វឌ្ឍនភាព ៖ គម្រោងសង់​ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) កាន់តែជិតរួចរាល់ កាន់តែធ្វើឱ្យតំបន់ជុំវិញ​នោះ​មានសក្ដានុពលខ្ពស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វឌ្ឍនភាព ៖ គម្រោងសង់​ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) កាន់តែជិតរួចរាល់ កាន់តែធ្វើឱ្យតំបន់ជុំវិញ​នោះ​មានសក្ដានុពលខ្ពស់

វឌ្ឍនភាព ៖ គម្រោងសង់​ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) កាន់តែជិតរួចរាល់ កាន់តែធ្វើឱ្យតំបន់ជុំវិញ​នោះ​មានសក្ដានុពលខ្ពស់

​ភ្នំពេញ ៖ បច្ចុប្បន្នភាពនៃគម្រោងសាងសង់ស្ពាន​ឆ្លងទន្លេបាសាក់​ ចាក់អង្រែក្រោម​-ព្រែក​ប្រា សម្រេច​បានប្រមាណ ៨៧,៨០%ហើយ នេះបើតាម​របាយការណ៍របស់ក្រសួង​សាធារណការ​ និងដឹកជញ្ជូន​ ចេញផ្សាយនៅដើម​សប្ដាហ៍ទី៣ ​នៃខែវិច្ឆិកា ឆ្នាំ២០២៦​ ខណៈដែលអ្នកជំនាញក្នុងវិស័យងចលនទ្រព្យបានលើកឡើងថា តាម​រយៈគម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេបាសាក់​នេះ នៅពេល​កាន់តែជិត​រួចរាល់ កាន់តែជំរុញ​សក្ដានុពលនៅតំបន់ជុំវិញ​។

បើតាមសេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦​ វឌ្ឍនភាពនៃគម្រោង​សាងសង់ស្ពានឆ្លងកាត់ទន្លេ​បាសាក់​ ចាក់អង្រែក្រោម​-ព្រែក​ប្រា​ ឃើញថា ផ្នែក​គ្រឹះស្ពាន​សម្រេច​បាន១០០% ផ្នែក​រចនាសម្ព័ន្ធក្រោម​ស្ពាន​សម្រេចបាន១០០% ផ្នែក​រចនាសម្ព័ន្ធលើនៃស្ពានតភ្ជាប់​សម្រេច​១០០% ផ្នែករចនាសម្ព័ន្ធនៃស្ពាន​មេ សម្រេច​បាន៩១​% និង​បណ្ដាញផ្លូវ សម្រេចបាន៥៣% ខណៈតួស្ពានទាំង​២ ត្រូវបានតភ្ជាប់រួចរាល់ ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមការងារវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនសំណង់សៀងហៃ ដែលបានអនុវត្តការងារកន្លងមក និងកំពុងដំណើរការដោយគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាត្រឹមត្រូវ ប្រកបដោយគុណភាព និងសោភ័ណភាព ។

តាមការប៉ាន់ស្មានគម្រោងស្ពាន អាចនឹងបញ្ចប់នៅពាក់កណ្តាល ឆ្នាំ២០២៧ ខាងមុខនេះ ដោយអង្គភាពគ្រប់គ្រងគម្រោងបានណែនាំឱ្យក្រុមហ៊ុនពន្លឿនការងារដែលនៅសេសសល់ ដើម្បីត្រៀមសម្រាប់អញ្ជើញថ្នាក់ដឹកនាំ កំណត់ពេលវេលាជាក់លាក់ធ្វើពិធីតភ្ជាប់។

សូមបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ជាស្ពានទី៧តាមដងទន្លេបាសាក់ ហើយក៏ជាស្ពានទី៤បន្ទាប់ពីស្ពានកោះនរា ស្ពានព្រះមុនីវង្ស និងស្ពានកោះអន្លង់ចិន ភ្ជាប់មហាវិថីស៊ី ជីនពីង ដែលសាងសង់ឡើង មាន៤ គន្លងផ្លូវ ។ គម្រោងនេះ បានចាប់ផ្ដើម​បើកការដ្ឋានសាងសង់​នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ។

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​បានមើលឃើញថា តាមរយៈស្ពាន​ឆ្លង​ទន្លេ​បាសាក់ ចាក់​អង្រែ​ក្រោម​-​ព្រែក​ប្រា នឹង​តភ្ជាប់តំបន់​ចំនួន​២នៅប៉ែកខាង​ត្បូង និងខាង​កើ​តរាជធានីភ្នំពេញ ដោយ​នឹងធ្វើឱ្យតំបន់​ទាំង​ពី​រកាន់តែខិតជិតគ្នា សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ​នៅតំបន់​ទាំងពីរ កាត់បន្ថយការ​កកស្ទះនៅតំបន់ច្បារអំពៅ ពន្លឿន​ដល់ការធ្វើដំណើរនិងការ​ដឹកជញ្ជូន ។

អ្នកស្រី អាន សុធីតា នាយិកា​ក្រុមហ៊ុនអចលនទ្រព្យ​ PropNex Cambodia បានលើកឡើងថា​ តំបន់ជុំវិញស្ពាន​ឆ្លងទន្លេបាសាក់​ចាក់អង្រែក្រោម-ព្រែកប្រា​នឹង​កាន់តែហុច​សក្ដានុពល​ខ្ពស់ ដោយនឹងទាក់ទាញ​លើ​គម្រោ​ងវិនិយោគ​លំនៅឋាន ពាណិជ្ជកម្ម ហើយនឹង​ធ្វើឱ្យតំបន់​ទាំងពីរ ខណ្ឌមានជ័យ និង​ខណ្ឌច្បារអំពៅ​កាន់តែមមាញឹក​ ។

អ្នកស្រី​បានលើកឡើងបន្តថា ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់​ប៉ែកខាង​ត្បូង​រាជធានីភ្នំពេញ មានភាពទាក់ទាញ​សម្រាប់​ការ​វិនិយោគជាងគេ​ក្នុង​ចំណោម​បណ្ដា​តំបន់​ផ្សេងៗទៀត ហើយថ្មីៗនេះ រាជរដ្ឋាភិបាលក៏បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើន ជាពិសេស​ ក្រោយការដាក់ដំណើរការ​អាកាស​យានដ្ឋានអន្តរជាតិ​តេជោ​ ដែលធ្វើឱ្យតំបន់​តាមបណ្ដោយផ្លូវ​៦០ម៉ែត្រ និង ៥០ម៉ែត្រ កាន់តែមានភាពទាក់ទាញខ្លាំង ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា