ចិន បង្ហាញគោលបំណងពង្រឹងតួនាទីមាស និងប្រាក់យ័នរបស់ខ្លួន នៅក្នុងកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសជាសមាជិក BRICS | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន បង្ហាញគោលបំណងពង្រឹងតួនាទីមាស និងប្រាក់យ័នរបស់ខ្លួន នៅក្នុងកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសជាសមាជិក BRICS

ចិន បង្ហាញគោលបំណងពង្រឹងតួនាទីមាស និងប្រាក់យ័នរបស់ខ្លួន នៅក្នុងកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសជាសមាជិក BRICS

បរទេស ៖ នៅក្នុងកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសជាសមាជិក BRICS ដែលប្រព្រឹត្តទៅនៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានបង្ហាញពីគោលបំណងពង្រឹងនូវតួនាទីរបស់មាសនៅក្នុងពិភពលោក ខណៈដែលខ្លួនកំពុងបង្កើនស្តុកទុកមាសដ៏សន្ធឹកសន្ធាប់ និងចង់ជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិ(លុយយ័ន)ឱ្យកាន់តែច្រើនឡើង ព្រមទាំងទទួលយកប្រព័ន្ធទូទាត់ប្រាក់ជម្រើសថ្មីៗផងដែរសម្រាប់សមាជិក និងដៃគូពាណិជ្ជកម្មដែលបានចូលរួម។

អត្ថបទមួយដែលបានចេញផ្សាយដោយកាសែតប៊ុលហ្គារី Novinata បានសរសេរថា ប្រទេសចិន នៅតែបន្តបង្កើនការស្តុកទុកមាសរបស់ខ្លួន ព្រមទាំងខិតខំពង្រីកឥទ្ធិពលទីផ្សារនៃការប្រើប្រាស់ប្រាក់យ័ននៅលើឆាកអន្តរជាតិឱ្យកាន់តែទូលាយ ដើម្បីអាចកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ដែលកំពុងក្ក្លាយជាប្រធានបទដ៏សំខាន់មួយសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសគឺ នៅក្នុងបរិបទនៃក្រុមប្រទេស BRICS ដែលទីក្រុងប៉េកាំង បានគាំទ្រយ៉ាងពេញទំហឹងលើការប្រើប្រាស់រូបិយប័ណ្ណជាតិឱ្យបានទូលំទូលាយនៅក្នុងពាណិជ្ជកម្មអន្តរជាតិ និងការបង្កើតប្រព័ន្ធទូទាត់ប្រាក់ថ្មីៗ ដែលមិនពឹងផ្អែកទាំងស្រុងលើប្រព័ន្ធហិរញ្ញវត្ថុប្រពៃណីរបស់លោកខាងលិចទៀតនោះឡើយ។

សូមជម្រាបថា ការបង្កើនទុនបម្រុងមាសយ៉ាងច្រើនរបស់រដ្ឋាភិបាលក្រុងប៉េកាំង គឺ គ្រាន់តែជាផ្នែកមួយនៃគោលនយោបាយតែប៉ុណ្ណោះ ខណៈដែលចិនក៏កំពុងពង្រីកតួនាទីប្រាក់យ័នលើឆាកអន្តរជាតិ និងបង្កើនសមត្ថភាពទូទាត់ប្រាក់ឆ្លងដែន ជារូបិយប័ណ្ណចិនផ្ទាល់តែម្តង។ នៅក្នុងដំណើរការនេះ ជាលទ្ធផលគេសង្កេតឃើញថា កំពុងបង្កើតលក្ខខណ្ឌអំណោយផលជាបណ្តើរៗដល់ចិនសម្រាប់ការបង្កើតប្រព័ន្ធហិរញ្ញវត្ថុតម្លាភាពមួយ ដែលអនុញ្ញាឱ្យទាំង ចិន និងបណ្តាប្រទេស BRICS ផ្សេងទៀត បង្កើនការប្រើប្រាស់រូបិយប័ណ្ណជាតិរបស់ខ្លួនក្នុងសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនានា។

ប្រភពដដែលសរសេរទៀតថា ប្រសិនបើនិន្នាការនេះនៅតែបន្ត ហើយទទួលបានការគាំទ្រពីបណ្តាប្រទេសសេដ្ឋកិច្ចលេចធ្លោផ្សេងទៀត វានឹងអាចកាត់បន្ថយឥទ្ធិពលប្រាក់ដុល្លារអាមេរិកនៅក្នុងផ្នែកខ្លះនៃការធ្វើពាណិជ្ជកម្មអន្តរជាតិ។ ប៉ុន្តែ ទោះជាយ៉ាងណា គេសង្កេតឃើញថា ប្រាក់ដុល្លារនៅតែជារូបិយប័ណ្ណបម្រុង ជាប្រព័ន្ធទូទាត់សកលដ៏សំខាន់ និងរឹងម៉ាំនៅឡើយ ដូច្នេះសម្រាប់គោលបំណងនៃការផ្លាស់ប្តូរទាំងស្រុងគឺត្រូវចំណាយពេលយូរអង្វែងជាងនេះបន្ថែមទៀត៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា