ជំនន់​នៃកា​រផ្គត់ផ្គង់​លំនៅឋានមុន​វិបត្តិកូវីដ១៩​ បានបន្សល់ទុកបញ្ហា​ទីផ្សារមក​ដល់ពេលបច្ចុប្បន្ន​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជំនន់​នៃកា​រផ្គត់ផ្គង់​លំនៅឋានមុន​វិបត្តិកូវីដ១៩​ បានបន្សល់ទុកបញ្ហា​ទីផ្សារមក​ដល់ពេលបច្ចុប្បន្ន​

ជំនន់​នៃកា​រផ្គត់ផ្គង់​លំនៅឋានមុន​វិបត្តិកូវីដ១៩​ បានបន្សល់ទុកបញ្ហា​ទីផ្សារមក​ដល់ពេលបច្ចុប្បន្ន​

ភ្នំពេញ ៖ មុន​វិបត្តិ​កូវីដ១៩ អ្នកអភិវឌ្ឍន៍​សំណង់ និងអចលនទ្រព្យ​ ជាពិសេស ​លំនៅឋាន​ បាន​នាំគ្នា​សម្រុក​សាងសង់​​ និងអភិវឌ្ឍ ដែលធ្វើឱ្យវិស័យ​នេះ​មានកំណើនកើនឡើងយ៉ាង​ខ្ពស់ដល់ចំណុច​កំពូល ហើយនៅពេលវិបត្តិ​កូវីដ១៩​ចូលមកដល់បានធ្វើទីផ្សារ​មួយនេះ ជាប់គាំង និង​បន្តជួបបញ្ហា​រហូតមកដល់​បច្ចុប្បន្ន​នេះ ។​

Advertisement

យោងតាមការ​វិភាគលើ​ស្ថានការណ៍​នៃការអភិវឌ្ឍ​លំនៅឋាននៅកម្ពុជា ក្នុង​​គោល​នយោបាយ​អភិវឌ្ឍន៍​លំនៅឋាន​សង្គម​ និង​លំនៅឋានតម្លៃសមរម្យ​របស់រាជរដ្ឋាភិបាលកម្ពុជា​បាន​សរសេរ​ឱ្យដឹងថា មុនវិបត្តិ​កូវីដ​១៩ វិស័យសំណង់ និងអចលនទ្រព្យ ជាពិសេស​សំណង់​លំនៅឋាន រួមមាន​អគារ​ស្នាក់នៅ ( ខុនដូ និងអាផាតមិន​) និងលំនៅឋានធម្មតា មានសន្ទុះកើនឡើង​គួរឱ្យកត់សម្គាល់ ។

តាមរយៈទិន្នន័យ​របស់ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម ​និងសំណង់ បានបង្ហាញថា ចំនួន​គម្រោង​សំណង់​ដែល​ទទួលបានការអនុម័ត​បានកើនឡើង​៤០% ក្នុង​ចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ស្របពេល​ដែលទុនវិនិយោគ​លើ​គម្រោងទាំង​នេះ​កើនឡើងរហូតដល់ ៦៨% ពីប្រមាណ ៦,៨ពាន់លានដុល្លារ​ក្នុងឆ្នាំ២០១៧ ដល់ ​១១,៤ពាន់លានដុល្លារអាម៉េរិកក្នុង​ឆ្នាំ ២០១៩ ដែល​ក្នុងនោះមានប្រមាណជាង​៨០%នៃគម្រោងទាំងអស់ ជា​គម្រោង​លំនៅឋាន ។​

ក្នុងរបាយការណ៍ដដែលនេះបានបង្ហាញថា កំណើននៃការ​វិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យនេះ មានកត្តា​សំខាន់ៗចំនួន ២ ក្នុងនោះ មួយដោយសារ​តែកំណើនលើសពីការរំពឹងទុក​នៃសកម្មភាព​សេដ្ឋកិច្ច និង​តម្រូវ​ការ​ក្នុងស្រុក ជាពិសេស​ក្នុងវិស័យលំនៅឋាន​ និង​មួយទៀត ដោយសារតែសកម្មភាពបរិកប្បកម្ម​ក្នុងវិស័យសំណង់ និងអចលនទ្រព្យផ្ទាល់ ។

ក្នុង​របាយការណ៍បានបង្ហាញ​ផងដែរថា ក្រោយវិបត្តិជំងឺកូវីដ​១៩ បរិមាណគម្រោង ​និងទំហំទុនវិនិយោគ​ក្នុង​វិស័យសំណង់ បានធ្លាក់ចុះយ៉ាង​គំហុក ក្នុងអត្រា​​ ៥៤% និង​៥៦% រៀង​គ្នា ក្នុង​ចន្លោះឆ្នាំ២០២០ ដល់​ឆ្នាំ២០២៤ ស្របពេលដែលគម្រោង​មួយចំនួន​ដែលកំពុងសាងសង់​បានជាប់គាំង ហើយប្រតិបត្តិ​ការទិញ-លក់​ ទាំង​លំនៅឋាន​ប្រភេទខុនដូ និង​បុរី មានអត្រា​ថមថយ​ដោយសារតែភាពមិនប្រាកដ​ប្រជានៃសេដ្ឋកិច្ច​សកល រួមទាំងការធ្លាក់​ចុះ​នៃតម្រូវការ​ក្នុងស្រុក។

បើតាម​អ្នកជំនាញនៃវិស័យ​អចលនទ្រព្យ​បាន​មើលឃើញ​ថា ទីផ្សារ​លំនៅឋាន​ នៅតែមានតម្រូវការពីសំណាក់​ប្រជាពលរដ្ឋ​​ ជាពិសេស​ ពលរដ្ឋ​ដែល​ផ្លាស់ទីពីបណ្ដាខេត្ត​ចូលមក​ភ្នំពេញ​ដូចជា​ក្រុមអាជីវករ និងសិស្ស​និស្សិត​ដែលត្រូវឡើងមក​រៀនបន្តនៅភ្នំពេញ ។​ ប៉ុន្តែប្រភេទលំនៅឋានដែលមានតម្រូវការ​ជា​ប្រភេទលំនៅឋានតម្លៃសមរម្យ​ និងមធ្យម ដូច្នេះ អ្នកអភិវឌ្ឍន៍គួរងាកមកអភិវឌ្ឍន៍លំនៅឋាន​ដែលមានទីផ្សារ​ជាក់ស្ដែង ។

អ្នកស្រី អាន សុធីតា នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ PropNex Cambodia បានលើកឡើងថា ក្នុងឆ្នាំ២០២៦​នេះ អចលនទ្រព្យដែលមានតម្លៃ​សមរម្យ​នៅតែមានតម្រូវការ​ពី អតិថិជន​ជាប្រជាពលរដ្ឋ​ដែល​ស្វែងរកសម្រាប់ប្រើប្រាស់ជាក់ស្ដែង។ ដូច្នេះ បើអ្នកអភិវឌ្ឍន៍ផ្ដោតលើ​លំនៅឋានប្រភេទតម្លៃសមរម្យ​ និង​លំនៅឋាន​តម្លៃមធ្យមនៅតែអាច​លក់ដាច់ និងមានទីផ្សារ​ដដែល ។​

គួររម្លឹកថា​ ដោយមើលឃើញថា ពលរដ្ឋដែលមានប្រាក់ចំណូល​ទាប​ និង​មធ្យម​ ជាច្រើន​កំពុងស្វែងរក​លំនៅឋាន​សម្រាប់ស្នាក់នៅ រាជរដ្ឋាភិបាល​បានដាក់ចេញនូវគោល​នយោបាយ​អភិវឌ្ឍន៍​លំនៅឋាន​សង្គម និង​លំនៅឋាន​តម្លៃសមរម្យ ហើយលើកទឹកចិត្តដល់​អ្នកអភិវឌ្ឍន៍​លំនៅឋាន​នៅកម្ពុជា​ងាកមកអភិវឌ្ឍ​លំនៅឋានតម្លៃសមរម្យសម្រាប់ផ្គត់ផ្គង់ជូន​ពលរដ្ឋ​វិញ ដោយរដ្ឋបានលើកទឹកចិត្តផ្នែកពន្ធ​មួយចំនួន​​ដែលជា​ឱកាស​ល្អសម្រាប់វិនិយោគិនក្នុងវិស័យនេះ​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា