កម្ពុជាដាក់​ដំណើរការកម្មវិធីថ្មីមួយ​ ដើម្បីជួយ​សហគ្រិន​ខ្មែរ​ឱ្យ​មានភាពប្រកួត​ប្រជែងទាំង​ក្នុងស្រុក​និងអន្តរជាតិ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាដាក់​ដំណើរការកម្មវិធីថ្មីមួយ​ ដើម្បីជួយ​សហគ្រិន​ខ្មែរ​ឱ្យ​មានភាពប្រកួត​ប្រជែងទាំង​ក្នុងស្រុក​និងអន្តរជាតិ​

កម្ពុជាដាក់​ដំណើរការកម្មវិធីថ្មីមួយ​ ដើម្បីជួយ​សហគ្រិន​ខ្មែរ​ឱ្យ​មានភាពប្រកួត​ប្រជែងទាំង​ក្នុងស្រុក​និងអន្តរជាតិ​

កម្ពុជា​បានដាក់ឱ្យដំណើរការ​កម្មវិធី​ថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការ​ធ្វើ​ធុរកិច្ចតាមបច្ចេកវិទ្យា​បៃតង ​ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។

Advertisement

នៅក្នុងពិធី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​កាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៦ នៅសណ្ឋាគារ​ Shangri-La Phnom Penh  ឯកឧត្ត​ម ហែម វណ្ឌី  រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យា​សាស្ត្រ​ បច្ចេកវិទ្យា និង​នវានុវត្ត​ន៍​បានមានប្រសាសន៍ឱ្យដឹងថា សហគ្រាសធុន​តូច និងមធ្យម​នៅកម្ពុជា នៅតែដើរ​តួនាទី​គន្លឹះក្នុងសេដ្ឋកិច្ច ហើយការ​ធ្វើ​បរិវត្ត​កម្មសហគ្រាស​ទាំង​នេះ ឱ្យក្លាយ​ជា​ធុរកិច្ច ដែលមានភាពប្រកួត​ជែង និងផ្អែកលើ​បច្ចេកវិទ្យា ត្រូវការទុនវិនិយោគ​បច្ចេកវិទ្យាកម្រិត​ខ្ពស់ និងភាពជាដៃគូរឹង​មាំទាំងក្នុងស្រុក និងអន្តរជាតិ​។

ឯកឧត្តមានប្រសាសន៍បន្តថា កម្មវិធីកិច្ចសហការរវាងការស្រាវជ្រាវនិងអភិវឌ្ឍន៍ ជាមួយធុរកិច្ច ដើម្បីលើកកម្ពស់នវានុវត្តន៍សហគ្រិនភាព បច្ចេកវិទ្យាអាកាសធាតុ គាំទ្រ​ដោយ​ផ្ទាល់​ដល់​កិច្ច​ខិតខំទាំងនេះ ដោយលើ​កកម្ពស់​នវានុវត្ត​និង​ការ​វិនិយោគរួម​ទុន ដែលនឹងបង្កើនសមត្ថភាព​សហគ្រិន និងជំរុញសេដ្ឋកិច្ច​បៃតង​ឱ្យ​កាន់តែមានភាពប្រកួត​ប្រជែង​ខ្ពស់។​

ឯកឧត្តម​ រដ្ឋមន្ត្រី បានថ្លែងថា

“នៅពេល​ខាងមុខ កម្ពុជា​ត្រូវតែពង្រឹង​ផលិតភាព​ និង​សមត្ថភាពបច្ចេកវិទ្យា ដើម្បីឈាន​ទៅរក​ផលិតកម្ម​ដែលមានតម្លៃបន្ថែម​ខ្ពស់​ ហើយនឹងធ្វើពិពិធកម្ម​សេដ្ឋកិច្ច​តាមរយៈការ​ពង្រឹង​វិស័យ​វិទ្យាសាស្ត្រ​ ក៏ដូចជា​ការធ្វើ​នវានុវត្តន៍ ដែលជា​កត្តា​សំខាន់​មួយក្នុង​តំបន់។”​

ឯកឧត្តម​ សាន វណ្ណទី រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​បរិស្ថាន បានមានប្រសាសន៍ថា គំនិតផ្ដួច​ផ្ដើម​នេះ គឺជាជំហានដ៏សំខាន់មួយ​ឆ្ពោះទៅរក​ការ​សម្រេច​បានគោលដៅ​អាកាសធាតុជាតិ​ និងការពារធនធានធម្មជាតិ​។ កម្ពុជា​ប្ដេជ្ញា​គាំទ្រ​បច្ចេកវិទ្យា​ថ្មីៗ ដែលអាចកសាង​អនាគត ស្អាត បៃតង និង​ប្រកបដោយ​ចីរភាព​សម្រា់ប​មនុស្សគ្រប់រូប ។​

ឯកឧត្តម​ បានថ្លែងដូច្នេះថា៖​

“ធាតុសំខាន់មួយនៃកម្មវិធីនេះ គឺមូលនិធិសហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុ ដែលជាយន្តការវិនិយោគមានទឹកប្រាក់គោលដៅចំនួន ២០០ លានដុល្លារអាម៉េរិក ដោយមានហិរញ្ញប្បទានសម្រា​​ប់​ការខាតបង់ដំបូងចំនួន ៨៣,៧៥ លានដុល្លារអាម៉េរិក ផ្តល់ដោយមូលនិធិសហគ្រិនភាពបច្ចេកវិទ្យាអា​កាស​ធាតុ ដើម្បីកាត់បន្ថយហានិភ័យនៃការវិនិយោគពីវិស័យឯកជន។”

លោក​ស្រី ផាក សេភ្យុង ប្រធាន​ក្រុមធុរកិច្ច​អាកាសធាតុ​​នៃធនាគារ​អភិវឌ្ឍន៍កូរ៉េ បានមានប្រាសន៍ថា​ នវានុវត្តន៍អាកាសធាតុ ត្រូវតែភ្ជាប់ជាមួយការវិនិយោគ ដើម្បីទទួលបានជោគជ័យជាក់ស្តែង។ តាមរយៈមូលនិធិសហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុ ធនាគារអភិវឌ្ឍន៍កូរ៉េ មានមោទនភាពក្នុងការគាំទ្រកម្មវិធីហិរញ្ញប្បទានមួយនេះ ដែលផ្សារភ្ជាប់អាជីវកម្មបច្ចេកវិទ្យាអាកាសធាតុសក្តានុពល ជាមួយនឹងទុនដែលពួកគេត្រូវការ ដើម្បីពង្រីកបច្ចេកវិទ្យា តាមរយៈកិច្ចសហការជាមួយមូលនិធិអាកាសធាតុបៃតង និងដៃគូ​ផ្សេងៗ។

បណ្ឌិត លី ជេសឹង អនុប្រធានប្រចាំតំបន់អាស៊ី នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល បានលើកឡើងថា តាមរយៈកម្មវិធីនេះដែរ​ វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល គាំទ្រសហគ្រាសបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រឹងភាពជាដៃគូ និងការត្រៀមលក្ខណៈសម្រាប់ឱកាសទីផ្សារ និងការវិនិយោគ។ ការសហការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធក្នុងស្រុក គឺ​មានបំណងជួយពង្រីកបច្ចេកវិទ្យាអាកាសធាតុប្រកប​ដោយចីរភាព និងផ្តល់អត្ថប្រយោជន៍អភិវឌ្ឍន៍រយៈពេលវែង។

គួរបញ្ជាក់ថា «កម្មវិធី កិច្ចសហការរវាងការស្រាវជ្រាវនិងអភិវឌ្ឍន៍ ជាមួយធុរកិច្ច ដើម្បីលើកកម្ពស់នវានុវត្តន៍សហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុ» នឹងត្រូវអនុវត្តរហូតដល់ខែតុលា ឆ្នាំ ២០៣០ ក្នុងគោលដៅគាំទ្រអាជីវកម្មបច្ចេកវិទ្យាអាកាសធាតុចំនួន ១៨៥ នៅថ្នាក់តំបន់ ដែលក្នុងនោះ យ៉ាងហោចណាស់អាជីវកម្មចំនួន ៤០ ជាគោលដៅនៅកម្ពុជា ព្រមទាំងសម្របសម្រួលការវិនិយោគរួមទុនថ្នាក់តំបន់ចំនួន ៨ ផងដែរ។

កម្មវិធីក៏មានគោលដៅគាំទ្រក្រុមហ៊ុនដឹកនាំដោយស្ត្រី ឬក្រុមហ៊ុនដែលមានបរិយាបន្នយេនឌ័រ ពី ៣០% ទៅ ៥០% ដោយរំពឹងថានឹងសម្រេចបានលទ្ធផលសំខាន់ៗដូចជា ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន ១.៦៣ លានតោន និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនចំនួន ២.៣ លាននាក់នៅថ្នាក់តំបន់ ទន្ទឹមនឹងនោះ គាំទ្របរិវត្តកម្មកម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចកាបូនទាប និងធន់នឹងអាកាសធាតុ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា