ទីផ្សារ​ជួល​នៅ​ផ្សារ​ទំនើប​មាន​ផ្ទៃក្រឡា​ជាង ​៨៨​ ​ម៉ឺន​ម៉ែត្រ​ការ៉េ ​តែ​អត្រា​កាន់កាប់​មាន​ត្រឹម​ ​៥៧​,​១​%​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីផ្សារ​ជួល​នៅ​ផ្សារ​ទំនើប​មាន​ផ្ទៃក្រឡា​ជាង ​៨៨​ ​ម៉ឺន​ម៉ែត្រ​ការ៉េ ​តែ​អត្រា​កាន់កាប់​មាន​ត្រឹម​ ​៥៧​,​១​%​

ទីផ្សារ​ជួល​នៅ​ផ្សារ​ទំនើប​មាន​ផ្ទៃក្រឡា​ជាង ​៨៨​ ​ម៉ឺន​ម៉ែត្រ​ការ៉េ ​តែ​អត្រា​កាន់កាប់​មាន​ត្រឹម​ ​៥៧​,​១​%​

​ភ្នំពេញ​៖​ ទី​ផ្សារ​​ជួល​សម្រាប់​អាជីវកម្ម​លក់​រាយ​នៅ​កម្ពុជា​ ​(​ការជួល​ទីតាំង​នៅ​ផ្សារ​ទំនើប​)​ ​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្គត់ផ្គង់​លើស​តម្រូវការ​ ​ដោយ​ផ្ទៃ​ក្រឡា​សម្រាប់​ជួល​សរុប​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ជាង​ ៨៨២​.​០០០ ​ម៉ែត្រ​ការ៉េ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០២៦ ​ប៉ុន្តែ​អត្រា​កាន់កាប់​ទីតាំង​ជា​មធ្យម​មាន​ត្រឹម​ ​៥៧​,​១​%​ ​ប៉ុណ្ណោះ​។​

របាយការណ៍​ ​Market Pulse ​ប្រចាំ​ត្រីមាស​ទី​៣ ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ ​APS ​Cambodia ​បង្ហាញ​ថា​ ​ផ្ទៃ​ក្រឡា​សម្រាប់​ទីផ្សារ​លក់​រាយ​មួយចំនួន​ធំ​នៅតែ​ទំនេរ ​ដែល​បង្កើត​សម្ពាធ​ជា​បន្តបន្ទាប់​លើ​ម្ចាស់​អចលន​ទ្រព្យ​ ​និង​ទីផ្សារ​ថ្លៃ​ជួល​។

​ថ្លែង​ប្រាប់​ AMS ​នៅ​ថ្ងៃ​ទី​២៧​ ​ខែ​តុលា ​លោក​ ​ជា ​គឹម​ស៊ា ​ប្រធាន​ផ្នែក​ស្រាវជ្រាវ​ ​និង​ប្រឹក្សា​សេវាកម្ម​នៅ​ APS ​Cambodia ​បាន​ឱ្យ​ដឹង​ថា​ ទី​ផ្សារ​លក់​រាយ​នៅ​ភ្នំពេញ​កំពុង​បង្ហាញ​សញ្ញា​កែសម្រួល​ ​ដោយ​អ្នក​អភិវឌ្ឍន៍​មួយចំនួន​ងាក​មក​ផ្តោត​លើ​គម្រោង​ដែល​មាន​ទំហំ​តូច​ជាង​មុន​ ​ជំនួស​ឱ្យ​ការ​បន្ថែម​ផ្ទៃក្រឡា​ថ្មី​ក្នុង​បរិមាណ​ច្រើន​។

​លោក​ថា​ ​និន្នាការ​នេះ​អាច​ជួយ​បន្ថយ​ល្បឿន​នៃ​ការ​ផ្គត់ផ្គង់​ថ្មី ​កាត់បន្ថយ​សម្ពាធ​ប្រកួតប្រជែង​លើ​គម្រោង​ដែល​មាន​ស្រាប់ ​និង​ជួយ​ឱ្យ​ទីផ្សារ​ឈាន​ទៅ​រក​តុល្យភាព​រវាង​ការ​ផ្គត់ផ្គង់​ ​និង​តម្រូវការ​។ ​ទោះជា​យ៉ាងណា ​ការ​ងើប​ឡើង​វិញ​ពិត​ប្រាកដ​អាស្រ័យ​លើ​ការ​កើនឡើង​នៃ​តម្រូវការ​ពី​អ្នក​ជួល​ ​និង​ការ​ប្រើប្រាស់​ទីតាំង​លក់​រាយ​ដែល​មាន​ស្រាប់​ឱ្យ​បាន​ច្រើន​ជាង​មុន​។

​លោក​ តង​ សេង​ហុង ​មន្ត្រី​វិភាគ​ផ្នែក​ស្រាវជ្រាវ​ ​និង​ប្រឹក្សា​យោបល់​នៃ​ APS ​Cambodia ​បាន​លើកឡើង​ថា​ ​បច្ចុប្បន្ន​មិន​ទាន់​មាន​ការ​ប្រកាស​គម្រោង​សាងសង់​ផ្សារ​ទំនើប​ខ្នាត​ធំ​ថ្មី​ណាមួយ​នៅឡើយ​ទេ​ ​ខណៈ​គម្រោង​មួយ​ដែល​កំពុង​សាងសង់​ក៏​នៅតែ​ផ្អាក​សកម្មភាព​។

​តាម​ការ​វិភាគ​របស់​លោក​ ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​សហគមន៍​កំពុង​ប្រឈម​នឹង​បញ្ហា​ទីតាំង​ទំនេរ​ច្រើន​ជាង​គេ ​បើ​ធៀប​នឹង​ទីតាំង​លក់​រាយ​ប្រភេទ​ផ្សេងទៀត​។ ​ផ្ទុយ​ទៅវិញ​ ​ហាង​លក់​ទំនិញ​តាម​ដង​ផ្លូវ​ធំ​ៗ​ដែល​មាន​ទីតាំង​ល្អ ​កំពុង​ទទួល​បាន​តម្រូវការ​ខ្ពស់​ ​ជាពិសេស​នៅ​តំបន់​ដែល​មាន​ភ្ញៀវ​ទេសចរ​ច្រើន ដូចជា​ កោះ​ពេជ្រ ​និង​កោះនរា​។

​លោក​បាន​បញ្ជាក់​ថា​ ទីផ្សារ​ទីតាំង​លក់​រាយ​នៅ​តាម​អគារ​បាន​ធ្លាក់ចុះ​ ១​,​២​%​ ​ខណៈ​ទីតាំង​លក់​រាយ​នៅ​តាម​ដង​ផ្លូវ​ធំ​ៗ​ដែល​មាន​សក្ដានុពល​ខ្ពស់​បាន​កើនឡើង​ ០​,​២​%​។

​និន្នាការ​នេះ​បង្ហាញ​ថា​ ​ទោះ​បី​អាជីវកម្ម​មួយ​ចំនួន​នៅតែ​បន្ត​ពង្រីក​សាខា​ក៏​ដោយ​ ​ក៏​ពួក​គេ​ហាក់​ផ្តល់​អាទិភាព​ដល់​ទីតាំង​តាម​ដង​ផ្លូវ​ធំ​ៗ​ដែល​មាន​សក្ដានុពល ​ជា​ជាង​ការជួល​ទីតាំង​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ​ដែល​ធ្វើឱ្យ​ម្ចាស់​គម្រោង​ទាំងនេះ​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែងរក​អ្នក​ជួល​មក​បំពេញ​ទីតាំង​ទំនេរ​។

​ទោះបី​ទីផ្សារ​មាន​ទីតាំង​ទំនេរ​ច្រើន​ ​និង​អត្រា​កាន់កាប់​ធ្លាក់ចុះ​ក៏​ដោយ​ ម្ចាស់​អចលន​ទ្រព្យ​មួយចំនួន​នៅតែ​មិន​សូវ​ផ្តល់​ការ​បញ្ចុះ​តម្លៃ​ជួល​។ ​លោក​ ​ជា ​គឹម​ស៊ា ​បាន​ឱ្យ​ដឹង​ថា​ ថ្លៃ​ជួល​ដែល​ម្ចាស់​អចលន​ទ្រព្យ​ដាក់​សម្រាប់​ទីតាំង​ល្អ​ៗ​តាម​ដង​ផ្លូវ​ធំ​ៗ​បាន​កើន​ដល់​ ២១​,​៦ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ក្នុង​មួយ​ខែ ​ពោលគឺ​កើនឡើង​ ០​,​២​%​ ​បើ​ធៀប​នឹង​ត្រី​មាស​មុន​។ ​កំណើន​នេះ​ត្រូវ​បាន​ជំរុញ​ដោយ​ការ​បន្តពង្រីក​សាខា​របស់​ម៉ាក​យីហោ​នានា​នៅ​តាម​តំបន់​ពាណិជ្ជកម្ម​សំខាន់​ៗ​។

​លោក​បាន​គូសបញ្ជាក់​ថា​ ការ​ជំរុញ​ឱ្យ​អត្រា​កាន់កាប់​ទីតាំង​លក់​រាយ​កើនឡើង​ត្រូវការ​ការ​អភិវឌ្ឍ​បន្ថែម​ក្នុង​វិស័យ​ទេសចរណ៍​ ​សេដ្ឋកិច្ច​ ​និង​ការ​ចំណាយ​របស់​អ្នក​ប្រើប្រាស់​។ ​កម្លាំង​ទិញ​ដែល​កាន់តែ​រឹងមាំ​អាច​ជួយ​ជំរុញ​ម៉ាក​យីហោ​នានា​ឱ្យ​ពង្រីក​វត្ត​មាន​ ​និង​បង្កើន​ការជួល​ទីតាំង​លក់​រាយ​។

​ជាមួយគ្នា​នេះ​ ​លោក​ តង​ សេង​ហុង ​បាន​បញ្ជាក់​ថា​ ទីផ្សារ​ចាំបាច់​ត្រូវ​រក​តុល្យភាព​រវាង​ការ​កើនឡើង​នៃ​អត្រា​កាន់កាប់ ​និង​ការ​បន្ថែម​ការ​ផ្គត់ផ្គង់​ថ្មី​។ ​លោក​ថា​ ការ​បន្ថែម​ផ្ទៃ​ក្រឡា​សម្រាប់​ជួល​អាច​ធ្វើឱ្យ​អត្រា​កាន់កាប់​ប្រែប្រួល​តិចតួច​ប៉ុណ្ណោះ ​ទោះបី​ម៉ាក​យីហោ​នានា​បន្ត​ពង្រីក​សាខា ​និង​មាន​អាជីវកម្ម​ថ្មី​ចូលក្នុង​ទីផ្សារ​ក៏​ដោយ​៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា