រដ្ឋាភិបាល សម្រេច​លើកលែង និងអនុគ្រោះពន្ធក្នុងវិស័យអចលនទ្រព្យ​ទៅតាមលក្ខខណ្ឌ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋាភិបាល សម្រេច​លើកលែង និងអនុគ្រោះពន្ធក្នុងវិស័យអចលនទ្រព្យ​ទៅតាមលក្ខខណ្ឌ

រដ្ឋាភិបាល សម្រេច​លើកលែង និងអនុគ្រោះពន្ធក្នុងវិស័យអចលនទ្រព្យ​ទៅតាមលក្ខខណ្ឌ

ភ្នំពេញ ៖ ក្នុងស្ថានភាពនៃវិស័យអចលនទ្រព្យនៅកម្ពុជា មិនទាន់មាន​ភាពប្រសើរឡើង និង​ដើម្បី​សម្រួល​បន្ទុកដល់​ប្រជាពលរដ្ឋ​ ក៏ដូចជា​ការ​សម្រួលដល់ការធ្វើបណ្ណកម្មសិទ្ធិ​ រាជរដ្ឋាភិបាល​បានសម្រេច​លើកលែង និងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់​កាប់អចលនទ្រព្យទៅតាមលក្ខខណ្ឌ​មួយចំនួន​។ ​នេះបើតាម​សេចក្ដីជូនដំណឹងរបស់​ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ​នៅថ្ងៃទី ០៤ ខេសីហា ឆ្នាំ២០២៦ ។​

Advertisement

យោងតាមសេចក្ដីជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានបង្ហាញពីវិធានការ​របស់រាជរដ្ឋាភិបាល​ តាមរយៈការ​លើកលែង និងអនុគ្រោះផ្នែកពន្ធដារ ដោយក្នុងនោះរួមមាន ផ្ដល់ការអនុគ្រោះព្យួរការ​អនុវត្ត​ពន្ធបន្ថែម​ចំពោះកា​រយឺត​យ៉ាវ​ក្នុងការ​បង់ពន្ធប្រថាប់ត្រា ដែលត្រូវទទួល​រង​ពិន័យ​ស្មើនឹង​១០០% នៃប្រាក់ពន្ធដែលត្រូវ​បង់ ចំពោះដីកាអម ឬដីកាបញ្ជូន​ហួស​រយៈពេល​៣ខែនៃកាល​ប​រិ​ច្ឆេទ​ដែលចេញពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត​រហូតដល់ដំណាច់ឆ្នាំ២០២៧ ។​

ក្នុងសេចក្ដីជូនដំណឹងដដែលនេះ រាជរដ្ឋាភិបាលក៏បានអនុញ្ញាតពន្យារសុពលភាពនៃសេចក្ដី​ដំណឹង​លេខ​ ៣៦៧ សជណ ចុះថ្ងៃទី​០២ ខែឧសភា ២០១៧ របស់ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដោយអនុញ្ញាតឱ្យ​បង់ពន្ធប្រថាប់​ត្រាតែមួយដង​លើក​ចុងក្រោយ ចំពោះករណីអចលនទ្រព្យ​ដែលមានសាវតា​រផ្ទេរ​សិទ្ធិ​កាន់​កាប់បន្ត​ដៃគ្នា​ច្រើន​ដង ត្រឹមដំណាចខែកក្កដា ឆ្នាំ ២០២៦ ។ រដ្ឋាភិបាល​ក៏បានអនុញ្ញាតឱ្យ​បង់ពន្ធប្រថាប់ត្រា និងពន្ធលើអចលនទ្រព្យ​លើ​សំណង់​ចុងក្រោយ ដោយគ្រាន់​តែមានលិខិត​អនុញ្ញាតសាងសង់​​ដោយអាជ្ញាធរ​មានសមត្ថកិច្ច​ពាក់ព័ន្ធលើកាល​បរិច្ឆេទ​សាងសង់ ។ លើកលែងពន្ធប្រថាប់ត្រា​លើការផ្ទេរ​កម្មសិទ្ធិ​ ឬសិទ្ធិកាន់​កាប់​អចលនទ្រព្យ​ដែលម្ចាស់​កម្មសិទ្ធិ​ជាយោធិន និង​នគរ​បាល​ជាតិ ដែលចូលរួមក្នុង​សមរភូមិ​ជួរមុខ ដោយមានការ​បញ្ជាក់អត្ត​សញ្ញាណ និងតួនាទីភារកិច្ច​ពីអង្គភាពសាមី ។

ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ក៏បាន​អំពាវនាវ​ឱ្យប្រជាពលរដ្ឋ​ទាំងអស់ដែលជា​ម្ចាស់អចលនទ្រព្យ មានឯកសារ​កំពុងដំណើរកា​រនៅមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម សំណង់ និងសុរិយោដី​រាជធានី-ខេត្ត​ ឬនៅរដ្ឋបាល​សារពើពន្ធ សូមមេត្តារួសរាន់ទៅបំពេញបែបបទ និងនីតិវិធីនៃការ​ចុះបញ្ជីដីធ្លី​ និ​ងបង់ពន្ធប្រថាប់ត្រា​លើការផ្ទេរ​សកម្មសិទ្ធិ​ ឬសិទ្ធិកាន់​កាប់​អចលនទ្រព្យ ឬពន្ធលើ​អចលនទ្រព្យ​ដើម្បីអាច​ទទួលបានបណ្ណកម្មសិទ្ធិ​បានឆាប់រហ័ស ។

លោក​ វ៉ា វណ្ណា​ អគ្គនាយ​ក​ក្រុមហ៊ុនអចលនទ្រព្យ​ Propertydia បានប្រាប់បណ្ដាញ​ព័ត៌មាន AMS ឱ្យដឹងថា យោងតាមលិខិត​របស់ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ បានបង្ហាញថា ការ​បង់ពន្ធប្រថាប់ត្រា​ និង​ពន្ធ​មួយចំនួន​ដែលចែង​នៅក្នុងលិខិត​ គឺនៅតែបន្ត​បង់ ពោល គឺលើកលែងក្នុងករណីតិចតួចប៉ុណ្ណោះ ។​

លោកបន្តថា ៖

«អ្វីដែលសំខាន់នៅក្នុងលិខិត​នេះ គឺ​លើកលែង​ពន្ធប្រថាប់ត្រា​លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់​កាប់អចលនទ្រព្យ​តែ​ចំពោះយោធិន ឬនគ​របាល​ជាតិ​ ដែលចូលរួមក្នុង​សមរភូមិ​ជួរមុខ​ប៉ុណ្ណោះ ដោយឡែក សម្រាប់​ប្រជាពលរដ្ឋ​ទូទៅផ្សេងទៀត ត្រូវ​បំពេញ​កាតព្វកិច្ច​ដដែល»។

លោក​បានបញ្ជាក់ឱ្យដឹងទៀតថា ការអនុគ្រោះរបស់រាជរដ្ឋាភិបាលដែលបានចែង​ក្នុង​សេចក្ដីជូនដំណឹងរបស់​ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ គឺដើម្បីពន្លឿន​ដល់ពលរដ្ឋ​ដែល​នៅជាប់ឯកសារនៅមន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី អាច​ទៅដក​ឯកសារ​របស់ខ្លួន​ ហើយយកទៅបង់ពន្ធ​នៅអគ្គនាយកដ្ឋានពន្ធដារ និងត្រូវ​បានលើកលែង​មិនមានកា​រផាកពិន័យ​នោះទេ » ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា