គម្រោង​ប្រែក្លាយ​ព្រលានយន្តហោះ​សៀមរាប​ចាស់​ ​ជា​តំបន់​ពហុ​មុខងារ​ កំពុងស្ថិត​ក្នុង​ដំណាក់កាល​ពិភាក្សា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គម្រោង​ប្រែក្លាយ​ព្រលានយន្តហោះ​សៀមរាប​ចាស់​ ​ជា​តំបន់​ពហុ​មុខងារ​ កំពុងស្ថិត​ក្នុង​ដំណាក់កាល​ពិភាក្សា​

គម្រោង​ប្រែក្លាយ​ព្រលានយន្តហោះ​សៀមរាប​ចាស់​ ​ជា​តំបន់​ពហុ​មុខងារ​ កំពុងស្ថិត​ក្នុង​ដំណាក់កាល​ពិភាក្សា​

​ភ្នំពេញ​៖​ ​គម្រោង​វិនិយោគ​ ​និង​អភិវឌ្ឍ​ទីតាំង​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ចាស់​ ​ឱ្យ​ក្លាយជា​តំបន់​អភិវឌ្ឍ​ពហុ​មុខងារ​ ​ដែល​រួមបញ្ចូល​សេវា​ទេសចរណ៍​ ​ពាណិជ្ជកម្ម​ ​ការ​កម្សាន្ត​ ​និង​សកម្មភាព​សេដ្ឋកិច្ច​ផ្សេង​ទៀត​ ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ពិភាក្សា​ ​និង​ពិគ្រោះយោបល់​នៅឡើយ​ ​ដោយ​មិន​ទាន់​មាន​ការ​សម្រេច​ជាក់លាក់​ណាមួយ​ទេ​។​

Advertisement

ក្រុមហ៊ុន​ ​Angkor​ ​International​ ​Airport​ ​Investment​ ​(​AIAI​) ​ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ​បាន​បង្ហាញ​គម្រោង​អភិវឌ្ឍន៍​សំខាន់​ៗ​ចំនួន​៣​ ​សម្រាប់​ខេត្ត​សៀមរាប​ ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ និង​វិនិយោគិន​មកកាន់​ខេត្ត​សៀមរាប​ និង​កម្ពុជា​។

​គម្រោង​ទាំងនេះ​ត្រូវបាន​លោក​ ​Lu​ ​Wei​ ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ ​AIAI​ ​បង្ហាញ​ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម​ ​ហួត​ ​ហាក់ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​។ ​គម្រោង​ទាំង​៣​ ​រួមមាន​ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ទស្សនា​អង្គរ​ពេល​រាត្រី​ ​គម្រោង​អភិវឌ្ឍ​ទីតាំង​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ចាស់​ ​និង​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នាំ​ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា​។

​សម្រាប់​ទីតាំង​ព្រលានយន្តហោះ​ចាស់​ ​គម្រោង​ដែល​បាន​លើកឡើង​គឺ​ការ​អភិវឌ្ឍ​ទៅជា​តំបន់​ពហុ​មុខងារ ​ដែល​អាច​រួមបញ្ចូល​សេវា​ទេសចរណ៍​ ​ពាណិជ្ជកម្ម​ ​ការ​កម្សាន្ត​ ​និង​សកម្មភាព​សេដ្ឋកិច្ច​ផ្សេង​ទៀត​។

ឯកឧត្តម​ ​ហួត​ ​ហាក់ ​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​គម្រោង​នេះ​ ​និង​ស្នើ​ឱ្យ​ក្រុមហ៊ុន​សិក្សា​ ​និង​រៀបចំ​ផែនការ​លម្អិត​ប្រកបដោយ​ចីរភាព​ និង​បរិយា​បន្ន​។ ​ឯកឧត្តម​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​មាន​ការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​នៅ​តំបន់​អង្គរ ​ដើម្បី​បង្កើន​បទពិសោធន៍​របស់​ភ្ញៀវ​ ពន្យារ​ពេល​ស្នាក់​នៅ​ ​និង​ជំរុញ​ការ​ចំណាយ​របស់​ភ្ញៀវ​ទេសចរ​។

​ឯកឧត្តម​បាន​បញ្ជាក់​ថា​ ​ក្រសួង​ទេសចរណ៍​នឹង​បន្ត​ធ្វើ​ការ​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ ​និង​ភាគី​ពាក់ព័ន្ធ​ ​ដើម្បី​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​ ​ពង្រឹង​ការ​តភ្ជាប់​ផ្លូវ​អាកាស​ និង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​គោលដៅ​ទេសចរណ៍​កម្ពុជា​។

​ទោះជា​យ៉ាងណា​ ​លោក​ ស៊ីន ​ចាន់ ​សេរី​វុត្ថា ​អ្នកនាំពាក្យ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល ​បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ ​AMS​ ​នៅ​រសៀល​ថ្ងៃទី​៣​ ​ខែសីហា ​ឆ្នាំ​២០២៦​ថា​ ​គម្រោង​នេះ​ត្រូវបាន​ក្រុមហ៊ុន​លើក​យក​មក​បង្ហាញ​ជា​យូរ​មកហើយ​ ​ប៉ុន្តែ​មិន​ទាន់​មាន​ការ​សិក្សា​លម្អិត​នៅឡើយ​។

​លោក​បញ្ជាក់​ថា​ ​ក្នុង​រយៈពេល​ចុងក្រោយ​ ​ភាគី​ក្រុមហ៊ុន​ចិន​បាន​មាន​ការ​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​ក្រុមហ៊ុន​ ​ដូច្នេះ​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ​មិន​ទាន់​មាន​នៅឡើយ​។

​លោក​ តុ​ប ​សុភ័ក ​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​ ​ក៏​បាន​បញ្ជាក់​ថា​ ​គម្រោង​អភិវឌ្ឍ​ទីតាំង​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ចាស់​ ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ពិភាក្សា​ ​និង​ពិគ្រោះយោបល់​ ​ហើយ​មិន​ទាន់​មាន​ការ​សម្រេច​ជាក់លាក់​ណាមួយ​ទេ​។

​លោក​ចាត់ទុក​គម្រោង​នេះ​ថា​ ​ជា​សញ្ញាណ​ល្អ​សម្រាប់​ការ​រៀបចំ​ទីតាំង​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ចាស់​ឱ្យ​ក្លាយជា​តំបន់​អភិវឌ្ឍ​ពហុ​មុខងារ ​ដែល​អាច​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ ​ព្រមទាំង​វិនិយោគិន​ចូលមកកាន់​ខេត្ត​សៀមរាប​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា