ប្រទេសចិនបានដាក់ចេញផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំ ដោយកំណត់គោលដៅដល់ឆ្នាំ ២០៣០ ដើម្បីជំរុញការអភិវឌ្ឍអាគុយផ្ទុកថាមពលជំនាន់ក្រោយ ឱ្យកាន់តែទំនើប និងមាននិរន្តរភាព។
យោងតាមកាសែត Novinata ដែលបានចេញផ្សាយនៅសប្តាហ៍នេះ ផែនការនេះផ្អែកលើរបាយការណ៍រួមរបស់ក្រសួង និងស្ថាប័នរដ្ឋាភិបាលចិនចំនួន៧ ក្នុងក្របខណ្ឌផែនការអភិវឌ្ឍន៍ ៥ ឆ្នាំលើកទី ១៥ ចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ២០៣០។
ផែនការនេះផ្តោតលើការបង្កើនសមត្ថភាពច្នៃប្រឌិតនៅគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផលិតកម្មអាគុយ ដោយផ្ដោតលើការស្រាវជ្រាវ និងអភិវឌ្ឍសារធាតុអេឡិចត្រូត ទឹកអាស៊ីត អេឡិចត្រូឡ៊ីតប្រភេទថ្មី និងទម្រង់អាគុយជំនាន់ក្រោយ។
ក្រោមគោលការណ៍ណែនាំនេះ ចិនរំពឹងថានឹងចាប់ផ្តើមផលិត និងប្រើប្រាស់អាគុយស្ងួតប្រភេទ Solid-state ក្នុងទ្រង់ទ្រាយធំនៅត្រឹមឆ្នាំ ២០៣០។ ជាមួយគ្នានេះ ចិនក៏គ្រោងអភិវឌ្ឍអាគុយ Lithium ដែលមានអាយុកាលប្រើប្រាស់ខ្ពស់ និងអាចសាកបានរហូតដល់ ១៥,០០០ លើក។
ផែនការនេះក៏មានគោលបំណងភ្ជាប់បច្ចេកវិទ្យាអាគុយទំនើបឱ្យកាន់តែជិតស្និទ្ធជាមួយបណ្តាញថាមពលស្អាត និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃដែលកំពុងកើនឡើងនៅប្រទេសចិន។
អាជ្ញាធរចិនរំពឹងថា ការរីកចម្រើននៃបច្ចេកវិទ្យាអាគុយនឹងជួយផ្គត់ផ្គង់ថាមពលសម្រាប់ឧបករណ៍អេឡិចត្រូនិកឆ្លាតវៃ និងជំរុញការប្រើប្រាស់ថាមពលអគ្គិសនីក្នុងយានយន្ត នាវា យន្តហោះ និងរ៉ូបូត ព្រមទាំងគាំទ្រគោលដៅកាត់បន្ថយការបំភាយកាបូននៅលើពិភពលោក។
អាគុយជំនាន់ថ្មីដែលត្រូវបានលើកឡើងក្នុងផែនការនេះ រួមមានអាគុយ Lithium-ion, Sodium-ion និង Flow batteries ដែលកើតចេញពីការអភិវឌ្ឍបច្ចេកទេស ការរចនា និងវិធីសាស្ត្រផលិតថ្មីៗ។
ការប្រកាសផែនការនេះធ្វើឡើងនៅពេលចិនកំពុងពង្រឹងតួនាទីរបស់ខ្លួនក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ការដឹកជញ្ជូនស្អាតនៅលើពិភពលោក។
ប្រភពបានឱ្យដឹងថា នៅឆ្នាំ២០២៥ ចិនផលិតរថយន្តអគ្គិសនីបាន ១៦ លានគ្រឿង ស្មើនឹង ៧៥ ភាគរយនៃការផលិតរថយន្តអគ្គិសនីសរុបនៅទូទាំងពិភពលោក ហើយបាននាំចេញច្រើនទៅកាន់ទីផ្សារអឺរ៉ុប អាស៊ីអាគ្នេយ៍ និងអាមេរិកឡាទីន៕























