វិធានការស្រោចស្រង់របស់រាជរដ្ឋាភិបាល​ បាន​ជួយ​ជំរុញឱ្យវិស័យ​អចលនទ្រព្យនៅតែបន្ត​មានសកម្មភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិធានការស្រោចស្រង់របស់រាជរដ្ឋាភិបាល​ បាន​ជួយ​ជំរុញឱ្យវិស័យ​អចលនទ្រព្យនៅតែបន្ត​មានសកម្មភាព

វិធានការស្រោចស្រង់របស់រាជរដ្ឋាភិបាល​ បាន​ជួយ​ជំរុញឱ្យវិស័យ​អចលនទ្រព្យនៅតែបន្ត​មានសកម្មភាព

ភ្នំពេញ ៖ ចាប់តាំងពីកើតមានវិបត្តិ​ជំងឺកូវីដ​-១៩ និង​បញ្ហា​សេដ្ឋកិច្ចស​ក​លមិនប្រាកដប្រជា បានធ្វើឱ្យវិស័យ​អចលនទ្រព្យនៅកម្ពុជា​មានការធ្លាក់ចុះ ទាំងការវិនិយោគ ការអភិវឌ្ឍ និងតម្រូវការទីផ្សារ ខណៈដែលរាជរដ្ឋាភិបាលបានព្យាយាមជួយស្រោចស្រងតាមរយៈដាក់ចេញនូវវិធានការ​ជា​បន្ត​បន្ទាប់ ដើម្បីជំរុញឱ្យវិស័យនេះនៅតែអាច​មានសកម្មភាព ​និងចរន្ត​ទិញ-លក់​ ។

Advertisement

លោក ប៉ូ អ៊ាវគង់ អគ្គ​នាយក​ក្រុមហ៊ុនអចលនទ្រព្យ Advance បានលើកឡើងថា ក្នុងស្ថានភាពដែលវិស័យអចលនទ្រព្យ​ជួបនឹង​បញ្ហាប្រឈម ក៏ដូចជាការធ្លាក់​ចុះនៃតម្រូវការ​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ​ រាជរដ្ឋាភិបាល​បាន​ព្យាយាម​ជួយសម្រួល​បានច្រើនតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រផ្សេងៗដូចជា ​ការ​លើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រាលើការទិញ-លក់អចលនទ្រព្យក្រោមតម្លៃ៧ម៉ឺនដុល្លារ ការជួយសម្រួលលើករណីវិវាទរវាងអ្នកទិញជាមួយក្រុមហ៊ុនអភិវឌ្ឍន៍, លើកលែងការផាកពិន័យសម្រាប់អ្នកបង់ពន្ធយឺតយ៉ាវ ជាពិសេស ដាក់ឱ្យអនុវត្តគោលការណ៍ពិសេសដើម្បីជំរុញ និងលើកទឹកចិត្តដល់អ្នកវិនិយោគលើគម្រោងដែលជាប់គាំងនៅខេត្តព្រះសីហនុជាដើម។

លោក​បញ្ជាក់ថា ៖

«តាមរយៈការ​ដាក់ចេញវិធានការ​ជា​បន្ត​បន្ទាប់​នេះ មិនត្រឹមតែជំរុញឱ្យមានការដោះដូរ ទិញ-លក់ និងសម្រួលបន្ទុក​ពលរដ្ឋ​ជា​ម្ចាស់កម្មសិទ្ធិ​ប៉ុណ្ណោះទេ តែថែមទាំងអាច​ទាក់​ទាញ​បានវិនិយោគិន​ក្នុង និងក្រៅប្រទេស​ចូលមកវិនិយោគ​លើ​វិស័យអចលនទ្រព្យ​នៅកម្ពុជា​ផងដែរ ជាពិសេស​នៅតំបន់ដែល​មានការលើកទឹកចិត្ត​ពិសេស» ។

បើតាម​ឯកឧត្តម ​អ៊ឹម សុខធី ប្រធានលេខាធិការ​ដ្ឋាន​នៃក្រុមការងារជំរុញការ​វិនិយោគខេត្តព្រះសីហនុបានឱ្យដឹងថា ​តាមរយៈកម្មវិធីជំរុញការ​វិនិយោគខេត្តព្រះសីហនុរបស់​រាជរដ្ឋាភិបាល បានទាក់ទាញអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យជា​បន្ត​បន្ទាប់ ដោយក្នុងនោះក៏មានគម្រោងវិនិយោគថ្មី និងការចូលវិនិយោគបន្តលើគម្រោងដែលជាប់គាំងកន្លងមកឱ្យមាន​ដំណើរការ​ឡើងវិញ។​ ជាក់ស្ដែង ​ក្នុងរយៈពេល​ជាង​២ឆ្នាំកន្លងមកនេះ តាមរយៈវិធានការ​របស់រាជរដ្ឋាភិបាល មានគម្រោងជិត ៥០០ គម្រោង ត្រូវ​បាន​លើកទឹកចិត្តពិសេស រាប់ទាំងវិស័យអចលនទ្រព្យ និងការវិនិយោគលើវិស័យទេសចរណ៍ ដែលមានចំនួនច្រើនជាងគេ ។​

ឯកឧត្តម​បានបន្តថា ៖

«វិធានការ​របស់រាជរដ្ឋាភិបាល​សម្រាប់លើកទឹកចិត្តពិសេស​នេះ មិនត្រឹមតែ​ទាក់ទាញ​បានគម្រោង​វិនិយោគថ្មី និងធ្វើឱ្យគម្រោងដែលជាប់គាំងមានដំណើរការ​ឡើងវិញប៉ុណ្ណោះទេ​ តែថែមទាំង​បានបង្កើតឱកាស​ការងារ​ដល់ប្រជាពលរដ្ឋ​បានច្រើនកន្លែងផងដែរ​។ តួយ៉ាង​គម្រោង​ដែល​រដ្ឋាភិបាលបានសម្រេច​លើកទឹកចិត្តពិសេសទាំង​ ៥០០គម្រោង​នោះ ត្រូវ​បានប៉ាន់​ស្មានថា​ អាច​បង្កើតការងារ​បានរហូតដល់​ជាង​ ១១ ០០០​នាក់​ ដែលផ្ដល់​ចំណូលដល់ពលរដ្ឋ​សម្រាប់ផ្គត់ផ្គង់ជីវភាពបានប្រសើរ​ផងដែរ»។

គួរ​បញ្ជាក់ថា បន្ទាប់ពីអនុវត្តបានជោគជ័យលើ​កម្មវិធីជំរុញការ​វិនិយោគខេត្តព្រះសីហនុ រាជរដ្ឋាភិបាលក៏បានសម្រេច​ដាក់ចេញនូវកម្មវិធីជំរុញការវិនិយោគនៅភូមិ​ភាគឦសាន​បន្តទៀត ដោយផ្ដោតលើខេត្តចំនួន​៤ រួមមានខេត្ត​ក្រចេះ ស្ទឹងត្រែង ខេត្ត​មណ្ឌលគិរី និង​ខេត្តរតនគិរី​ ។ តាមរយៈកម្មវិធីលើកទឹកចិត្តពិសេសរបស់រាជរដ្ឋាភិបាលទាំង២តំបន់នេះ បច្ចុប្បន្ន បាន និងកំពុងបន្តភាពទាក់ទាញ​គម្រោងវិនិយោគ​ថ្មីៗជាច្រើន​ទៅកាន់​តំបន់ទាំង​នោះ ទាំងវិស័យកសិកម្ម,​ កសិ-ឧស្សាហកម្មក, វិស័យទេសចរណ៍ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេស​ ដែលជំរុញឱ្យមានតម្រូវការប្រើប្រាស់ដី និងជាផ្នែកមួយជួយលើកកម្ពស់វិស័យអចលនទ្រព្យផងដែរ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា