កញ្ញា​បាន​ឱ្យដឹង​ទៀត​ថា​ ​យុវជន​ជំនាន់​ក្រោយ​ភាគ​ច្រើន​ ​ចូលចិត្ត​រស់​នៅ​បែប​ទំនើប​ និង​ចង់​ផ្លាស់ប្តូរ​ជីវិត​ក្នុង​ការ​រស់នៅ​បែប​សម័យ​ថ្មី ​ដោយ​ឃើញ​ថា​ ​អតិថិជន​ក្នុង​ស្រុក​ទិញ​ខុនដូ​សម្រាប់​ស្នាក់​នៅ​ភាគ​ច្រើន​ជា​អ្នក​ទើប​រៀបការ​ថ្មី​ថ្មោង​ ​និង​ជា​អ្នក​ដែល​ធ្លាប់​ទៅ​សិក្សា​ ​ឬ​ធ្វើដំណើរកម្សាន្ត​ទៅ​ក្រៅ​ប្រទេស​។

​កញ្ញា​ ​បាន​បន្ត​ថា​ ​ក្រុម​មនុស្ស​ទាំងនេះ​ហើយ​ ​គឺជា​សក្ដានុពល​សំខាន់​បំផុត​សម្រាប់​ទីផ្សារ​ខុនដូ ​ហើយ​មិន​យូរ​ទៀត​ទេ ​ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើន​នឹង​ចាប់ផ្ដើម​ភ្លក់​រសជាតិ​ក្នុង​ការ​រស់នៅ​ខុនដូ​ដូច​បរទេស​ដែរ​។

​កញ្ញា​បាន​បន្ថែម​ថា​ ​ទន្ទឹមនឹង​ពលរដ្ឋ​ខ្មែរ​ចាប់ផ្ដើម​មាន​ការ​ចាប់អារម្មណ៍​លើ​ការ​រស់​ក្នុង​ខុនដូ​បណ្ដើរ​ៗ ​អ្នក​អភិវឌ្ឍន៍​ឬ​ម្ចាស់​អគារ​ខុនដូ ​គួរតែ​ធ្វើ​អ្វី​ម្យ៉ាង​ ​ដើម្បី​ទាក់ទាញ​ពួកគាត់​បន្ថែម​ ​ដូចជា​ការ​តុបតែង​ដេគ័រ​ក្នុង​បន្ទប់​នីមួយ​ៗ​ឱ្យ​ហើយ​ជាស្រេច​ ​ដូច្នេះ​នៅពេល​ពួកគាត់​ស្វែងរក​ទិញ​បន្ទប់​ខុនដូ ​ហើយ​ឃើញ​ក្នុង​បន្ទប់​មាន​ការ​តុបតែង​រួច​ជាស្រេច​ ​នោះ​អាចនឹង​ជំរុញ​ចិត្ត​ពួកគាត់​ឱ្យ​កាន់តែ​ចង់​ទិញ​មួយ​កម្រិត​បន្ថែម​ទៀត​​។​

​អ្នកនាង​ ​គឹម​ ​គិន​កេសា ​អគ្គ​នាយិកា​ក្រុមហ៊ុន​អចលន​ទ្រព្យ​ ​APS​ ​ក៏​បាន​លើកឡើង​ផងដែរ​ថា​ តម្រូវការ​លំនៅឋាន​ទាំង​ផ្ទះ​ជាប់​ដី​ ​និង​ខុនដូ ​ភាគ​ច្រើន​ជា​ប្រភេទ​លំនៅឋាន​តម្លៃ​សមរម្យ​ ​និង​មធ្យម​ ​ដូច្នេះ​សម្រាប់​អ្នកអភិវឌ្ឍន៍​គួរតែ​ផ្ដោត​លើ​លំនៅឋាន​ប្រភេទ​តម្លៃ​ មធ្យម​ និង​សមរម្យ​ ​ទើប​អាច​រក​អតិថិជន​ទិញ​បាន​ សម្រាប់​តម្លៃ​ខ្ពស់​ ​អាច​នៅ​មាន​តិចតួច​។

​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលន​ទ្រព្យ​ ​APS​ ​ដែល​បាន​ចេញផ្សាយ​សម្រាប់​ឆមាស​ទី ​១​ ​ឆ្នាំ​២០២៦​នេះ​ ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ​គិត​ត្រឹម​ឆមាស​ទី​១​ ​ឆ្នាំ​ ​២០២៦​ ​ខុនដូ​ដែល​បាន​ផ្គត់ផ្គង់​លើ​ទីផ្សារ​មាន​ចំនួន​ជាង​ ​២​ ​ម៉ឺន​យូនីត ​ក្នុង​នោះ​ខុនដូ​ប្រភេទ​តម្លៃ​សមរម្យ​មាន​ចំនួន​ច្រើន​ជាង​គេ​ដែល​មាន​រហូតដល់​ជាង​ ​១៤​ ​១០០​ ​យូនីត ​បន្ទាប់មក​គឺ​តម្លៃ​មធ្យម​មាន​ប្រមាណ​ ​៤​ ​៤០០​ ​យូនីត ​និង​តម្លៃ​ខ្ពស់​មាន​ប្រមាណ​ជាង​ ​១​ ​៥០០​យូនីត​។

​នៅក្នុង​ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​នេះ​ដែរ​ តម្លៃ​ខុនដូគិត​ជា​មធ្យម ​ឃើញ​ថា​ខុនដូ​ប្រភេទ​តម្លៃ​សមរម្យ​ស្ថិត​នៅក្នុង​ចន្លោះ​ ​១២០០​ ​ដុល្លារ​អាម៉េរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ​ប្រភេទ​តម្លៃ​មធ្យម​ ស្ថិត​នៅក្នុង​ ​២១០០​ ​ដុល្លារ​អាម៉េរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ​និង​តម្លៃ​ខ្ពស់​មាន​តម្លៃ​ចាប់ពី​ ​២៧០០​ ​ដុល្លារ​អាម៉េរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា