ទីផ្សារ​លំនៅឋានតម្លៃមធ្យមនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនៅតែមានតម្រូវការ​ពីពលរដ្ឋ​ដែលត្រូវការ​ពិត​ប្រាកដ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីផ្សារ​លំនៅឋានតម្លៃមធ្យមនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនៅតែមានតម្រូវការ​ពីពលរដ្ឋ​ដែលត្រូវការ​ពិត​ប្រាកដ​

ទីផ្សារ​លំនៅឋានតម្លៃមធ្យមនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនៅតែមានតម្រូវការ​ពីពលរដ្ឋ​ដែលត្រូវការ​ពិត​ប្រាកដ​

ភ្នំពេញ ៖ ទីផ្សារ​លំនៅឋាន​នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ នៅតែមានតម្រូវការ​ពីប្រជាពលរដ្ឋ ខណៈអ្នកអភិវឌ្ឍន៍នៅតែបន្ត​សាងសង់​ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការជាក់ស្តែង ជាពិសេស​ក្នុងពេល​ហេដ្ឋារចនាសម្ព័ន្ធធំៗនៅតំបន់​មួយនេះ បានលេច​វត្តមានជា​បន្ត​បន្ទាប់​ក្រោមការវិនិយោគពីសំណាក់រាជរដ្ឋាភិបាល និងមួយចំណែកទៀតបានពីវិស័យឯកជន ។​

Advertisement

អ្នកជំនាញ​វិស័យអចលនទ្រព្យ​កម្ពុជាជាច្រើន​​បាន​បញ្ជាក់ថា មែនទែនទៅតំបន់​ប៉ែកខាងត្បូងរាជធានីភ្នំពេញ បានទាក់ទាញ​ ​និង​មានសក្ដានុពល​ខ្ពស់​តាំងពីប៉ុន្មាន​ឆ្នាំមុនមក​ម្ល៉េះ ដោយមានការ​ចាប់អា​រម្មណ៍​​តាំងពី​មានគម្រោងកកើតឡើងនូវផ្លូវ​៦០ម៉ែត្រ ផ្សារទំនើបអ៊ីអន​មានជ័យ និងគម្រោង​ព្រលានយន្តហោះអន្តរជាតិ​តេជោ​ ដោ​យ​អ្នកអភិវឌ្ឍន៍​លំនៅឋានបានស្វែងរកទីតាំងដើម្បីអភិវឌ្ឍន៍​ ហើយអ្នកទិញផ្ទះក៏ស្វែង​រកលំនៅឋានសម្រាប់ការរស់នៅរបស់ខ្លួន ។​

អ្នកស្រី ឆឹង សុធារ៉ា នាយិការងផ្នែក​លក់​​នៃក្រុមហ៊ុនអចលនទ្រព្យ Cityscape Assets & Real Estate បានថ្លែងប្រាប់បណ្ដាញព័ត៌មាន​ AMS ឱ្យដឹងថា ក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ​នេះ តំបន់​នៅប៉ែក​ខាងត្បូងរាជធានីភ្នំពេញ កាន់តែមានសក្ដានុពល និងទាក់ទាញ បន្ទាប់ពីរាជរដ្ឋាភិបាល​បានបណ្ដាក់ទុនវិនិយោគលើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា លើកកម្ពស់កម្រិតគុណភាព​ផ្លូវជាតិលេខ​២, ផ្លូវ​ក្រវាត់ក្រុងទី៣ ការស្ដារ និងលើកកម្ពស់កម្រិតព្រែករំដោះទឹក​ ក៏ដូចជាការសាងសង់កំណាត់ផ្លូវក្នុងតំបន់ដែលពាក់ព័ន្ធ គួបផ្សំជាមួយការ​បណ្ដាក់ទុនលើ​គម្រោង​វិនិយោគនានា​របស់វិស័យឯកជន ទាំង​ក្នុង និងក្រៅប្រទេស​ ដូចជា​ មជ្ឈមមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប សាលារៀនអន្តរជាតិ រួមទាំងមន្ទីរពេទ្យផងដែរ។

អ្នកស្រីបន្តថា​ ទោះបីជា​តំបន់​នេះ មានសក្ដានុពលទាក់ទាញខ្លាំង​ប៉ុនណា​ក៏ដោយ អ្នកអភិវឌ្ឍន៍ដែល​ខ្វះទុន​ ឬអ្នកអភិវឌ្ឍន៍​ដែល​មានហិរញ្ញវត្ថុ​ទន់​ខ្សោយហាក់បន្ថយ​ដៃ ដោយ​ជំនួសមកវិញនូវអ្នកអភិវឌ្ឍន៍ធំៗដែលមានហិរញ្ញវត្ថុរឹងមាំ ជាក់ស្ដែង​ដូចជា​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន OCIC , ក្រុមហ៊ុន​ ជីបម៉ុង និងក្រុមហ៊ុន ប៉េង ហួត​ ជាដើម ។

អ្នកស្រីនិយាយថា​ ៖

« បច្ចុប្បន្ននេះ យើង​ឃើញគម្រោងអភិវឌ្ឍន៍លំនៅឋានរបស់​ក្រុមហ៊ុន OCIC គម្រោង​លំនៅឋាន​របស់ក្រុមហ៊ុន ជីប ម៉ុង បាន និងកំពុង​សម្រុក​សាងសង់​ និងផ្គត់ផ្គង់​ដល់ទីផ្សារ។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុនអភិវឌ្ឍន៍​លំនៅឋានទាំង​នេះ ក៏បានជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដែលធ្វើឱ្យតំបន់នោះកាន់តែ​រីកចម្រើន ​និងមានភាពទាក់ទាញ​កាន់តែខ្លាំង » ។

អ្នកស្រីបន្ថែមថា សម្រាប់អ្នកស្វែងរកទិញលំនៅឋាន​ក្នុងពេលបច្ចុប្បន្ន​នេះ មិនថា​តែតំបន់មួយណានោះទេ គឺអ្នកទិញជាអ្នករកផ្ទះរស់នៅពិត​ប្រាកដ ខុសពី​ការទិញលំនៅឋានក្នុង​រយៈពេលប៉ុន្មានឆ្នាំមុនដែលទិញ​សម្រាប់ទុកលក់បន្តយកចំណេញ ឬទុក​ជួលឱ្យជនបរទេស ប៉ុន្តែ​ពេលស្ថានភាព​សេដ្ឋកិច្ច​ជួបបញ្ហា​អ្នកទិញផ្ទះ​ដើម្បីវិនិយោគទាំង​នោះបាន​បន្ថយ​ដៃ នៅសល់តែអ្នកដែលស្វែងរកផ្ទះរស់នៅពិត​ប្រាកដប៉ុណ្ណោះ។

អ្នក​ស្រី អាន សុធីតា នាយិកាប្រតិបត្តិ​ក្រុមហ៊ុន PropNex Cambodia បានលើកឡើងថា​ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ តំបន់ប៉ែកខាងត្បូង​​មានការអភិវឌ្ឍ​ខ្លាំង​ ជាពិសេស​ចាប់តាំងពីមានគម្រោង​ធំៗ បានលេច​រូប​រាង​ឡើង​នៅទីនោះ ។ តម្រូវការអចលនទ្រព្យ​នៅតែមានសម្រាប់ប្រភេទអចលនទ្រព្យ​ដែលជា​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ ។

អ្នកស្រីបន្តថា​ ផ្សារទំនើបតូចធំ បានរីក​ដុះដាល​នៅតំបន់ប៉ែកខាងត្បូង ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ៗ​ក៏បានសាងសង់រួច គឺជាកត្តា​ដែលធ្វើឱ្យ​ពលរដ្ឋ​ចាប់អារម្មណ៍ទៅកាន់តំបន់ប៉ែកខាងត្បូង ដូច្នេះហើយ អ្នកអភិវឌ្ឍ​ន៍ក៏ចាប់យកឱកាស​ដើម្បីផ្គត់ផ្គង់ទៅតាម​តម្រូវការ ។

បើតាម​បណ្ដាំរបស់ បិតាស្ថាបត្យកម្ម​ខ្មែរ លោក វណ្ណ​ ម៉ូលីវណ្ណ បាន​ផ្ដាំថា ការអភិវឌ្ឍ​រាជធានីភ្នំពេញគួរតែបែរទៅទិស​ខាង​ត្បូង ព្រោះនៅទិស​ខាង​ត្បូង​ មានប្រព័ន្ធរំដោះទឹក​គ្រប់​គ្រាន់ ខណៈរាជរដ្ឋាភិបាលក៏ទើបតែសាងសង់​ប្រព័ន្ធរំដោះទឹកថ្មីៗបន្ថែម ដែលនឹងធ្វើឱ្យតំបន់​ប៉ែកខាង​ត្បូង​ក្រុងភ្នំពេញ​ទាក់ចិត្ត​អ្នកវិនិយោគ និងពលរដ្ឋ​ខ្មែរ​កាន់តែខ្លាំង ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា