បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ត្រីជាន់ខ្ពស់ក្រសួងដែនដី ៖ វិស័យសំណង់នៅកម្ពុជាកំពុងបន្តកំណើនថេរ និងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់ក្រសួងដែនដី ៖ វិស័យសំណង់នៅកម្ពុជាកំពុងបន្តកំណើនថេរ និងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច


ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអះអាងថា វិស័យសំណង់នៅកម្ពុជាកំពុងបន្តកំណើនថេរ និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ ខណៈដែលរាជរដ្ឋាភិបាលក៏កំពុងយកចិត្តទុកដាក់លើកកម្ពស់ទាក់ទាញការវិនិយោគបន្ថែម។

ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងពិធីបើកជាផ្លូវការពិព័រណ៍ CAMBUILD លើកទី១៥ រៀបចំឡើងដោយក្រុមហ៊ុន Informa Markets នារសៀលថ្ងៃទី២៨ ខែកញ្ញា បានលើកឡើងថា ៖ ពិព័រណ៍ឧស្សាហកម្មវិស័យសំណង់លំដាប់អន្តរជាតិ និងធំជាងគេនៅកម្ពុជាកើតឡើងចំពេលដែលវិស័យសំណង់របស់កម្ពុជាកំពុងបន្តកំណើនយ៉ាងថេរ និងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ ដែលជំរុញឱ្យមានការយកចិត្តទុកដាក់ និងគិតគូរទៅលើគុណភាព សោភណ្ឌភាព បច្ចេកវិទ្យាសំណង់ ស្តង់ដារ និងសុវត្ថិភាពខ្ពស់។

ឯកឧត្តមបានបន្តថា ៖ «ស្ថិតនៅក្នុងបរិបទដែលវិស័យសំណង់មានកំណើនថេរ សម្រាប់ការនាំចូលសម្ភារពាក់ព័ន្ធវិស័យ ក៏ដូចជាការផលិតស៊ីម៉ងត៍ក្នុងស្រុកសម្រាប់ផ្គង់ផ្គង់ក៏មានភាពគ្រប់គ្រាន់ជាមួយនឹងតម្លៃសមរម្យ»។

ឯកឧត្តម ក៏បានសង្កត់ធ្ងន់ដែរថា ៖ តាមរយៈការភ្ជាប់ទំនាក់ទំនងរវាងវិស័យសំណង់ វិស្វកម្ម ថាមពល យានយន្ត និងបច្ចេកវិទ្យា ព្រឹត្តិការណ៍នៃពិព័រណ៍ CAMBUILD លើកទី១៥ នេះ ក៏បានផ្តល់ជូនអ្នកជំនាញនូវឱកាសស្វែងរកដំណោះស្រាយថ្មីៗ លើកកម្ពស់ស្តង់ដារ សុវត្ថិភាព និងអភិវឌ្ឍទំនាក់ទំនង ដើម្បីគាំទ្រដល់ការអភិវឌ្ឍបរិស្ថានសំណង់កម្ពុជាប្រកបដោយចីរភាព។

បើតាមលោករដ្ឋលេខាធិការបានបញ្ជាក់ថា សម្រាប់ការងារក្នុងវិស័យវិស្វកម្មត្រូវបានកំណត់ឱ្យយកចិត្តទុកដាក់ និងផ្ដល់សារៈសំខាន់យ៉ាងខ្លាំងទៅលើចំណុចស្នូលថ្មីៗបន្ថែមទៀតក្រៅពីការសាងសង់អគារ សម្ភារៈ និងវិស័យយានយន្តអគ្គិសនី។ តាមរយៈ CAMBUILD ២០២៦ បាននាំមកនូវការប្រមូលផ្តុំឧស្សាហកម្មរួម ក្នុងពេលវេលាដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍន៍ជាបន្តបន្ទាប់របស់កម្ពុជា ហើយវាជាវេទិកាមួយដែលនាំនវានុវត្តន៍ជាសកលមកភ្ជាប់ទំនាក់ទំនងជាមួយតម្រូវការនៅក្នុងស្រុក ដើម្បីបង្កើតឱកាសសម្រាប់សហគ្រាស និងអ្នកជំនាញវិជ្ជាជីវៈក្នុងការស្វែងរកបច្ចេកវិទ្យាថ្មី ការផ្លាស់ប្តូរចំណេះដឹង និងកសាងភាពជាដៃគូយុទ្ធសាស្ត្រ។

លោក Gerard Leeuwenburgh អគ្គនាយករងប្រចាំប្រទេសនៃក្រុមហ៊ុន Informa Markets បានលើកឡើងថា CAMBUILD 2026 គឺជាវេទិកាដ៏សំខាន់ក្នុងការនាំយកនវានុវត្តន៍សកលមកតភ្ជាប់ជាមួយតម្រូវការក្នុងស្រុក បង្កើតឱកាសសម្រាប់សហគ្រាស និងអ្នកជំនាញក្នុងការផ្លាស់ប្តូរចំណេះដឹង និងកសាងភាពជាដៃគូយុទ្ធសាស្ត្រ។

លោកបន្តថា ៖ «ពិព័រណ៍នេះ មានការរៀបចំសិក្ខាសាលាបច្ចេកទេស ដែលជាវេទិកាជួបជុំរវាងវិស្វករ អ្នកជំនាញឧស្សាហកម្ម និងក្រុមហ៊ុនតាំងពិព័រណ៍ ដើម្បីផ្លាស់ប្តូរចំណេះដឹងលើបច្ចេកវិទ្យា ការអនុវត្តល្អៗ និងដំណោះស្រាយពាក់ព័ន្ធនឹងបរិស្ថានសំណង់ផងដែរ»។

ដោយឡែក លោកបណ្ឌិត សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានវត្តមាននៅក្នុងពិធីបើកព្រឹត្តិការណ៍ជាផ្លូវការ បានប្រកាសដល់ក្រុមវិស្វករទាំងអស់នៅកម្ពុជា ត្រូវយកចិត្តទុកដាក់លើការងារនៅក្នុងអាណត្តិថ្មី និងទស្សនៈវិស័យនាពេលអនាគត ដោយជំរុញឱ្យមានការអនុវត្តនូវវិស័យសំខាន់ៗចំនួន៣ដែលត្រូវដាក់រួម បញ្ចូលគ្នា។

ព្រឹត្តិការណ៍ពិព័រណ៍ឧស្សាហកម្មវិស័យសំណង់លំដាប់អន្តរជាតិ (CAMBUILD 2026 )លើកទី១៥ ដែលរៀបចំឡើងដោយក្រុមហ៊ុន Informa Markets បានបើកសម្ពោធជាផ្លូវការនៅរសៀលថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតពិព័រណ៍កោះពេជ្រ ក្រោមការចូលរួមពីក្រុមហ៊ុនពាក់ព័ន្ធវិស័យ និងដាក់តាំងបង្ហាញផលិតផលជាង១៨០ប្រភេទ និងមានភ្ញៀវពាណិជ្ជកម្មលើសពី ១០ ០០០ នាក់ មកពីប្រទេសកម្ពុជា និងបណ្ដាប្រទេសនៅក្នុងតំបន់ ក្រោមការគាំទ្រពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងពាណិជ្ជកម្ម រួមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។ ព្រឹត្តិការណ៍នេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដោយរំពឹងថា នឹងមានភ្ញៀវពាណិជ្ជកម្មចូលទស្សនាលើសពី ១ម៉ឺននាក់ ។


សូមបញ្ជាក់ថា៖ សម្រាប់សសរស្តម្ភក្នុងវិស័យសំខាន់ៗចំនួន៣ ដែលកម្ពុជាត្រូវបន្តអភិវឌ្ឍនោះរួមមាន ៖ ទី១ CamBUILD នាំមកនូវបច្ចេកវិទ្យាសំណង់ សម្ភារៈសំណង់ គ្រឿងចក្រ ឧបករណ៍ និងដំណោះស្រាយដែលគាំទ្រដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងអគារទំនើបៗ។ ទី២ CamAuto តំណាងឱ្យបច្ចេកវិទ្យាយានយន្ត ឧបករណ៍ គ្រឿងបន្លាស់ និងនវានុវត្តន៍ ទាក់ទងនឹងការដឹកជញ្ជូន ការផលិត ការថែទាំ និងភាពងាយស្រួលក្នុងការធ្វើដំណើរ។ ទី៣ CamEnergy ផ្តោតលើបច្ចេកវិទ្យា និងដំណោះស្រាយដែលទាក់ទងនឹងអគ្គិសនី ប្រសិទ្ធភាពថាមពល ថាមពលកកើតឡើងវិញ ប្រព័ន្ធថាមពល និងការអភិវឌ្ឍថាមពលប្រកបដោយចីរភាព៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា