ប្រជា​ធិបតេយ្យ​អាម៉េរិក​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​​ក្នុង​រយៈពេល​ ៥០ ​ឆ្នាំ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រជា​ធិបតេយ្យ​អាម៉េរិក​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​​ក្នុង​រយៈពេល​ ៥០ ​ឆ្នាំ​

ប្រជា​ធិបតេយ្យ​អាម៉េរិក​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​​ក្នុង​រយៈពេល​ ៥០ ​ឆ្នាំ​

​បរទេស​៖ ​ប្រជា​ធិបតេយ្យ​នៅ​សហរដ្ឋ​អាម៉េរិក​កំពុង​ជួប​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង ​ដោយ​សូចនាករ​ជិត​ពាក់កណ្តាល​ក្នុង​ចំណោម​ ៣០​ ​សូចនាករ ​បាន​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ ៥០ ​ឆ្នាំ​។ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​វិទ្យាស្ថាន​អន្តរជាតិ​ដើម្បី​ប្រជា​ធិបតេយ្យ ​និង​ជំនួយ​ការ​បោះឆ្នោត​ ​ឬ​ ​International ​ID​EA​។​

របាយការណ៍​ខាង​លើ​ត្រូវ​បាន​ដកស្រង់​មក​ចេញផ្សាយ​បន្ត​ដោយ​កាសែត​រុស្ស៊ី ​RT ​ហើយ​បាន​រាយការណ៍​ថា​ ​អង្គការ​អន្តរ​រដ្ឋាភិបាល​នេះ​បាន​ព្រមាន​ពី​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅក្នុង​សហរដ្ឋ​អាម៉េរិក​ ​ដែល​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​នីតិរដ្ឋ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែមទាំង​ជា​កត្តា​ជំរុញ​ឱ្យ​មាន​អស្ថិរភាព ​និង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​នៅលើ​ពិភពលោក​ផងដែរ​។

​International ​ID​EA ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស៊ុយអែត ​បាន​កត់សម្គាល់​ថា​ ​សូច​នាករ​ជិត​ពាក់កណ្តាល​ក្នុង​ចំណោម​ ៣០​ ​សូចនាករ ​ដែល​ប្រើ​សម្រាប់​វាយតម្លៃ​សុខុមាលភាព​ប្រជា​ធិបតេយ្យ​នៅ​សហរដ្ឋ​អាម៉េរិក​ ​បាន​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​ចាប់​តាំងពី​វិទ្យាស្ថាន​ចាប់ផ្តើម​កត់​ត្រា​ទិន្នន័យ​ក្នុង​ឆ្នាំ​ ១៩៧៥​។

​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​គូសបញ្ជាក់​ពី​វិស័យ​សំខាន់​ៗ​ដែល​បាន​ធ្លាក់ចុះ​រវាង​ឆ្នាំ​ ​២០២០ ​និង​ ​២០២៥ ​រួម​មាន​ការ​ទទួល​បាន​យុត្តិធម៌​ សមភាព​សេដ្ឋកិច្ច​ ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ​សេរីភាព​សារព័ត៌មាន​ ​ប្រសិទ្ធភាព​របស់​សភា​ ​និង​ឯករាជ្យ​ភាព​របស់​ប្រព័ន្ធ​តុលាការ​។

របាយការណ៍​បាន​ភ្ជាប់​ការ​ធ្លាក់ចុះ​នា​ពេល​ថ្មី​ៗ​នេះ​ទៅ​នឹង​ការ​ប្រមូលផ្តុំ​អំណាច​ទៅក្នុង​ស្ថាប័ន​ប្រធានាធិបតី ​ក្នុង​អាណត្តិ​ទី​ពីរ​របស់​ប្រធានាធិបតី​ ​Donald ​Trump ​ប៉ុន្តែ​បាន​កត់សម្គាល់​ថា​ និន្នាការ​នៃ​ការ​សឹករិច​រិល​មួយចំនួន​បាន​ចាប់ផ្តើម​មុន​អាណត្តិ​របស់​លោក​។​

​ក្រុម​អ្នក​វិភាគ​បាន​លើកឡើង​ពី​វិធានការ​នីតិបញ្ញត្តិ​ក្នុង​ស្រុក​ ​រួមទាំង​ច្បាប់​ Beautiful ​Bill ​ដែល​ត្រូវ​បាន​អនុម័ត​នៅ​ខែ​កក្កដា ​ឆ្នាំ​ ​២០២៥​ ​និង​បាន​កាត់បន្ថយ​ជំនួយ​រដ្ឋាភិបាល​សម្រាប់​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប​ ​ថា​ជា​កត្តា​សំខាន់​មួយ​ដែល​ជំរុញ​ឱ្យ​មាន​អស្ថិរ​ភាព​ផ្ទៃក្នុង​បន្ថែម​ទៀត​។

ការ​សិក្សា​នេះ​ក៏​បាន​ភ្ជាប់​ការ​ធ្លាក់ចុះ​នៃ​តុល្យភាព​អំណាច​ប្រជា​ធិបតេយ្យ​ក្នុង​ស្រុក​ទៅ​នឹង​ការ​ផ្លាស់ប្តូរ​នយោបាយ​ការ​បរទេស​។ យោង​តាម ​International ​ID​EA ​យុទ្ធសាស្ត្រ​របស់​រដ្ឋបាល​នេះ​ ​ដែល​សំដៅ​ពង្រឹង​ឧត្តមភាព​តំបន់​នៅ​អឌ្ឍគោល​ខាង​លិច​ ​បាន​ប្រើប្រាស់​សម្ពាធ​សេដ្ឋកិច្ច​ ការ​គំរាមកំហែង​អន្តរាគមន៍​យោធា​ប្រឆាំង​នឹង​ប្រទេស​ជិតខាង ​និង​ការ​ជ្រៀត​ជ្រែក​ការ​បោះឆ្នោត​នៅក្នុង​ប្រទេស​ដូចជា​ អាហ្សង់ទីន កូឡុំប៊ី ​និង​ហុងឌុយ​រ៉ាស​។

​សកម្មភាព​ដែល​ត្រូវ​បាន​លើកឡើង​ជា​ឧទាហរណ៍ រួម​មាន​ប្រតិបត្តិការ​យោធា​នៅ​វេណេស៊ុយអេឡា ​ដែល​បាន​ឈាន​ដល់​ការ​ចាប់​ខ្លួន​ប្រធានាធិបតី​ ​Nicolas ​Maduro​។

​ក្រៅ​ពី​អា​ម៉េរិក​ឡាទីន ​អង្គការ​នេះ​ក៏​បាន​រិះគន់​សកម្មភាព​យោធា​ឯកតោ​ភាគី​នៅ​បរទេស ​ដោយ​ចង្អុលបង្ហាញ​ជាពិសេស​អំពី​ជម្លោះ​ពាក់ព័ន្ធ​នឹង​អ៊ីរ៉ង់ ​ដែល​បាន​ចាប់ផ្តើម​នៅ​ខែ​កុម្ភៈ​ ​ដោយ​គ្មាន​ការ​អនុញ្ញាត​ជា​មុន​ពី​សភា​ ​ឬ​អនុលោម​តាម​ក្របខ័ណ្ឌ​សន្តិសុខ​រួម​របស់​អង្គការ​សហ​ប្រជា​ជាតិ​។

របាយការណ៍​បាន​អះអាង​ថា​ ​ការ​បំផ្លាញ​នីតិរដ្ឋ​ក្នុង​ស្រុក​មាន​ទំនាក់ទំនង​ផ្ទាល់​ទៅ​នឹង​ការ​មើល​រំលង​បទដ្ឋាន​អន្តរជាតិ​ស្តីពី​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា