Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់

Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់

បរទេស៖ វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់អាម៉េរិក Amazon សម្រេចចិត្តបញ្ឈប់ការលក់ និងដឹកជញ្ជូនទំនិញក្នុងស្រុកនៅប្រទេសសិង្ហបុរី ដោយសារពិបាកក្នុងការជ្រៀតចូលទីផ្សារនៅអាស៊ីអាគ្នេយ៍ និងមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់មួយនេះ។ នេះបើយោងតាមការាយការណ៍ពី CNA។

Advertisement

ថ្មីៗនេះ Amazon ប្រកាសពីការដកថយអាជីវកម្មនៅក្នុងទីផ្សារសិង្ហបុរី រួមមាន ការចែកចាយគ្រឿងទេស Amazon Fresh និងឈប់ធ្វើការជាមួយអ្នកលក់ភាគីទីបីនៅលើ Amazon.sg ។ នេះមានន័យថា កាលពីមុន Amazon មានឃ្លាំងស្តុកទំនិញគ្រឿងទេស និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃស្រាប់នៅសិង្ហបុរីផ្ទាល់ ដើម្បីដឹកជញ្ជូនឱ្យអតិថិជនបានលឿន ប៉ុន្តែប្រតិបត្តិការនេះត្រូវបានបញ្ឈប់ ហើយរាល់ការបញ្ជាទិញតាមរយៈ Amazon.sg នឹងត្រូវដឹកជញ្ជូនមកពីក្រៅប្រទេសវិញដូចជា អាម៉េរិក ជប៉ុន​ និងអាល្លឺម៉ង់។

ការបិទប្រតិបត្តិការនេះនឹងបញ្ឈប់ការងារតិចជាង ១០ ភាគរយ​ នៃកម្លាំងការងារសរុបរបស់ខ្លួនប្រហែល ២ ៥០០ នាក់នៅក្នុងប្រទេសសិង្ហបុរី។ Amazon កំពុងផ្លាស់ប្តូរយុទ្ធសាស្រ្តថ្មី ដោយឈប់លក់ ឬ ដឹកជញ្ជុនទំនិញក្នុងស្រុក ប៉ុន្តែនឹងផ្តោតលើទំនិញនាំចូលពីអាម៉េរិក ជប៉ុន និងអាល្លឺម៉ង់វិញ។ ជាក់ស្តែង ជិត ៨០ ភាគរយ នៃអតិថិជនរបស់ Amazon ក្នុងសិង្ហបុរីទិញទំនិញនាំចូលពីបរទេសបែបនេះតាមរយៈគេហទំព័ររបស់ខ្លួនកាលពីឆ្នាំ ២០២៥។

Amazon នឹងលែងលក់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ឬគ្រឿងទេសដែលអតិថិជនចង់បានភ្លាមៗ ដូចមុនទៀតហើយ ប៉ុន្តែអាចនឹងផ្តោតលើទំនិញប្លែកៗ ឬម៉ាកល្បីៗពីបរទេសវិញ។

លោក Jianggan Li នាយកប្រតិបត្តិក្រុមហ៊ុនបណ្តាក់ទុន Momentum Works លើកឡើងថា ការសម្រេចចិត្តរបស់ Amazon មានភាពសមហេតុផល ដោយសារអាស៊ីអាគ្នេយ៍ទំនងមិនមែនជាទីផ្សារដែលមានឱកាសខ្ពស់ក្នុងការឈ្នះនោះទេ។ វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចផ្សេងៗទៀតនៅក្នុងតំបន់មានភាពប្រកួតប្រជែងលើតម្លៃ និងសម្បូរអ្នកលក់មិនចាំបាច់មានម៉ាកយីហោសាំញុាំច្រើន។

គួរឱ្យបញ្ជាក់ដែរថា ទីផ្សារវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច e-commerce របស់អាស៊ីអាគ្នេយ៍កើនឡើងដល់ ១៥៧,៦ ពាន់លានដុល្លារនៅក្នុងតម្លៃទំនិញសរុប ហើយវេទិកាធំៗចំនួនបី Shopee, TikTok Shop និង Lazada មានចំណែកដល់ទៅ ៩៨,៨ ភាគរយ នៃទីផ្សារទាំងមូល។

Amazon បានចូលក្នុងទីផ្សារអាស៊ីអាគ្នេយ៍ជាលើកដំបូងតាមរយៈប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០១៧ មកម្ល៉េះ ប៉ុន្តែប៉ុន្មានឆ្នាំកន្លងមកនេះ វេទិកា E-commerce ក្នុងតំបន់មានទំនាក់ទំនងជិតស្និទ្ធជាមួយរោងចក្រនៅចិន ដែលអនុញ្ញាតឱ្យពួកគេនាំយកទំនិញមកលក់ក្នុងតម្លៃថោក និងមានជម្រើសច្រើនជាង Amazon។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេផុសគំនិតពីគំរូលក់របស់ចិនដែលរួមបញ្ចូលនូវការលក់ទំនិញតាមរយៈមាតិកា (Content Commerce) ដូចជាការលក់វ៉ាន់បែបផ្សាយផ្ទាល់ ឬ Livestream និង ថតវីដេអូ ដែលតម្រូវតាមចំណង់ចំណូលចិត្តអតិថិជននៅអាស៊ី។

គំរូលក់ពីវេទិកា​ពាណិជ្ជកម្ម​អេឡិច​ត្រូនិក​របស់​ចិនកំពុងភាយសាយ​​នៅក្នុង​អាស៊ី​អាគ្នេយ៍ ជាពិសេសវេទិកាដូចជា TikTok Shop និង Shopee ចាប់យកបានទីផ្សារប្រសើរជាង Amazon។

ថ្វីត្បិតតែ Amazon មានវត្តមាននៅក្នុងប្រទេសសិង្ហបុរីតែមួយគត់នៅក្នុងអាស៊ីអាគ្នេយ៍ពិតមែន ប៉ុន្តែទីផ្សារក្នុងស្រុកហាក់តូចពេក ខណៈដែលផលិតផលភាគច្រើនបំពេញតម្រូវការអ្នកប្រើប្រាស់នៅលោកខាងលិចជាងសឹង្ហបុរី។ Amazon អនុវត្តគំរូលក់បែបអាម៉េរិកនៅក្នុងប្រទេសសិង្ហបុរី ដែលមិនទទួលបានការឆ្លើយតបពីទីផ្សារ ដូចការរំពឹងទុកនោះទេ។  

នៅអាម៉េរិក Amazon Prime គឺជាកញ្ចប់រួមមួយដែលមានទាំងការមើលវីដេអូកម្សាន្ត ស្តាប់តន្ត្រី ការដឹកជញ្ជូនរហ័ស និងការលក់គ្រឿងទេស។ វាគឺជាយុទ្ធសាស្ត្រយកចំណេញពីសេវាកម្មផ្សេងៗ មកទូទាត់ការខាតបង់លើការដឹកជញ្ជូនគ្រឿងទេស និងដើម្បីទាក់ទាញអតិថិជនឱ្យនៅជាប់ជាមួយគេ។ យ៉ាងណាមិញ នៅប្រទេសសិង្ហបុរីវិញ Prime Video របស់ Amazon ដើរក្រោយ Netflix និង Disney+, Amazon Pay ដើរក្រោយ ShopeePay និង GrabPay។

ការលក់គ្រឿងទេសត្រូវប្រឈមមុខជាមួយអាជីវកម្មស្រុកដែលមានបទពិសោធន៍រាប់សិបឆ្នាំដូចជា FairPrice, Cold Storage និង Sheng Siong។ ក្រុមហ៊ុនក្នុងស្រុកទាំងនោះសុទ្ធតែមានបណ្តាញ និង សហការជាមួយនឹងក្រុមហ៊ុនដូចជា Grab និង Foodpanda ដែលធ្វើឲ្យតម្លៃដឹកជញ្ជូនថោក។

ទោះបីជា Amazon ដកថយពីទីផ្សារសិង្ហបុរីពិតមែន ប៉ុន្តែមិនប៉ះពាល់ធ្ងន់ធ្ងរដល់ដៃគូដឹកជញ្ជូន ឬអាជីវកម្មក្នុងស្រុកនោះទេ។ ជាក់ស្តែង Ninja Van ដែលជាក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកសម្រាប់ Amazon.sg លើកឡើងថា ទំនិញដែលដឹកឱ្យ Amazon មានចំនួនតិចតួចប៉ុណ្ណោះ បើធៀបនឹងបរិមាណសរុបរបស់ពួកគេ។ នៅពេល Amazon ឈប់លក់ ពួកគេគ្រាន់តែយកឡាន និងបុគ្គលិកដែលទំនេរទាំងនោះទៅដឹកទំនិញឱ្យក្រុមហ៊ុនផ្សេងទៀតដែលមានតម្រូវការ ហើយពួកគេមិនមានគម្រោងកាត់បន្ថយបុគ្គលិក ឬចំនួនឡានដឹកទំនិញឡើយ។

លោក Kooh Wee Hou ប្រធានផ្នែកពាណិជ្ជកម្មរបស់ Ninja Van លើកឡើងថា ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិច (E-commerce) និងភស្តុភាររបស់សិង្ហបុរីនៅតែរឹងមាំ ដោយសារមានវេទិកាក្នុងស្រុក និងតំបន់ដូចជា Shopee ឬ Lazada កំពុងរីកចម្រើនខ្លាំង រួមជាមួយនឹងការសហការផ្នែកដឹកជញ្ជូនរវាងក្រុមហ៊ុន និងក្រុមហ៊ុន។

ក្រុមហ៊ុនដឹកជញ្ជូន UPS ក៏បានអះអាងស្រដៀងគ្នាថា សេវាកម្មរបស់ពួកគេមិនមានការប្រែប្រួល ឬរងផលប៉ះពាល់ពីការប្រកាសរបស់ Amazon នោះទេ ខណៈដែលក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកផ្សេងទៀតដូចជា SingPost និង J&T Express បដិសេធមិនធ្វើអត្ថាធិប្បាយ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា