ប្រវត្តិខ្លះៗរបស់ប្រធានាធិបតីស្រីដំបូងគេបង្អស់របស់ប៊ុលហ្គារី លោកជំទាវ Iliana Iotova ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ នៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រវត្តិខ្លះៗរបស់ប្រធានាធិបតីស្រីដំបូងគេបង្អស់របស់ប៊ុលហ្គារី លោកជំទាវ Iliana Iotova ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ នៅកម្ពុជា

ប្រវត្តិខ្លះៗរបស់ប្រធានាធិបតីស្រីដំបូងគេបង្អស់របស់ប៊ុលហ្គារី លោកជំទាវ Iliana Iotova ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ នៅកម្ពុជា

លោកជំទាវ Iliana Malinova Iotova គឺជាប្រធានាធិបតីស្រីដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រប៊ុលហ្គារី ដែលបានឡើងកាន់តំណែងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីលោក Rumen Radev លាលែងពីតំណែង។ ក្រោយមក លោកស្រីក៏បានឈ្នះការបោះឆ្នោតជាផ្លូវការសម្រាប់អាណត្តិពេញលេញក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។

លោកស្រី Iliana Malinova Iotova កើតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៦៤ នៅក្នុងទីក្រុងសូហ្វីយ៉ា ប្រទេសប៊ុលហ្គារី។ លោកស្រីបានបញ្ចប់បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រប៊ុលហ្គារី និងបារាំងពីសាកលវិទ្យាល័យសូហ្វីយ៉ាក្នុងឆ្នាំ១៩៨៩ ព្រមទាំងបានបន្តការសិក្សាឯកទេសនៅសាលាជាតិរដ្ឋបាល (ENA) ក្នុងប្រទេសបារាំងផងដែរ។ ក្រៅពីភាសាកំណើត លោកស្រីអាចនិយាយភាសាបារាំងបានយ៉ាងស្ទាត់ជំនាញ រួមជាមួយភាសារុស្ស៊ី និងភាសាអង់គ្លេស។

មុននឹងឈានជើងចូលក្នុងឆាកនយោបាយ លោកស្រី Iotova បានបម្រើការងារជាអ្នកយកព័ត៌មាន និពន្ធនាយក ពិធីការិនីព័ត៌មាន និងជាប្រធាននាយកដ្ឋានព័ត៌មាននៅទូរទស្សន៍ជាតិប៊ុលហ្គារី (BNT) ចាប់ពីឆ្នាំ១៩៩០ ដល់ឆ្នាំ ១៩៩៧។ លោកស្រីបានផ្លាស់ប្តូរអាជីពមកប្រឡូកក្នុងវិស័យនយោបាយនៅឆ្នាំ ១៩៩៧ ដោយចូលកាន់តំណែងជានាយកការិយាល័យសារព័ត៌មានសម្រាប់គណបក្សសង្គមនិយមប៊ុលហ្គារី (BSP)។ ក្រោយមក លោកស្រីបានជាប់ឆ្នោតជាសមាជិករដ្ឋសភាជាតិប៊ុលហ្គារីចាប់ពីខែសីហា ឆ្នាំ២០០៥ រហូតដល់ខែឧសភា ឆ្នាំ២០០៧។ បន្ទាប់ពីបញ្ចប់តួនាទីនៅរដ្ឋសភាជាតិ លោកស្រីបានបន្តអាជីពនយោបាយនៅលើឆាកអន្តរជាតិ ដោយបានជាប់ឆ្នោតជាសមាជិកសភាអឺរ៉ុប (MEP) ចំនួន ៣ ​អាណត្តិជាប់ៗគ្នាចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៧។

ក្រោយមក លោកស្រី Iotova ត្រូវបានជ្រើសតាំងជាអនុប្រធានាធិបតីប៊ុលហ្គារី រួមជាមួយប្រធានាធិបតី Rumen Radev ក្នុងការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០១៦ ហើយបានចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧។ បន្ទាប់មក អ្នកទាំងពីរបានជាប់ឆ្នោតជាថ្មីម្តងទៀតនៅខែវិច្ឆិកា ឆ្នាំ២០២១ និងបានស្បថចូលកាន់តំណែងសម្រាប់អាណត្តិទីពីរនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ លោកស្រី Iotova បានឡើងស្នងតំណែងជាប្រធានាធិបតីបន្តវេន បន្ទាប់ពីមានការប្រកាសលាលែងតំណែងដោយអតីតប្រធានាធិបតីលោក Rumen Radev។

យោងតាមរដ្ឋធម្មនុញ្ញប៊ុលហ្គារី ប្រសិនបើតំណែងប្រធានាធិបតីទំនេរ អនុប្រធានាធិបតីនឹងឡើងកាន់តួនាទីជំនួសភ្លាមៗរហូតដល់ចប់អាណត្តិ។ មិនយូរប៉ុន្មាន លោកស្រី Iotova ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីជុំទី២ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានសំឡេងគាំទ្ររហូតដល់ ៥៧.៦ ភាគរយ ក្លាយជាស្ត្រីដំបូងគេបង្អស់ ដែលត្រូវបានពលរដ្ឋបោះឆ្នោតជ្រើសតាំងជាប្រធានាធិបតីក្នុងប្រវត្តិសាស្ត្រប៊ុលហ្គារី។ លោកស្រីត្រូវបានកំណត់ថានឹងចាប់ផ្តើមអាណត្តិប្រធានាធិបតីពេញលេញរយៈពេល ៥ ឆ្នាំរបស់ខ្លួនជាផ្លូវការនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៧ រួមជាមួយអនុប្រធានាធិបតីជាប់ឆ្នោត លោក Kiril Valchev៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា