រដ្ឋមួយនៅឥណ្ឌា ងាកមកប្រើ AI ដោះស្រាយបញ្ហាខ្វះគ្រូ និងថ្លៃសិក្សាខ្ពស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមួយនៅឥណ្ឌា ងាកមកប្រើ AI ដោះស្រាយបញ្ហាខ្វះគ្រូ និងថ្លៃសិក្សាខ្ពស់

រដ្ឋមួយនៅឥណ្ឌា ងាកមកប្រើ AI ដោះស្រាយបញ្ហាខ្វះគ្រូ និងថ្លៃសិក្សាខ្ពស់

វិស័យអប់រំនៅរដ្ឋ Bihar ប្រទេសឥណ្ឌា កំពុងងាកមកប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កាន់តែច្រើន ដើម្បីជួយដោះស្រាយបញ្ហាកង្វះគ្រូបង្រៀន និងថ្លៃសិក្សាបន្ថែមនៅស្ថាប័នឯកជនដែលមានតម្លៃខ្ពស់ហួសពីលទ្ធភាពរបស់គ្រួសារដែលមានចំណូលទាប។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT ការប្រើប្រាស់កម្មវិធីបង្រៀនតាម AI ឥតគិតថ្លៃមួយឈ្មោះ Vidya Saathi កំពុងកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងរដ្ឋនេះ ដោយផ្តល់ជំនួយសិក្សាភ្លាមៗដល់សិស្សក្នុងរយៈពេលត្រឹមតែ ៦០ វិនាទីក្នុងមួយថ្ងៃ។ គិតមកដល់ពេលនេះ កម្មវិធីនេះមានសិស្សចុះឈ្មោះប្រើប្រាស់ប្រមាណ ៣០ ម៉ឺននាក់នៅកម្រិតអនុវិទ្យាល័យទូទាំងរដ្ឋ Bihar។

ការផ្លាស់ប្តូរនេះកើតឡើងស្របពេលសាលារដ្ឋនៅក្នុងតំបន់មួយចំនួនកំពុងប្រឈមនឹងកង្វះគ្រូបង្រៀនរ៉ាំរ៉ៃ ខណៈសេវាបង្រៀនបន្ថែមនៅតាមស្ថាប័នឯកជនមានតម្លៃខ្ពស់។ បញ្ហាទាំងនេះបានធ្វើឱ្យសិស្សមកពីគ្រួសារដែលមានចំណូលទាប ជាពិសេសអ្នករស់នៅតំបន់ដាច់ស្រយាល ពិបាកទទួលបានការណែនាំ និងជំនួយសិក្សាដែលមានគុណភាព។

តាមរយៈកម្មវិធី Vidya Saathi សិស្សអាចទទួលបានការណែនាំ និងការពន្យល់លើមុខវិជ្ជាស្មុគស្មាញដោយផ្ទាល់ ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់ទីក្រុងធំៗ ដើម្បីស្វែងរកមជ្ឈមណ្ឌលបង្រៀន ឬចំណាយប្រាក់ច្រើនលើគ្រូបង្រៀនឯកជនឡើយ។ កម្មវិធីនេះក៏ជួយកាត់បន្ថយឧបសគ្គផ្នែកហិរញ្ញវត្ថុ និងភូមិសាស្ត្រ ដែលធ្លាប់រារាំងឱកាសសិក្សារបស់សិស្សនៅតាមតំបន់ជនបទផងដែរ។

ប្រភពដដែលបានរាយការណ៍ថា លទ្ធផលនៃគំនិតផ្តួចផ្តើមនេះត្រូវបានបង្ហាញតាមរយៈការកើនឡើងគួរឱ្យកត់សម្គាល់នៃអត្រាប្រឡងជាប់នៅតាមតំបន់ជនបទ ព្រមទាំងការជួយឱ្យសិស្សក្រីក្ររាប់រយនាក់អាចប្រឡងជាប់ចូលរៀនក្នុងកម្រិតថ្នាក់ជាតិ។

ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋានកំពុងស្វែងរកភាពជាដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដើម្បីនាំយកធនធានឌីជីថលទំនើបមកប្រើប្រាស់ក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ។ ការប្រើប្រាស់ឧបករណ៍ដែលអាចផ្តល់ការពន្យល់ភ្លាមៗ កំពុងជួយឱ្យសិស្សជំនាន់ថ្មីមានលទ្ធភាពកាន់តែប្រសើរក្នុងការរៀនសូត្រ និងត្រៀមខ្លួនសម្រាប់ការប្រឡងថ្នាក់ជាតិដែលមានការប្រកួតប្រជែងខ្ពស់។

គួរបញ្ជាក់ថា រដ្ឋ Bihar គឺជារដ្ឋមួយក្នុងចំណោមរដ្ឋក្រីក្របំផុតនៅក្នុងប្រទេសឥណ្ឌា ដោយមានប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ប្រមាណ ៣៨៤ ដុល្លារអាម៉េរិក ឬស្មើនឹងត្រឹមតែ ៣១,៧ ភាគរយនៃប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនឥណ្ឌាទូទៅ។

ស្ថានភាពនេះធ្វើឱ្យការចំណាយលើការអប់រំឯកជនក្លាយជាបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់សម្រាប់គ្រួសារជាច្រើន ហើយជំរុញឱ្យបច្ចេកវិទ្យា AI ក្លាយជាជម្រើសជំនួយសិក្សាដែលកាន់តែមានសារៈសំខាន់សម្រាប់សិស្សនៅក្នុងរដ្ឋនេះ៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា