Air Cambodia ដាក់ដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការថ្មី ត្រៀមទទួលយន្តហោះ ២០គ្រឿង នៅចុងឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Air Cambodia ដាក់ដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការថ្មី ត្រៀមទទួលយន្តហោះ ២០គ្រឿង នៅចុងឆ្នាំនេះ

Air Cambodia ដាក់ដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការថ្មី ត្រៀមទទួលយន្តហោះ ២០គ្រឿង នៅចុងឆ្នាំនេះ

ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍(AOC)ថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពហោះហើរ និងត្រៀមលក្ខណៈមុនពេលវត្តមានយន្តហោះថ្មីចំនួន ២០គ្រឿង ដែលត្រូវបញ្ជូនមកដល់ប្រទេសកម្ពុជានៅចុងឆ្នាំនេះ។

មុនពេល យន្តហោះថ្មីចំនួន ២០គ្រឿង ត្រូវបញ្ជូនមកដល់កម្ពុជានៅចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia នាថ្ងៃដើមសប្ដាហ៍នេះ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ (AOC)» ថ្មី ស្ថិតនៅទីស្នាក់ការកណ្តាលក្នុងរាជធានីភ្នំពេញ ដែលជាជំហានយុទ្ធសាស្ត្រធ្វើទំនើបកម្មក្នុងវិស័យអាកាសចរណ៍។
 


ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Air Cambodia និងជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចូលរួមគាំទ្រសម្ពោធសមិទ្ធផលថ្មីរបស់ក្រុមហ៊ុននេះ ដែលបានដាក់ឲ្យដំណើរការកាលពីដើមសប្តាហ៍កន្លងទៅ។
 
លោក Zhan David អគ្គនាយកប្រតិបត្តិ Air Cambodia មានប្រសាសន៍ថា មជ្ឈមណ្ឌល AOC ថ្មីនេះ នឹងសម្រួលប្រតិបត្តិការហោះហើរដ៏ស្មុគស្មាញ ទាំងការគ្រប់គ្រងជើងហោះហើរជាក់ស្តែង យន្តហោះ និងអាកាសយានិក ការថែទាំ ប្រតិបត្តិការលើដី និងសេវាអ្នកដំណើរ ដើម្បីបង្កើនសុវត្ថិភាព ប្រសិទ្ធភាព និងភាពជឿជាក់ខ្ពស់។
 
លោកបានបន្ថែមថា មជ្ឈមណ្ឌល AOC នឹងក្លាយជាគ្រឹះយ៉ាងរឹងមាំក្នុងការគាំទ្រយុទ្ធសាស្ត្រធ្វើទំនើបកម្ម និងធ្វើពិពិធកម្មកងយន្តហោះ។ ក្នុងនោះ ក្រុមហ៊ុនគ្រោងទទួលយន្តហោះ COMAC C909 ចំនួន ២០គ្រឿង ដោយចាប់ផ្តើមប្រគល់ដំបូងនៅចុងឆ្នាំ២០២៦ ដើម្បីពង្រឹងការហោះហើរក្នុងស្រុក និងតំបន់ជិតៗ ព្រមទាំងគ្រោងរៀបចំទទួលយន្តហោះ Boeing 737 MAX បណ្តោះអាសន្នចាប់ពីឆ្នាំ២០២៩ និងដាក់ឱ្យប្រតិបត្តិការផ្លូវការនៅឆ្នាំ២០៣១ ដើម្បីពង្រីកជើងហោះហើរអន្តរជាតិ។
 
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានប្រាប់ AMS នៅថ្ងៃពុធថា ការពង្រីកបណ្តាញជើងហោះហើរ និងកែលម្អប្រតិបត្តិការលើដី ដោយផ្តោតលើការសម្រួលកាលវិភាគហោះហើរក្នុងស្រុករវាង ភ្នំពេញ សៀមរាប និងព្រះសីហនុ។ លើសពីនេះ ក្រុមហ៊ុនបានសហការជាមួយអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ដើម្បីសម្រួលដំណើរការផ្ទេរអ្នកដំណើរ នីតិវិធីអន្តោប្រវេសន៍ សន្តិសុខ និងការគ្រប់គ្រងឥវ៉ាន់ឱ្យកាន់តែរហ័ស និងមានប្រសិទ្ធភាព។
 
បើតាមអ្នកនាំពាក្យរូបនេះ ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌល AOC ថ្មីនេះ បញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ Air Cambodia ក្នុងការវិនិយោគលើបច្ចេកវិទ្យា ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់វិស័យអាកាសចរណ៍ ទេសចរណ៍ និងពាណិជ្ជកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ៕ ដោយ ៖ ទួន​ សុផល​ AMS

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា