អ្នកជំនាញណែនាំឱ្យម្ចាស់អចលនទ្រព្យដែលទុកនៅទំនេរ​ គួរកែប្រែទ្រព្យនោះ​ដើម្បីរកចំណូល​ និងជំរុញ​ចរន្ត​សេដ្ឋកិច្ច​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញណែនាំឱ្យម្ចាស់អចលនទ្រព្យដែលទុកនៅទំនេរ​ គួរកែប្រែទ្រព្យនោះ​ដើម្បីរកចំណូល​ និងជំរុញ​ចរន្ត​សេដ្ឋកិច្ច​

អ្នកជំនាញណែនាំឱ្យម្ចាស់អចលនទ្រព្យដែលទុកនៅទំនេរ​ គួរកែប្រែទ្រព្យនោះ​ដើម្បីរកចំណូល​ និងជំរុញ​ចរន្ត​សេដ្ឋកិច្ច​

ភ្នំពេញ ៖​ ​​ទីផ្សារ​អចលនទ្រព្យកម្ពុជា​នា​ពេលបច្ចុប្បន្ន​នេះត្រូវបានកត់សម្គាល់ឃើញថា ការ​ផ្គត់ផ្គង់​មានច្រើនជាង​តម្រូវការ ដែ​លធ្វើឱ្យ​អចលនទ្រព្យមួយចំ​នួន​​នៅទំនេរ​មិនមានការ​ប្រើប្រាស់ ហើយម្ចាស់ទ្រព្យ​ត្រូវ​បាត់បង់ប្រាក់ចំ​ណូល​ពី​ទ្រព្យ​នោះ។ ត្រង់ចំណុចនេះ អ្នក​ជំនាញ​អចលនទ្រព្យបា​នណែ​នាំឱ្យម្ចាស់អចលនទ្រព្យ​ដែលមានទ្រព្យ​ទុកនៅទំនេរ គួ​រកែប្រែ​ទ្រព្យនោះ​ឱ្យមានសោភ័ណភាព មានសកម្មភាព ដើម្បីអាចរកចំណូល​បានខ្លះ និងជួយ​​ជំរុញ​ចរន្ត​សេដ្ឋកិច្ច ទាំងសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់សង្គមជាតិផងដែរ។

លោក​ អឿន ធារ៉ា ស្ថាបនិក និងជា​នាយកប្រតិបត្តិ​ក្រុម​ហ៊ុនអ​ចលនទ្រព្យ Cam Realty បាន​មាន​ប្រសាសន៍​ថា ក្នុងឆ្នាំ២០២៦នេះ អត្រា​ទំនេរ​នៃទ្រព្យ​មួយចំនួន ជាពិសេស​អាផាតមិន​បានកើនឡើង​ខ្ពស់ ។ កាលពី​មុន​ អត្រា​នៃការ​ប្រើប្រាស់អា​ផាត​មិន​មានរហូតដល់ ៩០​ភាគរយ ប៉ុន្តែឥឡូវ​នេះ បានធ្លាក់នៅត្រឹមតែ៥០ភាគរយ​ប៉ុណ្ណោះ ។

លោក​បន្តថា ការផ្គត់ផ្គង់​ក្នុងពេល​បច្ចុប្បន្ន​នេះ បានលើសពីតម្រូវការ តែម្ចាស់អគារមួយចំនួននៅតែ​អាច​រកចំណូលពីទ្រព្យរបស់ខ្លួន​បាន ដោយសារតែម្ចាស់អគារ​​មួ​យ​ចំ​នួននោះបានផ្លាស់ប្តូរឥរិយាបថ​របស់ខ្លួន និងការ​កែប្រែទ្រព្យ​​ដើម្បីទាក់​ទា​ញ​អតិ​ថិជន​។

​លោក​ថា​ ៖« អគារ​អាផាតមិនមួយ​ចំនួន​នៅតែរក​ចំណូល​បាន ព្រោះអគារ​នោះមានការ​គ្រប់គ្រង និងថែទាំបានល្អ ហើយម្ចាស់អគារ​បើកចិត្តទូលាយ​យកតម្លៃទីផ្សារ​ជាក់ស្ដែង ។ អ្វីដែលពិសេស ​ម្ចាស់​មានកិច្ច​សហការ​ជិត​ស្និទ្ធជាមួយអ្នក​ជំនាញ​ និ​ងភ្នាក់ងារអ​ចលនវត្ថុ​ដែលមានជំនាញ​ច្បាស់លាស់ » ។​

លោក​បន្តថា ការទុក​អគារ ឬអចលនទ្រព្យ​ចោល មិនត្រឹ​មតែមិនបាន​ចំណូលទេ តែវា​នឹងធ្វើ​ឱ្យខាតបង់ប្រាក់​បន្ថែមទៀត ដោយម្ចាស់អគារ​ត្រូវ​ចំណាយលើថ្លៃការពារ​ (ថ្លៃសន្តិសុខយាម ) ហើយប្រឈម​នឹង​ហានិភ័យ​នៃអគ្គិភ័យ​ ព្រោះតែ​ក្នុងអគារ​នោះមិនដំណើរការ ។ មួយវិញទៀត​នៅពេលអគារ​មិនដំណើរការ វា​នឹងធ្វើឱ្យ​សម្ភារៈបំ​ពាក់ក្នុងអគា​​រ​នោះឆាប់ខូច និងត្រូវផ្លាស់​ប្តូរថ្មីនៅពេល​មានអ្នក​ចូលមក​កាន់​កាប់​ប្រើប្រាស់ និងក្លាយជា​បន្ទុ​ករបស់​ម្ចាស់អគារ ។

កញ្ញា​ សុខ ហេងពេជ្រមុនី្ន អ្នកគ្រប់គ្រ​ងផ្នែកសេវាកម្ម​លក់រាយ​នៃក្រុមហ៊ុន​អចលនទ្រព្យ APS បាន​ឱ្យដឹងថា នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ការផ្គត់ផ្គង់អគារការិយាល័យ​​នៅក្នុងរាជធា​នីភ្នំពេញមានកា​រកើនឡើង​ខ្ពស់ ដោយរំពឹងថា​ក្នុងពេ​លឆាប់ៗ​នេះ នឹង​មានអគារ​ការិយាល័យ​ប្រមាណ១០អគារ​បន្ថែមទៀត​ចាក់​បញ្ចូ​​លក្នុងទីផ្សា​រ​ ហើយក្នុងមួយអគារ​ៗ មានទំហំ​រាប់ម៉ឺន​ម៉ែត្រ​ការ៉េ ​ ដូច្នេះសរុបទៅ​អគារការិយាល័យ​ប្រមាណ ៦០ម៉ឺន​ម៉ែត្រ​ការ៉េ ​ដែល​នឹង​មាននៅលើទីផ្សារ ហើយត្រូវការ​អ្នកជួល​ ។

កញ្ញា​បន្តថា ដើម្បីឱ្យ​អចលនទ្រព្យ​ទាំងអ​គារខុនដូ​ អាផាតមិន និងអគារ​ការិយាល័យ នៅតែ​អាចប្រើប្រាស់​បាន និងកុំឱ្យ​អគារ​ទាំង​នោះនៅទំនេរ ក្រុមការងារ​របស់​​ APS ដែលបានជួបជាមួយ​នឹងម្ចា​ស់អគារទាំង​នោះ ដោយជំរុញឱ្យមានភាពបត់បែន​ទៅតាមទីផ្សារ ឧទាហរណ៍ថា អគារ​ដែលធ្លាប់​ជួល​បានថ្លៃកា​លពីមានតម្រូវការ​ខ្ពស់ គួរតែសិក្សា​ និងពិចារណា​បញ្ចុះតម្លៃ​ទាប​ជាងមុន​វិញ ។ ​មួយវិញទៀត​ នៅពេល​មានភ្ញៀវមករកជួលអគារ ម្ចាស់អគារ​ក៏គួរតែ​ជួយចេញថ្លៃ​តុប​តែង​ក្នុងអគារ ឬក៏​ជួយ​សម្រប​សម្រួលឱ្យការ​តុប​តែង​ក្នុងអគារ​នោះ​បានលឿនរហ័ស ធ្វើឱ្យភ្ញៀវ​ឆាប់បានចូល​ប្រើប្រាស់ ។

គួររម្លឹកថា ក្រៅ​ពីអគារខុនដូ អាផាតមិន​ និង​អគារការិយាល័យ ក៏មានដីធ្លី​ជាច្រើន​ទៀត​នៅទំនេរ​មិន​ប្រើប្រាស់ក្នុងនោះមានទាំង​ដីនៅក្នុង​ក្រុង និង​នៅតំបន់ជាយក្រុង ។ សម្រាប់ដីដែលមានទីតាំង​នៅតំបន់ជាយក្រុង មិនសូវ​ជា​បញ្ហា​ទេ តែដីនៅក​ណ្ដាលក្រុង​បើសិន​ជាទុកនៅទំនេរនោះនឹងធ្វើឱ្យខាត​ទាំងពន្ធ​ និងមិន​មានសកម្មភាពជួយដល់​សេដ្ឋកិច្ច ។

អ្នកជំនាញជាច្រើន​ក៏បានលើក​ជាទស្សនឱ្យម្ចាស់ដី​នៅកណ្ដាលក្រុងដែលទំនេរ គួរ​ធ្វើ​យ៉ាងណា​ឱ្យដីនោះមានសកម្មភាពអាជីវកម្ម ដូចជា​រៀបចំធ្វើជា​ផ្សាររាត្រី ហើយបើសិនជាម្ចាស់ដីមិនសូវមានធនធាន អាចសម្អាត​ដីឱ្យស្អាត​ ហើយទុក​ជួល​សម្រាប់រៀបចំព្រឹត្តិការណ៍​ពិព័រណ៍ ​ប្រគុំ​តន្ត្រី​ និងសកម្មភាពផ្សេងៗដែលជួយ​ឱ្យ​រកចំណូលបានពីដីទំនេរនោះ ។ ជាក់ស្ដែង​សូម្បីតែដីអតីត​ព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ ក៏ត្រូវ​បានរាជរដ្ឋាភិបាល​រៀបចំ​ជាទីតាំង​សម្រាប់ទាក់ទាញទេសចរ រៀបចំជា​ទីតាំងសម្រាប់រត់ហាត់ប្រាណ​និងកំពុង​រៀបចំជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច​នៅតំបន់​នោះ ក៏ដូចជា​តំបន់ជុំវិញផងដែរ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា