ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox ប្រកាសដំឡើងថ្លៃផលិតផល ដោយសារតម្លៃបន្ទះឈីបបន្តឡើងថ្លៃខ្លាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox ប្រកាសដំឡើងថ្លៃផលិតផល ដោយសារតម្លៃបន្ទះឈីបបន្តឡើងថ្លៃខ្លាំង

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox ប្រកាសដំឡើងថ្លៃផលិតផល ដោយសារតម្លៃបន្ទះឈីបបន្តឡើងថ្លៃខ្លាំង

បរទេស៖ ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox របស់ Microsoft បានប្រកាសដំឡើងថ្លៃផលិតផលរបស់ពួកគេជាសកល ដោយសារតែតម្លៃបន្ទះឈីបនៃអង្គចងចាំ (Memory) បន្តឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ហើយមិនទាន់អាចសន្មត់ពីការធ្លាក់ចុះវិញនៅពេលណានោះទេ។

Advertisement

តាមការចេញផ្សាយដោយ BBC បានឱ្យដឹងថា ថ្មីៗនេះ ក្រុមហ៊ុន Apple បានដំឡើងថ្លៃ MacBook និង iPad មួយចំនួនរបស់ខ្លួនជិតបន្ថែម ២០ ភាគរយ ដោយបញ្ជាក់ពីហេតុផលថា វិស័យអេឡិចត្រូនិកកំពុងជួបប្រទះនឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក នោះគឺការកើនឡើងថ្លៃខុសពីធម្មតានៃបន្ទះឈីបដែលជាវត្ថុធាតុដើមយ៉ាងសំខាន់សម្រាប់យកទៅផ្គត់ផ្គង់ដល់មជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត។ ទន្ទឹមនឹងនេះ កុំព្យូទ័រយួរដៃ MacBook Pro ទំហំផ្ទុកទិន្នន័យ 1TB ឡើងថ្លៃ មានតម្លៃចន្លោះពី ១ ៦៩៩ ដុល្លារ ទៅ ១ ៩៩៩ ដុល្លារក្នុងមួយគ្រឿង នៅលើទីផ្សារនៅអាម៉េរិក ហើយនៅចក្រភពអង់គ្លេសវិញ កុំព្យូទ័រយួរដៃ ម៉ូដែល MacBook Neo ដែលមានតម្លៃទាបបំផុតក៏ឡើងថ្លៃចន្លោះពី ៥៩៩ ផោន ទៅ ៦៩៩ ផោន ក្នុងមួយគ្រឿង ។

Apple បានលើកឡើងថា ក្រុមហ៊ុនមិនដែលឃើញតម្លៃគ្រឿងបន្លាស់ឡើងថ្លៃខ្លាំង និងលឿនរហ័សបែបនេះនោះទេ ហើយខ្លួនក៏កំពុងតែស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ។

Apple បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា​ ៖ «យើងជួយការពារអតិថិជនពីការឡើងថ្លៃទាំងនេះនាពេលកន្លងមក ប៉ុន្តែឥឡូវនេះយើងបានឈានដល់ដែនកំណត់មួយដែលចាំបាច់ត្រូវតែដំឡើងថ្លៃលើផលិតផលមួយចំនួន ដូចជា iPad និង Mac ជាដើម»។  

ក្រោយការប្រកាសរបស់ Apple មិនទាន់បានប៉ុន្មានផង ក្រុមហ៊ុនហ្គេម Xbox ក៏បានសម្រេចចិត្តដំឡើងថ្លៃម៉ាស៊ីនហ្គេមដ៏ពេញនិយមរបស់ខ្លួនយ៉ាងខ្លាំងក្លាផងដែរ។ នេះគឺជាការដំឡើងថ្លៃលើកទី២ ក្នុងរយៈពេលមិនដល់មួយឆ្នាំផង ដោយសារតែវិបត្តិគ្រឿងបន្លាស់ឡើងថ្លៃ។ ជាក់ស្ដែង កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ Xbox បានប្រកាសថា ម៉ាស៊ីនហ្គេមប្រភេទធម្មតានឹងឡើងថ្លៃ ១០០ ដុល្លារបន្ថែមក្នុងមួយគ្រឿង (ឡើងថ្លៃពី ៣៩៩ ដុល្លារទៅ ៤៩៩ ដុល្លារ)។ ម៉ាស៊ីនហ្គេមដែលមានអង្គចងចាំធំ ឬ memory ធំ នឹងឡើងថ្លៃ ១៥០ ដុល្លារបន្ថែមក្នុងមួយគ្រឿង ដែលធ្វើឲ្យវាអាចមានតម្លៃ ៧៤៩ ដុល្លារក្នុងមួយគ្រឿង។ តម្លៃថ្មីនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីខែសីហាតទៅ។ សូមជម្រាបថា កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ Xbox ធ្លាប់បានដំឡើងថ្លៃម៉ាស៊ីនហ្គេមរបស់ខ្លួនម្តងរួចមកហើយ ចន្លោះពី ២០ ដុល្លារទៅ ៧០ ដុល្លារបន្ថែមក្នុងមួយគ្រឿង។​


ជាមួយគ្នានេះ Xbox ក៏បានបង្ហាញពីក្តីបារម្ភដែរថា ពួកគេបង្ខំចិត្តដំឡើងថ្លៃដែលជាការទម្លាក់បន្ទុកទៅលើអ្នកប្រើប្រាស់ ប៉ុន្តែដោយសារតែការកើនឡើងនៃថ្លៃដើមឧបករណ៍ផ្ទុកទិន្នន័យ និងឈីបអង្គចងចាំរបស់ម៉ាស៊ីនហ្គេម។ Xbox ក៏បានលើកឡើងស្រដៀងនឹង Apple ដែរថា ឧស្សាហកម្មគ្រឿងអេឡិចត្រូនិកទាំងមូលកំពុងទប់ទល់នឹងវិបត្តិគ្រឿងបន្លាស់នាពេលបច្ចុប្បន្ន ប៉ុន្តែផលប៉ះពាល់នេះមានភាពធ្ងន់ធ្ងរខ្លាំង ជាពិសេសទៅលើម៉ាស៊ីនហ្គេម។

លោក Paolo Pescatore អ្នកវិភាគផ្នែកបច្ចេកវិទ្យា បានលើកឡើងថា ការដំឡើងថ្លៃរបស់ Apple បានបង្ហាញឱ្យឃើញពីការផ្ទុះឡើងនៃបច្ចេកវិទ្យា AI ដែលកំពុងជះឥទ្ធិពលដល់អ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិក។ សកម្មភាពរបស់ Apple បានបង្ហាញថា សូម្បីតែចំពោះក្រុមហ៊ុនបច្ចេកវិទ្យាធំជាងគេបំផុតនៅលើពិភពលោកក៏ពិបាកនឹងទប់ទល់ចំពោះការកើនឡើងនៃថ្លៃដើមគ្រឿងបន្លាស់សំខាន់ៗដែរ។ ការឡើងថ្លៃនៃតម្លៃឈីបអង្គចងចាំ និងឧបករណ៍ផ្ទុកទិន្នន័យបណ្តាលមកពីការរីកដុះដាលនៃមជ្ឈមណ្ឌលទិន្នន័យដែលត្រូវការជាចាំបាច់ដើម្បីផ្គត់ផ្គង់ដល់បច្ចេកវិទ្យា AI។ បញ្ហានេះបានបង្កឱ្យមានអតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការ មានន័យថា គ្រប់គ្នាចាំបាច់ត្រូវតែចំណាយប្រាក់ច្រើនជាងមុន។

ក្រុមហ៊ុនផលិតឈីបដ៏ធំរបស់កោះតៃវ៉ាន់ TSMC ក៏បានបញ្ជាក់ដែរថា បញ្ហាអតិផរណាកំពុងតែរុញច្រានឱ្យថ្លៃដើមនៃការធ្វើអាជីវកម្មកាន់តែខ្ពស់ និងមិនអាចបដិសេធអំពីលទ្ធភាពនៃការដំឡើងថ្លៃឈីបបាននោះទេ ។ គួរឲ្យបញ្ជាក់ដែរថា​ ក្រុមហ៊ុន TSMC គឺជាអ្នកផលិតបន្ទះឈីបកម្រិតខ្ពស់បំផុតទៅតាមការរចនាពីក្រុមហ៊ុនល្បីៗ ដូចជា Apple, Nvidia និង AMD ជាដើម៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា