​​APE​C ​២០​២៦ ​ក្លាយជា​វេទិកា​ប្រកួត​ប្រជែង​ឥទ្ធិពល​មហា​អំណាច​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
​​APE​C ​២០​២៦ ​ក្លាយជា​វេទិកា​ប្រកួត​ប្រជែង​ឥទ្ធិពល​មហា​អំណាច​

​​APE​C ​២០​២៦ ​ក្លាយជា​វេទិកា​ប្រកួត​ប្រជែង​ឥទ្ធិពល​មហា​អំណាច​

សិន​ជិន​៖​ វេទិកា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក ​(​APEC​) ​ដែល​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៨៩ ​ដើម្បី​ជំរុញ​ការ​កាត់បន្ថយ​ពន្ធ​គយ ​និង​សម្រួល​ពាណិជ្ជកម្ម​ក្នុង​តំបន់ ​បាន​ក្លាយជា​ចំណុច​ប្រសព្វ​នៃ​ការ​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​រវាង​មហា​អំណាច​ពិភពលោក​ ​នៅក្នុង​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ​ ​២០២៦ ​ដែល​រៀបចំ​នៅ​ទីក្រុង​សិន​ជិន ​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​ ​១៨​-​១៩​ ​ខែ​វិច្ឆិកា​។

​កិច្ច​ប្រជុំ​ដែល​មាន​ការ​ចូលរួម​ពី​មេដឹកនាំ​នៃ​ខឿន​សេដ្ឋកិច្ច​សមាជិក​ទាំង​ ​២​១ ​មិន​ត្រឹមតែ​ផ្តោត​លើ​របៀប​វារៈ​ពាណិជ្ជកម្ម ​និង​ការ​វិនិយោគ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​បាន​ក្លាយជា​វេទិកា​សម្រាប់​ការ​ចរចា​ការទូត​កម្រិត​ខ្ពស់​ ការ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ជម្លោះ​អន្តរជាតិ​ ​និង​ការ​ប្រកួតប្រជែង​លើ​វិស័យ​បច្ចេកវិទ្យា​ផងដែរ​។

​ចំណុច​ដែល​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង ​គឺ​ជំនួប​ត្រី​ភាគី​ជា​ប្រវត្តិសាស្ត្រ​លើក​ដំបូង​រវាង​ប្រធានាធិបតី​ចិន ​លោក​ ​X​i Jinping ​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​ ​លោក​ Donald ​Trump ​និង​ប្រធានាធិបតី​រុស្ស៊ី ​លោក​ Vladimir ​Putin ​នៅ​ក្រៅ​ក្របខណ្ឌ​ផ្លូវការ​នៃ​កិច្ច​ប្រជុំ​កំពូល​ APE​C ​កាលពី​ថ្ងៃ​ទី​ ​១៩​ ​ខែ​វិច្ឆិកា​។​

​ការ​ជួបជុំគ្នា​របស់​មេដឹកនាំ​មហា​អំណាច​នុយក្លេអ៊ែរ​ទាំង​៣ ​បាន​បង្កឱ្យ​មាន​ការ​ប្រៀបធៀប​ទៅ​នឹង​សន្និសីទ​យ៉ាល់តា​ ​(​Yalta ​Conference​)​ ​ក្នុង​ឆ្នាំ​១៩៤៥ ​ដែល​មេដឹកនាំ​មហា​អំណាច​បាន​ជួប​ពិភាក្សា​អំពី​សណ្តាប់ធ្នាប់​ពិភពលោក​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២​។​ ​ការ​ប្រៀបធៀប​នេះ​ក៏​បាន​បង្កើត​ជា​ក្តី​បារម្ភ​ក្នុង​ចំណោម​ប្រទេស​តូច​ៗ ​និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​ថា​ ​ផលប្រយោជន៍​ ​និង​ជោគ​វាសនា​សន្តិសុខ​របស់​ពួកគេ​អាចនឹង​មិន​ត្រូវ​បាន​យកចិត្តទុកដាក់​គ្រប់គ្រាន់​ក្នុង​ការ​ចរចា​រ​វាង​មហា​អំណាច​។​

​ទោះជា​យ៉ាងណា​ ​អ្នក​វិភាគ​មើល​ឃើញ​ថា​ ​ផលប្រយោជន៍​ជាតិ​ដែល​មាន​ភាព​ខុសគ្នា​រវាង​មហា​អំណាច​ទាំង​៣ ​អាច​ធ្វើឱ្យ​ការ​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ទូលំទូលាយ​មាន​ការ​លំបាក​។ ​ប៉ុន្តែ​ជំនួប​នេះ​បាន​បង្ហាញ​ពី​ការ​កើនឡើង​នៃ​តួនាទី​ការទូត​ដោយ​ផ្ទាល់​រវាង​មេដឹកនាំ​មហា​អំណាច​ ​ក្នុង​ការ​ពិភាក្សា​អំពី​បញ្ហា​អន្តរជាតិ​ ​និង​ការ​គ្រប់គ្រង​ភាព​តានតឹង​ពិភពលោក​។

​ក្នុង​ជំនួប​នេះ​ ​វិបត្តិ​សន្តិសុខ​អន្តរជាតិ​ ​ជាពិសេស​សង្គ្រាម​រុស្ស៊ី​-​អ៊ុយក្រែន ​និង​ជម្លោះ​ពាក់ព័ន្ធ​នឹង​ប្រទេស​អ៊ីរ៉ង់ ​ស្ថិត​ក្នុង​ចំណោម​ប្រធានបទ​សំខាន់​ៗ​ដែល​មេដឹកនាំ​បាន​ពិភាក្សា​។ ​លោក​ Trump ​ក៏​បាន​ជំរុញ​ការ​ពិភាក្សា​លើ​ការ​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ ​និង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ជម្លោះ​នុយក្លេអ៊ែរ​ផងដែរ​។

​ចំណែក​លោក​ Putin ​បាន​លើកឡើង​ថា​ ទណ្ឌកម្ម​របស់​ប្រទេស​លោក​ខាង​លិច​បាន​បរាជ័យ ​និង​បាន​បង្ហាញ​ពី​ទស្សនៈ​ថា​ ​ពិភពលោក​កំពុង​ឆ្ពោះទៅ​រក​សណ្តាប់ធ្នាប់​ពហុ​ប៉ូល​។ ​សម្រាប់​ប្រទេស​ចិន ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​មេដឹកនាំ​អាម៉េរិក​ ​និង​រុស្ស៊ី ​បាន​ផ្តល់​ឱកាស​ឱ្យ​ទីក្រុង​ប៉េកាំង​បង្ហាញ​តួនាទី​របស់​ខ្លួន​ក្នុង​ការ​សម្របសម្រួល​កិច្ច​សន្ទនា​រវាង​មហា​អំណាច​ ​និង​ពង្រឹង​ឥទ្ធិពល​ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ​ឬ​ក្រុម​ប្រទេស​សកល​ខាង​ត្បូង ​(​Global South​)​។

​ក្រៅ​ពី​វិបត្តិ​សន្តិសុខ​ ​សង្គ្រាម​ពាណិជ្ជកម្ម ​និង​ការ​ប្រកួតប្រជែង​សេដ្ឋកិច្ច​ក៏​ជា​បញ្ហា​សំខាន់​ដែល​មហា​អំណាច​ត្រូវ​ដោះស្រាយ​។ បទ​ឈប់​បាញ់​ពន្ធ​គយ​ដ៏​ផុយ​ស្រួយ​រវាង​អាម៉េរិក​ ​និង​ចិន​ ​គ្រោង​នឹង​ផុត​កំណត់​នៅ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដែល​ធ្វើឱ្យ​ការ​ចរចា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នៅតែ​មាន​សារៈសំខាន់​។

​មន្ត្រី​អាម៉េរិក​បាន​ជំរុញ​ឱ្យ​ចិន​បន្ត​ទិញ​កសិផល​ពី​អាម៉េរិក​ ​និង​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ការ​នាំចេញ​រ៉ែ​កម្រ ​ដែល​ជា​វត្ថុធាតុដើម​សំខាន់​សម្រាប់​ឧស្សាហកម្ម​បច្ចេកវិទ្យា​ ​និង​វិស័យ​ការពារ​ជាតិ​។ ​បញ្ហា​ទាំងនេះ​បាន​បង្ហាញ​ពី​ការ​ពឹងផ្អែក​គ្នា​ផ្នែក​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​ ​ទោះបីជា​ពួកគេ​កំពុង​ប្រកួតប្រជែង​គ្នា​លើ​ឥទ្ធិពល​សកល​ក៏​ដោយ​។

​ជាមួយគ្នា​នេះ​ គោល​នយោបាយ​ពន្ធ​គយ​របស់​លោក​ Trump ​និង​ភាព​មិន​ប្រាកដប្រជា​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាម៉េរិក​ ​បាន​ជំរុញ​ឱ្យ​សមាជិក​ ​APEC ​ផ្សេងទៀត ​រួមទាំង​កាណាដា ​និង​ប្រទេស​អាស៊ី​អាគ្នេយ៍​ ​ពិចារណា​ពង្រឹង​ពាណិជ្ជកម្ម​ក្នុង​តំបន់ ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ពី​ការ​ពឹងផ្អែក​ខ្លាំង​លើ​ទីផ្សារ​អាម៉េរិក​។​

​បន្ថែម​ពីលើ​នេះ​ បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​និង​បច្ចេកវិទ្យា​ទំនើប​ ​ក៏​បាន​ក្លាយជា​សមរ​ភូមិ​ប្រកួត​ប្រជែង​ឥទ្ធិពល​មួយ​ទៀត​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​ប៉េកាំង​។ ​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​បង្កើត​បណ្តាញ​ទំនាក់ទំនង​បន្ទាន់ ​ដើម្បី​ទប់ស្កាត់​ហានិភ័យ​ដែល​អាច​កើតមាន​ពី​ការ​ប្រើប្រាស់​ AI ​និង​ការ​វាយតម្លៃ​ខុស​ដែល​អាច​បង្កឱ្យ​មាន​វិបត្តិ​។

​ទោះជា​យ៉ាងណា​ ​ភាព​ខុសគ្នា​នៅតែ​មាន​លើ​ការ​រឹតត្បិត​ការ​នាំចេញ​បន្ទះ​ឈីប​ទំនើប​របស់​អាម៉េរិក​ ​និង​ការ​គ្រប់គ្រង​បច្ចេកវិទ្យា​។ ​លោក​ Trump ​ប្រឆាំង​នឹង​ការ​ដាក់​កំហិត​ជា​សកលលើ​បច្ចេកវិទ្យា​ ​ខណៈ​លោក​ ​X​i គាំទ្រ​ការ​បង្កើត​ប្រព័ន្ធន​វានុវត្តន៍​បើកចំហ ​និង​អភិបាលកិច្ច​ឌីជីថល​រួមគ្នា​នៅក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​។​

​ជា​រួម ​កិច្ច​ប្រជុំ​កំពូល​ APE​C ​ឆ្នាំ​២០២៦ ​បាន​បង្ហាញ​ថា​ ​សេដ្ឋកិច្ច​ ​និង​ភូមិសាស្ត្រ​នយោបាយ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ ​ដោយ​ជម្លោះ​សន្តិសុខ​ ​សង្គ្រាម​ពាណិជ្ជកម្ម ​និង​ការ​ប្រកួតប្រជែង​បច្ចេកវិទ្យា​ ​សុទ្ធតែ​អាច​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ ​និង​ស្ថិរ​ភាព​ពិភពលោក​។​

​ទោះបីជា​កិច្ច​ប្រជុំ​មួយ​មិន​អាច​ដោះស្រាយ​វិបត្តិ​អន្តរជាតិ​ទាំងអស់​បាន​ភ្លាម​ៗ​ក៏​ដោយ​ ការ​ជួប​ពិភាក្សា​រវាង​មេដឹកនាំ​មហា​អំណាច​នៅ​ទីក្រុង​សិន​ជិន ​បាន​បង្ហាញ​ពី​សារៈសំខាន់​នៃ​កិច្ច​សន្ទនា ​និង​កិច្ច​សហប្រតិបត្តិការ​ ​ក្នុង​ការ​គ្រប់គ្រង​ភាព​តានតឹង​ ​និង​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​រួម​របស់​ពិភពលោក​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា