កម្ពុជា នឹងទទួលរង El Niño ៖ ក្រសួងចំនួន២ ជំរុញវិធានការបន្ទាន់ ដើម្បីគ្រប់គ្រង និងពង្រឹងសន្តិសុខទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា នឹងទទួលរង El Niño ៖ ក្រសួងចំនួន២ ជំរុញវិធានការបន្ទាន់ ដើម្បីគ្រប់គ្រង និងពង្រឹងសន្តិសុខទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង

កម្ពុជា នឹងទទួលរង El Niño ៖ ក្រសួងចំនួន២ ជំរុញវិធានការបន្ទាន់ ដើម្បីគ្រប់គ្រង និងពង្រឹងសន្តិសុខទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង

ភ្នំពេញ ៖ ជាការឆ្លើយតបនឹងគ្រោះរាំងស្ងួតដែលបង្កឡើងពី El Niño ក្រសួងឧស្សាហកម្ម បានជំរុញឱ្យប្រតិបត្តិករទឹកស្អាតប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សហការជិតស្និទ្ធជាមួយភាគីជប៉ុន ដើម្បីបង្កើនប្រសិទ្ធភាព និងរៀបចំប្រព័ន្ធគ្រប់គ្រងទឹកស្អាតឱ្យបានរឹងមាំ ពង្រឹងសន្តិសុខទឹកស្អាត ខណ:ក្រសួងធនធានទឹកបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ ថែរក្សាប្រភពទឹកទុកសម្រាប់ប្រើក្នុងរដូវប្រាំងខាងមុខដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់។

នៅក្នុងសេចក្ដីប្រកាសផ្លូវការកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ដោយផ្អែកលើការតាមដាន និងវិភាគលើស្ថានភាពវិវត្តន៍ប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច និងមហាសមុទ្រឥណ្ឌា ព្រមទាំងតំបន់អេក្វាទ័របានបង្ហាញឱ្យឃើញថា ប្រព័ន្ធសម្ពាធបរិយាកាសទិសដៅខ្យល់មូសុងនិរតី និងការវិវត្តនៃប្រព័ន្ធពពកទឹកភ្លៀងនៅក្នុងតំបន់ និងស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា កំពុងឈានទៅរកការផ្លាស់ប្តូរពីរដូវវស្សាទៅរដូវប្រាំង។ 

ការបញ្ចប់ឥទ្ធិពលរបបខ្យល់មូសុងនិរតី និងការកើនឡើងនៃឥទ្ធិពលខ្យល់មូសុងឦសាន ព្រមទាំងការថយចុះនៃបរិមាណទឹកភ្លៀងជាបន្តបន្ទាប់ នឹងធ្វើឱ្យរដូវវស្សាប្រចាំឆ្នាំ២០២៦ បញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា ហើយបាតុភូតអែលនីញ៉ូ (El Niño) នឹងស្ថិតនៅក្នុងកម្រិត ១០០ភាគរយ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ និងធ្វើឱ្យខ្យល់មូសុងឦសាននាំមកនូវបរិមាណទឹកភ្លៀងក្នុងកម្រិតខ្សោយ ជាមួយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងបាតុភូតអាកាសធាតុមួយចំនួនទៀតដែលអាចកើតមានឡើងនៅក្នុងតំបន់មួយចំនួននៃប្រទេសកម្ពុជា។នេះបើតាមសេចក្ដីប្រកាស។

យោងតាមការវិវត្តប្រែប្រួលដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាចូលរួមក្នុងការប្រើប្រាស់ទឹកដោយសន្សំសំចៃ និងចូលរួមថែរក្សាប្រភពទឹកទុកសម្រាប់រដូវប្រាំងខាងមុខដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តតាមដានអំពីស្ថានភាពអាកាសធាតុ និងអាកាសធាតុ ដើម្បីជម្រាបជូនដំណឹងជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួល។

ដោយឡែក ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់ កម្ពុជា-ជប៉ុន លើកទី១៩ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានជំរុញឱ្យរដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករទឹកស្អាតឯកជន ត្រៀម​លក្ខណៈទប់ទល់នឹងឥទ្ធិពល El Niño ដែលអាចបង្កគ្រោះរាំងស្ងួត ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីពង្រឹងសន្តិសុខទឹក និងបង្កើនប្រសិទ្ធភាពសេវាផ្គត់ផ្គង់ទឹកស្អាតសម្រាប់រដូវប្រាំងខាងមុខនេះ។

ថ្លែងនៅក្នុងពិធី ឯកឧត្តមបានលើកឡើងថា ៖ ​«ប្រតិ​បត្តិករ​ត្រូវយកចិត្តទុកដាក់ និងត្រៀមវិធានការដើម្បីកាត់បន្ថយផលប៉ះពាល់ពីឥទ្ធិពល El Niño ជាពិសេស ការគ្រប់គ្រង និងថែរក្សាប្រភពទឹក ដើម្បីធានានិរន្តរភាពនៃការផ្តល់សេវា»។

ឯកឧត្តមបានសង្កត់ធ្ងន់លើតួនាទីនៃបច្ចេកវិទ្យា ក្នុងការលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត រួមមាន ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្តាញបំពង់ឌីជីថល ប្រព័ន្ធគ្រប់គ្រងតំបន់វាស់ស្ទង់ទឹក និងឧបករណ៍វាស់លំហូរទឹក (Flowmeter) ដើម្បីកាត់បន្ថយទឹកគ្មានចំណូល ព្រមទាំងប្រព័ន្ធត្រួតពិនិត្យគុណភាពទឹកដោយស្វ័យប្រវត្តិ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យបង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការចែករំលែកព័ត៌មានឧតុនិយម ការការពារ និងនិរន្តរភាពនៃប្រភពទឹក ព្រមទាំងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការពង្រីកការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ទប់ស្កាត់ការបំពុលប្រភពទឹកធម្មជាតិ។

លោក Yasuda Masahiro ប្រធានការិយាល័យកិច្ចការអន្តរជាតិវិស័យទឹកស្អាត និងទឹកកខ្វក់ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ក៏បានសង្កត់ធ្ងន់លើការយកចំណេះដឹង និងបច្ចេកវិទ្យាដែលបានចែករំលែកនៅក្នុងសិក្ខាសាលា ទៅអនុវត្តជាក់ស្តែង។

លោក Yasuda បានលើកឡើងថា៖ «បច្ចេកវិទ្យា បង្ហាញពីតម្លៃរបស់វានៅពេលត្រូវបានប្រើប្រាស់នៅទីតាំងជាក់ស្តែង រាល់ប្រតិបត្តិការ និងការថែទាំឱ្យបានត្រឹមត្រូវ នឹងបង្កើតចេញជាលទ្ធផលជាក់ស្តែង»។

ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តឱ្យភាគីកម្ពុជា និងជប៉ុន ពង្រីកកិច្ចសហប្រតិបត្តិការពីដំណាក់កាលណែនាំបច្ចេកវិទ្យា ឆ្ពោះទៅការសាកល្បងនៅទីតាំងជាក់ស្តែង ដើម្បីវាយតម្លៃពីប្រសិទ្ធភាព និងការពង្រីកកិច្ចអនុវត្តដំណោះស្រាយ ដែលសមស្របនឹងស្ថានភាពនៅកម្ពុជា។

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា