កម្ពុជា​ជំរុញ​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា ​តាមរយៈ​យុទ្ធនាការ​ «​អនុភាព​បច្ចេកវិទ្យា​ខ្មែរ​» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​ជំរុញ​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា ​តាមរយៈ​យុទ្ធនាការ​ «​អនុភាព​បច្ចេកវិទ្យា​ខ្មែរ​»

កម្ពុជា​ជំរុញ​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា ​តាមរយៈ​យុទ្ធនាការ​ «​អនុភាព​បច្ចេកវិទ្យា​ខ្មែរ​»

​ភ្នំពេញ​៖​ ​កម្ពុជា​កំពុង​ពង្រឹង​សមត្ថភាព​បច្ចេកវិទ្យា​ក្នុង​ស្រុក​ ​និង​ជំរុញ​ការ​ផ្លាស់ប្តូរ​ទៅ​រក​សេដ្ឋកិច្ច​ឌីជីថល ​តាមរយៈ​យុទ្ធនាការ​ជាតិ​ «​អនុភាព​បច្ចេកវិទ្យា​ខ្មែរ​» ​ដែល​មាន​គោលបំណង​លើកកម្ពស់​ការ​បង្កើត​ថ្មី​ ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​អាជីវកម្ម​ ​និង​ការ​ភ្ជាប់​អ្នកបង្កើត​បច្ចេកវិទ្យា​ក្នុង​ស្រុក​ជាមួយ​វិស័យ​ឯកជន ​និង​អ្នករៀបចំ​គោលនយោបាយ​។

Advertisement

​ព្រឹត្តិការណ៍​ «​ពន្លឿន​ការ​លូតលាស់​បច្ចេកវិទ្យា​កម្ពុជា​» ​ដែល​ជា​សកម្មភាព​ដំបូង​ក្រោម​យុទ្ធនាការ​នេះ​ ត្រូវបាន​រៀបចំ​ដោយ​ ​B​2​B​ ​Asia​ ​News​ ​នៅ​ ​Factory​ ​Phnom​ ​Penh​ ​កាលពី​ថ្ងៃទី​៣១​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​ដោយ​ប្រមូលផ្តុំ​សហគ្រិន​ ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​បង្កើត​ថ្មី​ ​ម្ចាស់​អាជីវកម្ម​ធុន​តូច​ និង​មធ្យម​ ​អ្នកបង្កើត​ថ្មី​ ​សិស្ស​-​និស្សិត​ ​និង​អ្នកជំនាញ​បច្ចេកវិទ្យា​។

​ព្រឹត្តិការណ៍​ពេញ​មួយ​ថ្ងៃ​នេះ​ ​បាន​ផ្តោត​លើ​ការ​ពង្រឹង​ជំនាញ​ឌីជីថល ​និង​ការ​អនុវត្ត​បច្ចេកវិទ្យា​ជាក់ស្តែង​ ​ដើម្បី​រួមចំណែក​ជំរុញ​ប្រព័ន្ធ​អេកូឡូស៊ីឌីជីថល​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​។

​កម្មវិធី​ពេលព្រឹក​បាន​រៀបចំ​ជា​សិក្ខាសាលា​ផ្តោត​លើ​ការ​លើកកម្ពស់​ការ​យល់ដឹង​ ​និង​ជំនាញ​ឌីជីថល ​ដោយ​មាន​អ្នកជំនាញ​មកពី​ ​BKD​ ​Academy​, ​2080​ ​Ventures​ ​និង​ ​PharmKulen​ ​ចែករំលែក​បទពិសោធន៍​។ ​អ្នកចូលរួម​បាន​ស្វែងយល់​ពី​ការ​ប្រើប្រាស់​ជំនាញ​ឌីជីថល​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​ ​ការ​បង្កើត​គំនិត​ច្នៃប្រឌិត​ ​ការ​សរសេរ​កម្មវិធី​ដោយ​ប្រើ​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​ជា​ជំនួយការ ​និង​ការ​ជ្រើសរើស​ឧបករណ៍​ ​AI​ ​សម្រាប់​អាជីវកម្ម​ធុន​តូច​។

​នៅពេល​រសៀល​ ​ព្រឹត្តិការណ៍​បាន​បន្ត​ជាមួយ​ពិព័រណ៍​ «​ទីផ្សារ​បច្ចេកវិទ្យា​» ​ដែល​ផ្តល់​ឱកាស​ឱ្យ​អ្នកចូលរួម​ជួប​ប្រាស្រ័យ​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​បង្កើត​ថ្មី ​អាជីវកម្ម​ធុន​តូច​ និង​មធ្យម​ផ្នែក​ឌីជីថល​ ក្រុមហ៊ុន​បច្ចេកវិទ្យា​ ​និង​សហគ្រិន​ជាង​ ​២០​រូប​។

​ជាមួយគ្នា​នេះ​ ​អ្នកបង្កើត​ថ្មី​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល​ឈាន​មុខ​ចំនួន​ ​១០​រូប ​ក៏​បាន​ឡើង​បង្ហាញ​ស្នាដៃ​នៅលើ​ឆាក ​ដោយ​បង្ហាញ​ពី​ដំណោះស្រាយ​ និង​ផលិតផល​ឌីជីថល​ដែល​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​រួច​មកហើយ​។

​លោក​ ​Anthony​ ​Galliano​ ​អគ្គ​នាយក​ ​B​2​B​ ​Asia​ ​News​ ​បាន​លើកឡើង​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​ថា​ ​ការ​ផ្លាស់ប្តូរ​ទៅ​រក​ឌីជីថល​របស់​កម្ពុជា​កំពុង​បន្ត​រីកចម្រើន​ ​ហើយ​យុទ្ធនាការ​ «​អនុភាព​បច្ចេកវិទ្យា​ខ្មែរ​» ​មាន​តួនាទី​ក្នុង​ការ​ជួយគាំទ្រ ​និង​លើកកម្ពស់​អ្នកបង្កើត​ថ្មី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​ស្រុក​។

​លោក​បាន​ថ្លែង​ថា​ ​អនាគត​សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុជា​កំពុង​ត្រូវបាន​បង្កើតឡើង​តាមរយៈ​ការ​សរសេរ​កូដ​នៅ​ការិយាល័យ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ ​ការ​ប្រើប្រាស់​ម៉ាស៊ីន​បម្រើ​សេវា​ក្លោដ​ក្នុង​ស្រុក​ និង​ការ​ភ្ជាប់​បច្ចេកវិទ្យា​ទៅកាន់​អាជីវកម្ម​ធុន​តូច​នៅ​តាម​បណ្តា​ខេត្ត​។​

លោក​បាន​បន្ថែម​ថា​ ​តាមរយៈ​ «​អនុភាព​បច្ចេកវិទ្យា​ខ្មែរ​» ​B​2​B​ ​Asia​ ​News​ ​មាន​បំណង​លើកស្ទួយ​បច្ចេកវិទ្យា​ដែល​បង្កើតឡើង​ក្នុង​ស្រុក​ ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ​ដំណោះស្រាយ​ក្លោដ ​និង​វេទិកា​ពាណិជ្ជកម្ម​អេឡិចត្រូនិក​។

​យុទ្ធនាការ​ «​អនុភាព​បច្ចេកវិទ្យា​ខ្មែរ​» ​មាន​រយៈពេល​៦​ខែ​ ​និង​ត្រូវបាន​រៀបចំ​ដោយ​ ​B​2​B​ ​Asia​ ​News​ ​ដោយ​មាន​ការ​គាំទ្រ​ពី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​ ​និង​ការ​ស្រាវជ្រាវ​ និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរគមនាគមន៍​ និង​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​(​មូលនិធិ ​ស.​អ) ​និង​សហគ្រិន​ខ្មែរ​។

​យុទ្ធនាការ​នេះ​មាន​គោលបំណង​លើកកម្ពស់​បច្ចេកវិទ្យា​ក្នុង​ស្រុក​ ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឆ្លង​វិស័យ​ និង​បង្ហាញ​ពី​ដំណោះស្រាយ​ឌីជីថល​ដែល​បង្កើតឡើង​ដោយ​អ្នកបង្កើត​កម្ពុជា​។ ​វា​ក៏​មាន​បំណង​ផ្លាស់ប្តូរ​ការ​យល់ឃើញ​ និង​កសាង​ទំនុកចិត្ត​លើ​ការ​បង្កើត​ថ្មី​ក្នុង​ស្រុក​ ​ព្រមទាំង​ធ្វើជា​ស្ពាន​ភ្ជាប់​អ្នកបង្កើត​បច្ចេកវិទ្យា​កម្ពុជា​ជាមួយ​អ្នក​ធ្វើ​សេចក្តីសម្រេចចិត្ត​ក្នុង​ក្រុមហ៊ុន​ ​វិនិយោគិន ​និង​អ្នករៀបចំ​គោលនយោបាយ​។

​តាមរយៈ​ការ​បង្ហាញ​ប្រព័ន្ធ​បច្ចេកវិទ្យា​ ​ឧបករណ៍​ឌីជីថល ​និង​គំរូ​អាជីវកម្ម​ដែល​អាច​ពង្រីក​វិសាលភាព​បាន​ យុទ្ធនាការ​នេះ​ក៏​មាន​គោលដៅ​បង្ហាញ​ថា​ វិស័យ​បច្ចេកវិទ្យា​កម្ពុជា​មិន​ត្រឹមតែ​អាច​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​មាន​សមត្ថភាព​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ការ​ប្រកួតប្រជែង​នៅ​កម្រិត​តំបន់​។

​បន្ទាប់ពី​ព្រឹត្តិការណ៍​ដំបូង​នេះ​ យុទ្ធនាការ​នឹង​បន្ត​រៀបចំ​សកម្មភាព​សំខាន់​ៗ​ក្នុង​រយៈពេល​៥​ខែ​ខាងមុខ​ ​រួមមាន​ ​Cambodia​ ​Data​ ​Trust​ ​Lab​ ​ដែល​នឹង​សិក្សា​ពី​មជ្ឈមណ្ឌល​ទិន្នន័យ​ក្នុង​ស្រុក​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្លោដ​, ​My​ ​Digital​ ​Cambodia​ ​ដែល​នឹង​បង្ហាញ​ឧបករណ៍​ បច្ចេកវិទ្យា​ ​កម្មវិធី​ ​និង​សេវាកម្ម​ឌីជីថល​ប្រចាំ​ថ្ងៃ​, ​និង​ ​Cambodia​ ​Digital​ ​Sovereignty​ ​ដែល​នឹង​បើក​កិច្ចសន្ទនា​រវាង​រដ្ឋ​ ​និង​វិស័យ​ឯកជន​ស្តីពី​ក្របខ័ណ្ឌ​គោលនយោបាយ​សម្រាប់​អនាគត​ឌីជីថល​កម្ពុជា​។

​សកម្មភាព​ផ្សេង​ទៀត​រួមមាន​ ​Cambodia​ ​Digital​ ​Talent​ ​Launchpad​ ​ដែល​ជា​ការ​ប្រកួតប្រជែង​សរសេរ​កូដ​ផ្ទាល់​ ​សម្រាប់​សិស្ស​ និស្សិត​ ​និង​អ្នកអភិវឌ្ឍន៍​វ័យ​ក្មេង​ ​និង​ពិព័រណ៍​បទពិសោធន៍​ «​អនុភាព​បច្ចេកវិទ្យា​ខ្មែរ​» ​ដែល​នឹង​ក្លាយជា​ព្រឹត្តិការណ៍​បិទ​បញ្ចប់​យុទ្ធនាការ​ ​ដើម្បី​បូកសរុប​សមិទ្ធផល​ រឿងរ៉ាវ​ និង​របកគំហើញ​ថ្មី​ៗ​ក្នុង​រយៈពេល​៦​ខែ​។

​លោកស្រី​ ​Sarvinoz​ ​Nuritdinova​ ​អគ្គ​នាយិកា​ ​B​2​B​ ​Asia​ ​News​ ​បាន​ថ្លែង​ក្នុង​ពិធី​បិទ​ថា​ ​ព្រឹត្តិការណ៍​នេះ​បាន​បង្ហាញ​ពី​ភាព​រស់រវើក​នៃ​អនាគត​បច្ចេកវិទ្យា​កម្ពុជា​ តាមរយៈ​សិក្ខាសាលា​ ​និង​សកម្មភាព​នៅ​តាម​ស្តង់​ពិព័រណ៍​ ​ខណៈ​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា​កម្ពុជា​កំពុង​រីកចម្រើន​ ​មាន​ការ​បង្កើត​ថ្មី​ ​និង​ត្រៀមខ្លួន​សម្រាប់​ការ​ពង្រឹង​ឌីជីថល​កម្ពុជា​។

​លោកស្រី​បាន​ប្រៀបធៀប​យុទ្ធនាការ​នេះ​ទៅនឹង​ការ​រត់​ម៉ារ៉ាតុង ​ដោយ​សង្កត់ធ្ងន់​ថា​ ​ព្រឹត្តិការណ៍​ «​ពន្លឿន​ការ​លូតលាស់​បច្ចេកវិទ្យា​កម្ពុជា​» ​គ្រាន់តែ​ជា​ជំហាន​ដំបូង​នៃ​ដំណើរ​រយៈពេល​៦​ខែ​ ​ក្នុង​ការ​បង្កើត​កម្លាំង​ចលករ​ថ្មី​សម្រាប់​ «​អនុភាព​បច្ចេកវិទ្យា​ខ្មែរ​»​។

​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​គាំទ្រ​ដោយ​ភាគី​ពាក់ព័ន្ធ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា ​រួមមាន​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ មូលនិធិ ​ស.​អ ​និង​សហគ្រិន​ខ្មែរ​ ព្រមទាំង​ដៃគូ​ទីតាំង​ ​Factory​ ​Phnom​ ​Penh​ ​វា​គ្មិន​ ​និង​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​តាំងពិព័រណ៍​ជាច្រើន​។

​B​2​B​ ​Asia​ ​News​ ​បាន​អំពាវនាវ​ដល់​ក្រសួង​ ស្ថាប័ន​វិស័យ​ឯកជន​ ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​បច្ចេកវិទ្យា ​អ្នកគាំទ្រ​ប្រព័ន្ធ​អេកូឡូស៊ី ​និង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​សារព័ត៌មាន​ ចូលរួម​ក្នុង​យុទ្ធនាការ​ «​អនុភាព​បច្ចេកវិទ្យា​ខ្មែរ​» ​ដើម្បី​រួមចំណែក​ជំរុញ​ការ​បង្កើត​ថ្មី​ ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុជា​៕ អ៊ីមែល៖ [email protected] ឬលេខទូរស័ព្ទ(Telegram) +855 12 902 537

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា