​រដ្ឋាភិបាល​អនុញ្ញាតឱ្យកែប្រែអតីតព្រលានយន្តហោះ​ភ្នំពេញ​ទៅជា​សួនលំហែ ខណៈក្នុងមួយឆ្នាំរដ្ឋចំណាយថវិកា​ជាង​ ៤លានដុល្លារ​អាម៉េរិកលើការថែទាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
​រដ្ឋាភិបាល​អនុញ្ញាតឱ្យកែប្រែអតីតព្រលានយន្តហោះ​ភ្នំពេញ​ទៅជា​សួនលំហែ ខណៈក្នុងមួយឆ្នាំរដ្ឋចំណាយថវិកា​ជាង​ ៤លានដុល្លារ​អាម៉េរិកលើការថែទាំ

​រដ្ឋាភិបាល​អនុញ្ញាតឱ្យកែប្រែអតីតព្រលានយន្តហោះ​ភ្នំពេញ​ទៅជា​សួនលំហែ ខណៈក្នុងមួយឆ្នាំរដ្ឋចំណាយថវិកា​ជាង​ ៤លានដុល្លារ​អាម៉េរិកលើការថែទាំ

ភ្នំពេញ ៖ នៅទីបំផុត​ ប្រមុខរាជរដ្ឋាភិបាល​បាន​ប្រកាស​អនុញ្ញាតឱ្យ​អាជ្ញា​ធរ​រាជធានីភ្នំពេញ រៀបចំ​ទីតាំង​អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ ជា​សួន​ច្បារ​សម្រាប់ពលរដ្ឋ​លំហែ​ ខណៈអស់រយៈពេលជាង​១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានចំណាយថវិកា​ប្រមាណជាង​៤លានដុល្លារអាម៉េរិកលើ​ការថែទាំ ។

យោងតាមប្រសាសន៍សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធបើក​ឱ្យប្រើប្រាស់​មន្ទីរពេទ្យហ្លួង​ម៉ែ កាលពីព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា អតីតព្រលានយន្តអន្តរជាតិ​-ភ្នំពេញ អនុញ្ញាតឱ្យ​រដ្ឋបាល​រាជធានីភ្នំពេញ បង្កើត​សកម្មភាពផ្សេងៗនៅទីនោះ ដើម្បីអាចរកចំណូល​មកផ្គត់ផ្គង់ការ​ចំណាយលើការថែទាំទីតាំង ពីព្រោះក្នុងមួយឆ្នាំ រដ្ឋបានចំណាយប្រមាណ៤លានដុល្លារអាម៉េរិក​លើការថែទាំអគារ និងទីលានផ្សេងៗ​។

សម្ដេច​មានប្រសាសន៍បញ្ជាក់ថា ​ទីតាំង​នេះ អាច​អនុញ្ញាតឱ្យ​រៀបចំ និងប្រើប្រាស់​ជា​កន្លែង​កម្សាន្ត តាំង​ពិព័រណ៍​ផ្សេងៗ ក៏ដូចជា​ជួលឱ្យ​ក្រុមហ៊ុនឯកជនក្នុងរយៈពេល​ខ្លី ប៉ុន្តែ​​ហាម​មិនឱ្យលក់ទីតាំងនោះជាដាច់ខាត ។

សម្ដេចក៏បន្តថា ក្រៅពី​អតីត​ព្រលានយន្តហោះអន្តរជាតិ​-ភ្នំពេញ ដែលនឹង​ត្រូវ​រៀបចំជាទីតាំង​សួរ​ច្បារ​សម្រាប់ពលរដ្ឋ​លំហែហើយនោះ នៅតំបន់បឹកតាមោក​ ក៏ត្រូវ​រៀបចំជាសួនមួយកន្លែងទៀត​សម្រាប់ពលរដ្ឋលំហែផងដែរ ដោយបច្ចុប្បន្ន​នេះ ទីតាំងបឹងតាមោក បានចាក់បំពេញ​ដី​អស់ជាច្រើនលានម៉ែត្រគូបហើយ និងកំពុង​ដាំដើម​ឈើ​ដើម្បីត្រៀម​រៀបចំជាសួន ប៉ុន្តែជា​អាទិភាព​សម្ដេចបាន​ឱ្យរៀបចំទីតាំងអតីតព្រលានយន្តហោះភ្នំពេញជាមុន បន្ទាប់មកនឹង​រៀបចំនៅតំបន់​បឹងតាមោក ។​

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​បានលើកឡើង​ថា​ ទីតាំងអតីត​ព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ គួរតែរៀបចំ​ជាអ្វីមួយដែល​ធ្វើឱ្យតំបន់ជុំវិញនៅមានសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម ។ កាលពីមុន តំបន់ជុំវិញព្រលានយន្តហោះ ជាពិសេស​នៅតាមបណ្ដោយផ្លូវ​សហព័ន្ធរុស្ស៊ី​ ជា​តំបន់ដែលមានសកម្មភាពមមាញឹក​លើការធ្វើពាណិជ្ជកម្ម ប៉ុន្តែក្រោយពេល​ព្រលានយន្តហោះនេះបិទទ្វារ​បានធ្វើឱ្យ​សកម្មភាពពាណិជ្ជកម្មនៅតំបន់នោះថមថយជាខ្លាំង និងបង្កើនសកម្មភាពពាណិជ្ជកម្មនៅបណ្តោយមងាវិថី ៦០ម៉ែត្រវិញ។​

លោក ប៉ូ អ៊ាវគង់ ​បានមានប្រសាសន៍ថា​ ការរៀបចំទីតាំង​អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ​ឱ្យមានសកម្មភាពឡើង​វិញ​ នឹង​រក្សា​បាននូវ​សកម្មភាពពាណិជ្ជកម្ម​នៅតំបន់​ជុំវិញ ហើយនឹង​អាច​ធ្វើឱ្យ​ពលរដ្ឋនៅក្រុង​ភ្នំពេញ ជាពិសេស​ពលរដ្ឋ​រស់នៅជុំវិញទីតាំង​អតីតព្រលានយន្តហោះភ្នំពេញ មានកន្លែង​លំហែ​ពេលសម្រាក​ពីការងារផងដែរ ។ ​អ្វីដែលពិសេស​ នៅពេលដែល​តំបន់​អតីត​ព្រលានយន្តហោះភ្នំពេញ​ ត្រូវ​បានរៀបចំឱ្យមានសកម្មភាព​ឡើងវិញ​ វានឹងជួយរក្សាតម្លៃដីនៅជុំវិញនោះស្ថិតនៅកម្រិត​ប្រសើរ ។​

អ្នកស្រី អាន សុធីតា នាយិកាប្រតិបត្តិក្រុមហ៊ុន​អចលនទ្រព្យ​ PropNex Cambodia បានលើកឡើងផងដែរថា ថ្វីត្បិតតែ​ព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ ត្រូវបានបិទទ្វារ​មិនដំណើរការ​ទៀតក៏ដោយ ក៏​តំបន់​នេះមិនស្ងាត់ដែរ ។ ជាក់ស្ដែង ​តាមបណ្ដោយផ្លូវ​សហព័ន្ធរុស្ស៊ី មុខព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នៅតែមានពលរដ្ឋ​ធ្វើដំណើរការឆ្លងកាត់ជាហូរហែ ។ បើសិនជា​តំបន់មានការ​រៀបចំឱ្យមានសកម្មភាពទាក់ទាញអ្វីមួយនោះ​ នឹង​ធ្វើឱ្យ​សកម្មភាពពាណិជ្ជកម្មជុំវិញនោះ​កាន់តែកក្រើកឡើងវិញ ។

គួរ​បញ្ជាក់ថា បើតាមរបាយការណ៍របស់​សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា តម្លៃដីនៅតំបន់ជុំវិញអតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ ស្ថិតនៅចន្លោះពី ៨៧០ដុល្លារ ដល់ ១​ ៨៣០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រ​ការ៉េ​ សម្រាប់ទីតាំងដីដែលស្ថិតនៅតាមបណ្ដោយផ្លូវ​ធំៗ ហើយសម្រាប់ទីតាំងដែលស្ថិតនៅ​ជាប់​ផ្លូវ​តូច​ៗ មានតម្លៃចន្លោះពី ១៧០ដុល្លារ​ ដល់ ៩៦០ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ ៕​

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា