ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងបន្តយកចិត្តដាក់ប្រឹងប្រែងក្នុងការដោះស្រាយវិវាទ និងបញ្ហា ជូនដល់បងប្អូនដែលជាអតិថិជនទិញគម្រោងលំនៅឋាននៅក្នុងបុរីមួយចំនួន ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។ ជាក់ស្ដែង នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិធីជួបជុំ សំណេះសំណាល សួរសុខទុក្ខ និងចែកបណ្ណកម្មសិទ្ធិជូនដល់អតិថិជនក្នុងបុរីចំនួន ៨គម្រោង ស្មើនឹង ១ ៣១២ បណ្ណ។

នៅក្នុងពិធីដ៏មានសារសំខាន់ខាងលើនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងអំណរគុណ ដល់ពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរី ឡេង ណាវ៉ាត្រា, បុរី KP ម៉ន ដានី គម្រោងទី២៩, បុរី PR វីឡា, បុរី យន់ ប្រុសពៅ , បុរី ស៊ីម បូ, បុរី ចាវ សុជាតិ គម្រោងទី៥, ផ្ទះល្វែង ធី សុភ័ក្រ និងបុរី ជារី-តុល លន់ ទាំងអស់ ដែលបានចូលរួមសហការ ប្រកបដោយភាពអត់ធ្មត់ យោគយល់ ទុកពេលវេលាឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីរកដំណោះស្រាយ រហូតឈានដល់ការប្រគល់ជូនបណ្ណកម្មសិទ្ធិ សរុបចំនួន ១ ៣១២ បណ្ណ ជូនបងប្អូននាពេលនេះ។

ឯកឧត្តមបានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន រកថវិការៀបចំហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើងអគ្គិសនី ផ្លូវ ដើម្បីឱ្យតំបន់ដែលបងប្អូនបានទិញទាំងនេះ អាចរស់នៅជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល។ ជាមួយគ្នានេះសូមបងប្អូនចូលរួមជាមួយអជ្ញាធរមូលដ្ឋានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង កម្រិតភូមិ/ឃុំ សហការគ្នារៀបចំបង្កើតលក្ខន្តិកៈរស់នៅផ្ទៃក្នុង សម្រាប់ការថែទាំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ ភ្លើងបំភ្លឺសាធារណៈ និងការប្រមូលសំរាមឱ្យមានរបៀបរៀបរយ ដើម្បីសោភណ្ឌភាពមូលដ្ឋាន និងលំនៅឋានដែលមានផាសុកភាពទាំងអស់គ្នា៕



































