កម្ពុជា នឹងសភាពាណិជ្ជកម្មអឺរ៉ុប ពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា នឹងសភាពាណិជ្ជកម្មអឺរ៉ុប ពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ

កម្ពុជា នឹងសភាពាណិជ្ជកម្មអឺរ៉ុប ពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ

ព្រះសីហនុ ៖ ក្នុងរបត់ថ្មីមួយនៃការកែទម្រង់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ កម្ពុជាកំពុងពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធ​ដឹកជញ្ជូន និងភស្តុភារកម្មជាតិ ដើម្បីប្រែក្លាយខ្លួនជា «មជ្ឈមណ្ឌលភស្តុភារកម្មតំបន់» ដ៏មានសុពលភាព តាមរយៈកិច្ចប្រជុំកម្រិតខ្ពស់រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) ពិសេសការសម្របសម្រួលកិច្ចការដឹកជញ្ជូនទំនិញនាំចេញ និងនាំចូលរបស់កម្ពុជា។

Advertisement

កិច្ចប្រជុំកម្រិតខ្ពស់នេះរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូល និងពិភាក្សាលើសូចនាករនានា លើទិន្ន​ន័យ និងសូចនាករគន្លឹះដែលប្រមូល និងវិភាគដោយ EuroCham Cambodia ដើម្បីស្វែងរកចំណុចខ្វះខាត និងដំណោះស្រាយ។

ផែនការមេភស្តុភារកម្មជាតិ (២០២៣-២០៣៣) ផ្តោតលើការវិនិយោគទុនប្រមាណ ៣៦,៦៧៩លានដុល្លារអាមេរិកលើគម្រោងអាទិភាពចំនួន ១៧៤ ដោយក្នុងនោះដំណាក់កាលខ្លី និងមធ្យម (២០២៣-២០២៧) ត្រូវការទុនប្រមាណ ១៩,៩២៦លានដុល្លារអាមេរិក ដើម្បីរៀបចំគ្រឹះស្ថានស្ថានីយ និងបណ្តាញតភ្ជាប់ខ្នាតធំ។ ខណៈគម្រោងពង្រីកចំណតផែកុងតឺន័រថ្មី (Terminal) នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) កំពុងសម្រេចបានជិត ៦៧% នៃជំហានទី១ ដើម្បីប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលដឹកជញ្ជូនតំបន់។

គម្រោងពង្រីកចំណតផែកុងតឺន័រថ្មី មានតម្លៃវិនិយោគសរុបប្រមាណ ៧៥០លានដុល្លារអាមេរិក ក្រោមជំនួយកម្ចីសម្បទាន ODA ពីប្រទេសជប៉ុន (JICA) ដោយបែងចែកជា ៣ជំហាន។ វឌ្ឍនភាពបច្ចុប្បន្ន (គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦)៖ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជំហានទី១ សម្រេចបានជិត ៦៧% ហើយ ដែលលឿនជាងផែនការគ្រោងទុក រួមទាំងការរៀបចំទីធ្លាកុងតឺន័រទំហំ ៥៧,០០០ ម៉ែត្រការ៉េ។

ផលប្រយោជន៍យុទ្ធសាស្ត្រ ត្រូវបានកត់សម្គាល់ថា នៅពេលជំហានទាំង ២ និង ៣ បញ្ចប់ទាំងស្រុង ជម្រៅទឹកជាង ១៧ ម៉ែត្រ នឹងអនុញ្ញាតឱ្យនាវាធំៗលំដាប់ពិភពលោកប្រមាណ ៩៣% អាចចូលចតដោយផ្ទាល់ ដោយពុំចាំបាច់ឆ្លងកាត់ការផ្ទេរទំនិញនៅកំពង់ផែបណ្តោះអាសន្នផ្សេងទៀតឡើយ (កាត់បន្ថយថ្លៃដឹកជញ្ជូន និងពេលវេលា)។ សមត្ថភាពផ្ទុកសរុបរបស់ Sihanoukville Autonomous Port នឹងកើនដល់ ១.៤៥លាន TEUs ក្នុងឆ្នាំ២០២៧ និងជាង ២.៦លាន TEUs នៅឆ្នាំ២០២៩។ ​អ្វីដែលជាចំណុចរបត់ធំបំផុតនោះគឺ កម្ពុជានឹងមិនបាច់ពឹងផ្អែកលើការផ្ទេរទំនិញតាមកំពង់ផែប្រទេសជិតខាង (ដូចជាសិង្ហបុរី ឬវៀតណាម) ទៀតឡើយ ដែលនឹងជួយកាត់បន្ថយថ្លៃដឹកជញ្ជូនតាមសមុទ្របានប្រមាណ ២០០ ដុល្លារ/TEU។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​បានប្រាប់ AMS ថា កម្ពុជាមានក្រុមប្រឹក្សាជាតិភស្តុភាកម្ម ដែលត្រូវបានបង្កើតឡើងជាសេនាធិការឱ្យរាជរដ្ឋាបាល ស្របទៅតាមផ្លូវច្បាប់ និងជាគោលនយោបាយ ដើម្បីដឹកនាំ គ្រប់គ្រង និងជំរុញការអភិវឌ្ឍវិស័យភស្តុភាកម្មនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកឧកញ៉ា បានបញ្ជាក់ថា ក្រុមប្រឹក្សាជាតិភស្តុភាកម្មនេះ នឹងធ្វើការឱ្យមានប្រសិទ្ធភាពក្នុងការចូលរួមកាត់បន្ថយថ្លៃដើមឱ្យបានទាបសម្រាប់ការដឹកជញ្ជូន និងចរាចរណ៍ទំនិញគ្រប់ប្រភេទ ដែលជាចំណុចល្អមួយអាចរួមគ្នាដោះស្រាយ រកផលប្រយោជន៍រួម ហើយឈានទៅតភ្ញាប់ក្នុងបណ្តាប្រទេសអាស៊ាន ក៏ដូចជាសាកលលោកផងដែរ៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា