ប៊ែលហ្សិក រារាំង​បំណងអឺរ៉ុបដែលចង់​រឹបអូស​ទ្រព្យ​បង្កក​ទាំងអស់​របស់​រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៊ែលហ្សិក រារាំង​បំណងអឺរ៉ុបដែលចង់​រឹបអូស​ទ្រព្យ​បង្កក​ទាំងអស់​របស់​រុស្ស៊ី

ប៊ែលហ្សិក រារាំង​បំណងអឺរ៉ុបដែលចង់​រឹបអូស​ទ្រព្យ​បង្កក​ទាំងអស់​របស់​រុស្ស៊ី

​បរទេស ៖ ប្រទេស​ប៊ែលហ្សិក ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ប៉ុនប៉ង​សាជា​ថ្មី​របស់បណ្តា​រដ្ឋ​ជាសមាជិក​សហ​ភាព​អឺរ៉ុប​មួយចំនួន​ដែលចង់​រឹបអូស​យក​ទ្រព្យសម្បត្តិ​បម្រុង​របស់​រុស្ស៊ី​ដែលបានបង្ខាំង​ទុកចាប់​តាំងពី​ពេល​​ដែល​មានជម្លោះ​យោធា​ជាមួយនឹង​អ៊ុយក្រែន​កាលពីឆ្នាំ២០២២ ក្នុងតម្លៃ​រាប់​រយ​ពាន់​លាន​ដុល្លារ។

​យោង​តាម​ការ​ចេញផ្សាយ​របស់​ RT ​បាន​សរសេរ​ថា ​អឺរ៉ុប​ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា ​ទ្រព្យសម្បត្តិ​ទាំងនោះ​គួរតែ​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ដើម្បី​​ផ្តល់​ជាជំនួយ​ទៅដល់​ប្រទេស​អ៊ុយក្រែន​។ ​យ៉ាងណា​ក្តី​ គោលជំហរ​របស់​រដ្ឋាភិបាល​ប៊ែលហ្សិក​នៅតែ​រឹងមាំ ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ​លោក​ Theo ​Francken ​បាន​ប្រកាស​ថា​ ​រឿង​នេះ​គឺ​មិន​អាច​ចរចា​បាន​ជា​ដាច់ខាត​ ​ហើយ​ទ្វារ​នៃ​កិច្ចពិភាក្សា​លើ​ប្រធានបទ​នេះ​ត្រូវ​បាន​បិទ​បញ្ចប់​​។

​ការ​ព្យាយាម​សាជា​ថ្មី​នេះ​ ត្រូវ​បានផ្តួចផ្តើម​ឡើង​ដោយ​ប្រទេស​ចំនួន ៤ ជាសមាជិកសហភាពអឺរ៉ុប រួមមាន ប្រទេសប៉ូឡូញ ហូឡង់ អេស្ប៉ាញ ​និង​ស៊ុយអែត ​ដែល​បាន​រួម​គ្នា​ដាក់​សម្ពាធ​ទៅលើ​គណៈកម្មការ​អឺរ៉ុប​ ​ស្វែងរក​យន្តការ​ផ្លូវ​ច្បាប់​ក្នុង​ការ​ទាញយក​ផលប្រយោជន៍​ពី​មូលនិធិ​រុស្ស៊ី​ដែល​ត្រូវ​បង្កក​ទុកទាំង​អស​នោះ​។

​ទ្រព្យសម្បត្តិ​របស់រុស្ស៊ីដែល​ត្រូវ​រក្សា​ទុក​​មាន​ទំហំ​សរុប​ប្រមាណ​ជា​ ៣០០​ពាន់​លាន​អឺរ៉ូ​ ​ហើយ​ក្នុង​ចំណោម​ទ្រព្យសរុប​ទាំង​នោះ មានប្រមាណ ​២៤០​ពាន់​លាន​អឺរ៉ូ​ ស្ថិត​នៅក្រោម​ការ​គ្រប់គ្រង​ដោយ​ស្ថាប័ន​​តម្កល់​ហិរញ្ញវត្ថុ​ ​Euroclear ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ប្រ៊ូសែល​។

ការ​បដិសេធ​យ៉ាងដាច់អហង្ការ​របស់​ប៊ែលហ្សិក​ ​គឺ​ផ្តោត​លើ​ហានិភ័យ​ផ្លូវ​ច្បាប់​ហិរញ្ញវត្ថុ​ដែល​ពាក់ព័ន្ធ​នឹង​ការ​រឹបអូស ឬ​ការ​យក​ទ្រព្យសម្បត្តិ​ទាំងនេះ​ទៅ​ប្រើប្រាស់​ខុសគោលដៅ។ ​អាជ្ញាធរ​ប៊ែលហ្សិក​ បាន​សម្តែង​ក្តី​បារម្ភ​ថា​ ​ប្រទេស​ប៊ែលហ្សិក ​និង​ស្ថាប័ន​ ​Euroclear ​អាចនឹង​ត្រូវ​គេ​ទុកចោល​ឱ្យ​ប្រឈមមុខ​តែ​ឯង​ ​ជាមួយនឹង​បណ្តឹង​តវ៉ា​សង​សឹក​ការ​ទាមទារ​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ចំណាត់ការ​ផ្លូវ​ច្បាប់​ពីសំណាក់​ទីក្រុង​មូស្គូ ​ដោយ​គ្មាន​ការ​ធានារួម​គ្នា​ក្នុង​ការ​ទទួលខុសត្រូវ​ពី​បណ្តា​ប្រទេស​ផ្សេងទៀត​ក្នុង​សហ​ភាព​អឺរ៉ុប​នា​ពេល​ខាង​មុខ​។

​គួរឲ្យ​ដឹង​ដែរ​ថា ​បច្ចុប្បន្ន​ ស្ថាប័ន​ ​Euroclear ​កំពុងតែ​ជាប់​ជំពាក់​ក្នុង​បណ្តឹង​ផ្លូវ​ច្បាប់​ជាមួយ​ធនាគារ​កណ្តាល​រុស្ស៊ី​ជុំវិញ​មូលនិធិ​ដែល​ត្រូវ​បង្ខាំង​ទាំងនេះ​រួច​​ទៅ​ហើយ​ ​ដែល​នេះ​កាន់តែ​គូសបញ្ជាក់​ពី​ការ​ទទួលខុសត្រូវ​ផ្នែក​ផ្លូវ​ច្បាប់​យ៉ាង​ធំធេង​ក្នុងករណី​ដែលប៊ែលហ្ស៊ិក​អនុញ្ញាត​ឲ្យគោលបំណងរបស់ប្រទេស៤ ខាងលើ​នេះ​សម្រេច​ទៅ​បាន​។

​ដោយឡែក ខាង​ភាគី​ទីក្រុង​មូស្គូ​វិញ ​តែងតែ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​រាល់​ការ​ប៉ុនប៉ង​រឹប​អូស​យក​ទ្រព្យសម្បត្តិ​បម្រុង​របស់​ខ្លួន​​ដោយ​បាន​ហៅ​ទង្វើ​នេះ​ថា​ ជា​អំពើ​ចោរកម្ម​ ហើយ​បាន​ព្រមាន​ថា​ ការ​រឹបអូស​នេះ​នឹង​បង្កើត​ឱ្យ​មាន​ការ​សង​សឹក​ដោយ​អាច​រាប់បញ្ចូល​ទាំង​វិធានការ​ប្រឆាំង​នឹង​ទ្រព្យសម្បត្តិ​របស់​លោក​ខាង​លិច​ដែល​កំពុង​រក្សា​ទុក​ក្នុង​ប្រទេស​រុស្ស៊ី​ផងដែរ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា