គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ភ្នំពេញ ៖ អ្នកម៉ៅ​ការ​សំណង់ មិនមែន​មានតួនាទីតែ​ខាង​សាងសង់ ​ឬ គ្រប់គ្រង​កម្មករ​សំណង់​​ក្នុងការដ្ឋាន​ដែល​ខ្លួនបានម៉ៅការ​សាងសង់​នោះទេ ប៉ុន្តែអ្នកម៉ៅការ​សំណង់​ក៏មានតួនាទី និងភារកិច្ច​ចំនួន​ទៀតដើរតួនាទីជំនួសឱ្យ​ម្ចាស់អគារ​ ។ នៅថ្ងៃនេះ បណ្ដាញព័ត៌មាន​ AMS នឹង​លើក​យកពីតួនាទី និង​ភារកិច្ច​របស់​អ្នកម៉ៅការ​សំណង់​មកលម្អិតជូន ។​

បើតាមឯកឧត្តម ថេង ច័ន្ធសង្វា​រ រដ្ឋលេខាធិការ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានឱ្យដឹងថា អ្នកម៉ៅការ​សំណង់​មានតួនាទី ​និងភារកិច្ច​សំខាន់​ ២យ៉ាង គឺទំនាក់ទំនង​ផ្ទៃ​ក្នុង​ និងទំនាក់ទំនង​ខាង​ក្រៅ ។ ទី១. ទំនាក់ទំនងផ្ទៃ​ក្នុង​៖ អ្នកម៉ៅការ​សំណង់​ត្រូវទទួលខុស​ត្រូវ​ចំពោះសុវត្ថិភាព​ និងសុខភាពរបស់កម្មករ បុគ្គលិក​នៅក្នុងការដ្ឋាន​ដែលខ្លួន​បានម៉ៅការ​សាងសង់ ។ ពាក់ព័ន្ធនឹងសុវត្ថិភាព អ្នកម៉ៅការត្រូវធានា​ចំពោះ​មុខ​លើ​គ្រោះថ្នាក់ភ្លាមៗដែលអាច​កើតឡើង​លើ​កម្មករ និង​បុគ្គលិក​ក្រោម​បង្គាប់​របស់ខ្លួន ដូចជា​មុត​ដៃមុតជើង ការធ្លាក់ពីលើទីខ្ពស់​ ឬឧបករណ៍​សំណង់​ធ្លាក់​ពីលើ​បណ្ដាលឱ្យរងរបួស​ដល់កម្មករ និងបុគ្គលិក​ជាដើម​ ។

ឯកឧត្តម​បន្តថា ក្រៅពី​ការធានា​លើសុវត្ថិភាព អ្នកម៉ៅការ​សំណង់​ក៏ត្រូវ​តែធានា​លើ​សុខភាពរបស់កម្មករ និង​បុគ្គលិក​ក្នុងការដ្ឋាន​របស់ខ្លួន​ដែរ ដោយ​ត្រូវធានា​ថា​ សម្ភារៈ និងវត្ថុធាតុដើម​សម្រាប់សាងសង់ នឹងមិនបង្កផល​ប៉ះពាល់​ដល់សុខភាពរបស់កម្មករ ដូចជា មិនប្រើប្រាស់ថ្នាំពណ៌ ថ្នាំលាប​ ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពក្នុងពេល​សាងសង់​ ហើយត្រូវណែនាំ​ដល់​កម្មករក្នុងការដ្ឋាន​ការពារ​សុខភាព​បើសិនជា​ក្នុងករណីមានប្រើប្រាស់​វត្ថុធាតុដើម​សំណង់​ដែលនាំឱ្យប៉ះពាល់ដល់សុខភាព ។

ចំពោះ​ទំនាក់ទំនង​ខាង​ក្រៅ ឯកឧត្តម​ ថេង ច័ន្ទសង្វារ​ បានមានប្រសាសន៍​បន្តទៀតថា អ្នកម៉ៅការ​សំណង់​ត្រូវតែធានា​ឱ្យបាននូវ​សណ្ដាប់ធ្នាប់សាធារណៈ ផ្នែកខាង​ក្រៅការដ្ឋានសំណង់ ដោយមិនអាច​អនុញ្ញាតឱ្យដំណើរការ​ដ្ឋាន​សំណង់​មួយ​ ហើយប៉ះពាល់ដល់​សណ្ដាប់ធ្នាប់សាធារណៈឡើយ ។ ក្នុងន័យ​ គឺសម្ដៅ​លើ​សន្តិសុខ​ដល់​សាធារណជន​ ដោយត្រូវធ្វើយ៉ាង​ណា​កុំឱ្យមានការ​ប៉ះពាល់ដល់​បូរណភាពរូប​កាយ និងផ្លូវ​ចិត្តរបស់​សាធារណជន​ ។

ឯកឧត្តម​បន្ថែមថា ដំណើរការ​ការដ្ឋានសំណង់​ត្រូវធានា​ឱ្យបានថា ​មិនមានការធ្លាក់ដែក ឬសម្ភារៈសំណង់មកលើផ្លូវសាធារណៈដែលអាច​បង្កគ្រោះថ្នាក់ដល់អ្នក​ដំណើរ ឬធ្លាក់​កម្ទេច​កម្ទីលើ​ផ្ទះរបស់អ្នកជិត​ខាង​ដែល​រំខាន​ដល់​ការរស់នៅរបស់ប្រជាពលរដ្ឋ​ដែលមានលំនៅឋាន​ក្បែរ​ការដ្ឋានសំណង់នោះទេ ។ ការ​បង្ក​សំឡេង​រំខានដល់​អ្នក​ជិត​ខាង​ក៏ត្រូវ​តែគ្រប់គ្រង​ឱ្យបាន និងមិនត្រូវឱ្យ​ដំណើរការ​ការដ្ឋាននៅពេល​យប់ដែល​រំខានដល់​ការ​សម្រាករបស់ពលរដ្ឋ​ដែរ ។​ អ្នកម៉ៅការ​សំណង់​ក៏ត្រូវតែគ្រប់គ្រងឱ្យបាន​នូវ​បញ្ហា​អនាម័យ​នៅជុំវិញការដ្ឋាន ដោយមិនត្រូវ​ឱ្យមានសំរាម​កម្ទេច​កម្ទីកាកសំណល់ចេញពីការដ្ឋាន​ហៀរចេញមកក្រៅ ។​

ឯកឧត្តម​បានបញ្ជាក់ថា អ្នកម៉ៅការ​សំណង់ទាំងអស់​ត្រូវបំពេញកាតព្វកិច្ច​ ៣ ធំៗ ទី១. ត្រូវ​អនុវត្តការងារទៅតាមប្រភេទ និងកម្រិតនៃអាជ្ញាបណ្ណ ឬក៏លិខិត​អនុញ្ញាត​ដែលបានទទួលពីអាជ្ញា​ធរមានសមត្ថកិច្ច ។ ឧទាហរណ៍ថា​ អាជ្ញា​បណ្ណដែលអ្នកម៉ៅការ​សំណង់ទទួល​បាន​ត្រឹមតែជា​សំណង់​ទាបៗ ដូច្នេះ មិនអាច​ធ្វើ​ ឬគ្រប់គ្រង​ការដ្ឋានសំណង់​ខ្ពស់ៗបានឡើយ បើសិនជានៅតែ​បន្ត​ធ្វើ​នោះ មានន័យថា​អ្នកម៉ៅការ​សំណង់​ប្រព្រឹត្តខុសច្បាប់។​ កាតព្វកិច្ចទី២ របស់អ្នកម៉ៅការ​សំណង់ គឺត្រូវ​អនុវត្ត​ន៍ទៅតាម​គំរូ​ប្លង់​ដែលធម្ម​តា​មានភ្ជាប់ជាមួយ​នឹង​លិខិត​អនុញ្ញាត​ ។ ទី៣ អ្នកម៉ៅការ​សំណង់ទាំង​អស់​ត្រូវតែអនុវត្ត​ទៅតាមបទដ្ឋាន និង​បទបញ្ញត្តិបច្ចេកទេស​សំណង់ ។ ក្នុងន័យ​នេះ អ្នកម៉ៅការ​សំណង់​ត្រូវ​ធ្វើយ៉ាងណាធានា​ថា រាល់ការ​សាងសង់ រាល់ការ​សាងសង់​ រាល់​ការ​បំពាក់​ រាល់ការងារ​ទាំងអស់ដែល​ដំណើរការ​ក្នុងការដ្ឋាន​សំណង់​ត្រូវធ្វើទៅតាម​បច្ចេកវិទ្យា ដោយធានា​ថា​ គុណភាពសំណង់​រឹងមាំ និង​ប្រើប្រាស់បានយូរអង្វែង ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា