ក្រសួងរៀបចំដែនដី សម្រេច​ចុះបញ្ជីចេញប្លង់រឹងលើដី​ជូនពលរដ្ឋ​៣ គ្រួសារ​នៅ​ភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់ ​និងអាស្រ័យផល​ជិត​៥០ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងរៀបចំដែនដី សម្រេច​ចុះបញ្ជីចេញប្លង់រឹងលើដី​ជូនពលរដ្ឋ​៣ គ្រួសារ​នៅ​ភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់ ​និងអាស្រ័យផល​ជិត​៥០ឆ្នាំ

ក្រសួងរៀបចំដែនដី សម្រេច​ចុះបញ្ជីចេញប្លង់រឹងលើដី​ជូនពលរដ្ឋ​៣ គ្រួសារ​នៅ​ភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់ ​និងអាស្រ័យផល​ជិត​៥០ឆ្នាំ

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ​ដែលជា​អ្នក​កាន់​កាប់​ ប្រើប្រាស់ និងអាស្រ័យផល​លើ​ដី​ទំហំជាង​២ពាន់​ម៉ែត្រ​ការ៉េ ក្នុងភូមិ​ត្រពាំង​ថ្លឹង២ សង្កាត់ចោម​ចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាំងពីឆ្នាំ១៩៧៩ ត្រូវ​បានក្រសួង​រៀបចំដែន​ដី  នគរូបនីយកម្ម​ និងសំណង់​​ សម្រេចចុះបញ្ជី និងចេញបណ្ណ​សម្គាល់​ម្ចាស់​អចលនវត្ថុជូន​បន្ទាប់​ពីបានស្នើ​សុំ​ និងដោះស្រាយ​ចប់សព្វ​គ្រប់ ​។​

យោង​តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ នៅចុងខែតុលា ឆ្នាំ២០២៦​នេះ បានឱ្យដឹងថា កាលពីពេលកន្លងទៅនេះ ក្រសួង​បានទទួល​សំណើ​សុំ​ចុះ​បញ្ជីចេញវិញ្ញា​បនបត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដីទំហំស​រុប ២​ ០៩៤ម៉ែត្រ​ការ៉េ​ ពីពលរដ្ឋ​ចំនួន ​៣​គ្រួសារ រួមមាន​ឈ្មោះ វ៉េង សុខ ឈ្មោះឃឹម​ វណ្ណាត និងឈ្មោះ ស៊ឹម​ ពិសិដ្ឋ រស់នៅ​ភូមិ​ត្រពាំង​ថ្លឹង២ សង្កាត់ចោម​ចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមក្រសួង​បញ្ជាក់ថា ទីតាំង​ដី ដែលបានស្នើ​សុំចុះបញ្ជីនេះ ម្ចាស់សំណើទាំង ​៣​គ្រួសារ បានកាន់​កាប់ ប្រើប្រាស់ និង​អាស្រ័យ​ផលជាក់​ស្ដែង​តាំងពីឆ្នាំ ១៩៧៩ ដោយមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរមូល​ដ្ឋាន​ មានសំណង់​​លំ​នៅឋាន​​​រឹងមាំ​ និង​មាន​ផ្ទៃដីមួយផ្នែក​ជាដីទួល​​អ្នកតា « ទួល​លោក​តា​រ៉ាញ់ » ហើយកន្លងមក​​ម្ចាស់​សំណើ​តែងតែ​អនុញ្ញាត​ឱ្យប្រជាពលរដ្ឋ​ក្នុងភូមិ​​ប្រើប្រាស់​ទី​តាំង​​​ដីនេះ សម្រាប់​ជាទីកន្លែង​​ប្រារព្ធ​ពិធីបុណ្យ​ផ្សេង​ៗ ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងដែនដីបន្តថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០០៥ មន្ទីររៀប​ចំដែនដី​ នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានចុះ​វាស់វែង​ដីធ្លី​ មានលក្ខណៈជា​ប្រព័ន្ធកំណត់​ព្រំក្បាល​ដីជូនប្រជាពលរដ្ឋ​ក្នុ​ងភូមិ​សាស្ត្រ​នោះ ដើម្បីឈាន​ទៅចេញ​បណ្ណ​ក​ម្មសិទ្ធិ​ ស្រា​ប់​តែមានពាក្យបណ្ដឹង​ជំទា​ស់ពី​ប្រជាពល​រដ្ឋចំនួន​ ៧គ្រួសារ ដោយអះអាងថា ​ទីតាំង​ដីស្នើសុំ​ចុះបញ្ជីនេះ ជាដីរួម​ភូមិសម្រាប់​​ប្រារព្ធ​ពិធី​បុណ្យផ្សេងៗ និងមាន​ទួលអ្នកតាជាទីសក្ការបូជា​របស់ប្រជាពលរដ្ឋ​ក្នុងភូមិ ។

ក្រសួង​ប​ន្ថែមថា កន្លងមក​ ក្រុម​ការងារ​របស់ក្រសួង បានចុះពិនិត្យ​ទីតាំងជាក់ស្ដែង និងបានដឹកនាំកិច្ច​​ប្រជុំដោះស្រាយ​ចំនួន ៤លើក​ ដែលជា​លទ្ធផល​ ម្ចាស់សំណើទាំង​៣គ្រួសារ បានទទួលស្គាល់​ថា ទីតាំង​ដីស្នើ​សុំចុះបញ្ជីនេះ​​មានទួល​អ្នកតា​ដែលជាទី​សក្ការ​​បូជា​របស់ប្រជាពលរដ្ឋ​ក្នុងភូមិ និង​បានឯកភាព​សម្បទានដីទំហំ​សរុប​ ១៥៨ម៉ែត្រការ៉េ ដើម្បីរក្សាទុក​ជាដីទួលអ្នកតា ប្រើប្រាស់ជា​ប្រយោជន៍​រួមក្នុងភូមិ ។ យ៉ាងណាក្ដី ភាគី​​តំណាង​ប្រជា​ពលរដ្ឋ​ ៧គ្រួសារ នៅ​តែមិនព្រមទទួល​យក​ការ​​សម្រប​សម្រួលដោះ​ស្រាយ ​និ​ងនៅតែបន្តទាមទារ​​ផ្ទៃដីទាំ​ង​​មូល​​ក្នុងភូ​មិសាស្ត្រ​​នោះ​ ​សម្រាប់​ទុកប្រើប្រាស់​​ជា​ដីរួមភូមិ ក្នុង​ចេតនា​​បដិសេធ​មិន​ឱ្យម្ចា​ស់សំណើទាំង ​៣​គ្រួសារ អាចចុះប​ញ្ជីទទួ​លបាន​បណ្ណ​កម្មសិទ្ធិ​លើទីតាំងដីនោះ ទោះបីជាមានការ​សម្បទាន​ដីមួយផ្នែក​ពីសំណើ​​ទំហំ ១៥៨ម៉ែត្រការ៉េ​ ដើម្បីរក្សា​ទុកជាដីទួល​អ្នក​តាស​ម្រា​ប់​​ជាទីស​ក្ការ​​​បូជា​រប​ស់ប្រ​ជា​ព​ល​រដ្ឋ​ក្នុងភូមិ និង​មានរក្សាទុក​ផ្លូវចេញចូល​មក​កាន់​ផ្លូវសា​ធារ​​ណៈក៏ដោយ ។​

ក្រសួង​រៀបចំដែនដី បានបញ្ជាក់​បន្ថែមថា បន្ទាប់​ពីបា​នថ្លឹង​ថ្លែង​ និង​ពិនិត្យ​គ្រប់ជ្រុង​ជ្រោយ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណ​ង់ គណៈកម្មកា​រសុរិយោដីថ្នា​ក់ជាតិ និងអាជ្ញាធរថ្នាក់​ជាតិ​​ដោះ​ស្រា​​យទំ​នាស់​ដីធ្លី​ សម្រេច​រក្សា​ទុក​ដីទំហំ ១៥៨ម៉ែត្រការ៉េ ជាដីទួលអ្នកតា មានឈ្មោះថា « ទួល​លោក​​តារ៉ាញ់ » សម្រា​ប់​​ជាទីសក្ការ​​បូជារបស់ប្រ​ជាពល​រដ្ឋ​ និងអនុញ្ញាតឱ្យ​​ចុះប​ញ្ជីចេញវិ​ញ្ញា​បនប​ត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ ជូ​ន​ម្ចាស់សំណើទាំង ៣គ្រួសារ​ដែលបានកាន់កាប់​ ប្រើប្រាស់​ និងអាស្រ័យផល​ជាក់ស្ដែង លើ​ផ្ទៃដីទំហំ ១ ៩៣៦​ម៉ែត្រការ៉េ ដែលនៅសល់ពីការសម្បទាន​ដីមួយផ្នែកទំហំ ១៥៨ម៉ែត្រការ៉េ ។​

តាមរយៈការ​ដោះស្រាយរបស់ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​និង​ភាគី​ពាក់ព័ន្ធ ចាត់ទុកជា​សមិទ្ធផល​ថ្មី​មួយ​ដែលអាចបំបែក​សំណុំរឿង​នៃទំនាស់ដីធ្លី រ៉ាំរ៉ៃ​អស់រយៈពេល​ជាង​២ទសវត្សរ៍មកហើយ ពោលគឺតាំងពីឆ្នាំ២០០៥ មកម្ល៉េះ ។

គួរ​រម្លឹកថា រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងអាណត្តិទី៧ បាន​សម្រេចនូវលទ្ធផលដោះស្រាយ​វិវាទ​ដីធ្លី រាប់ម៉ឺនករណី តាមរយៈក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការ​សុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរ​ថ្នាក់ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ក៏ដូចជា​ស្ថាប័នពាក់ព័ន្ធមួយចំនួន​​ទៀត ។

ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ តែង​បានលើកឡើងថា ទំនាស់​ដីធ្លី​នៅកម្ពុជា នឹងត្រូវ​ដោះស្រាយឱ្យចប់សព្វ​គ្រប់ទាំង​ស្រុង និងមិនឱ្យកើត​មានឡើងទៀតទេ ដោយក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹង​វាស់វែង​ចុះបញ្ជី ចេញ​បណ្ណសម្គាល់​ម្ចាស់អចលនវត្ថុជូនឱ្យរួចរាល់ ហើយនៅពេល​ណាម្ចាស់​ដីធ្លី​មានប្លង់​កម្មសិទ្ធិគ្រប់គ្នា នឹងមិនធ្វើឱ្យមានទំនាស់រឿងព្រំដីកើតឡើង​ទៀតនោះទេ​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា