ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

​បរទេស​៖​ ​ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់​។

​យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ប្រតិបត្តិការ​រដ្ឋ​ ​China​ ​State​ ​Railway​ ​Group​ ​ដែល​ត្រូវ​បាន​កាសែត​ប៊ុលហ្គារី​ ​Novinata​ ​ដកស្រង់​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន ​ឱ្យដឹងថា ការ​ចំណាយ​នេះ​បាន​កើនឡើង​ ​១,៨​ ​ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។

​ការ​កើនឡើង​នៃ​ការ​វិនិយោគ​នេះ​ឆ្លុះបញ្ចាំង​ពី​ការ​យកចិត្តទុកដាក់​របស់​ចិន​លើ​ការ​ធ្វើ​សមាហរណកម្ម​តំបន់​ ​ដោយ​ផ្តោត​ជាពិសេស​លើ​ការ​អភិវឌ្ឍ​ខ្សែ​ផ្លូវ​ដែក​ល្បឿន​លឿន​ចម្ងាយ​ខ្លី ​ដែល​មាន​គោលបំណង​ភ្ជាប់​ទីក្រុង​ជិតខាង​ឱ្យ​កាន់តែ​មាន​ទំនាក់ទំនង​គ្នា​ ​និង​បង្កើត​ជា​បណ្តុំ​សេដ្ឋកិច្ច​រួម​។

​សមិទ្ធផល​ថ្មី​ៗ​មួយ​ក្នុង​ចំណោម​សមិទ្ធផល​សំខាន់​ៗ​ ​គឺ​ស្ថានីយ៍​ ​Foshan​ ​ដែល​ទើប​បើក​ថ្មី​នៅលើ​ខ្សែ​ផ្លូវ​ដែក​ល្បឿន​លឿន​ ​Guangzhou​–​Zhangjiang​ ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​។ ​ខ្សែ​ផ្លូវ​នេះ​បាន​ជួយ​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​រវាង​ទីក្រុង​ ​Foshan​ ​និង​ទីក្រុង​ ​Guangzhou​ ​ដែល​នៅជិត​គ្នា​ ​មក​នៅ​ត្រឹម​ប្រហែល​ ​២០​ ​នាទី​ ​បើ​ធៀប​នឹង​ការ​ធ្វើដំណើរ​តាម​រថយន្ត​ដែល​ពីមុន​ត្រូវ​ចំណាយ​ពេល​ជាង​មួយ​ម៉ោង​។

​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ចិន​ ​ក្រុមការងារ​ផ្លូវ​ដែក​ក៏​បាន​បញ្ចប់​ការ​សាកល្បង​ពេញ​ខ្សែ​រួចរាល់​លើ​ផ្លូវ​ដែក​ល្បឿន​លឿន​ ​Xi​’an​–​Ankang​ ​ដែល​ឆ្លងកាត់​ជួរ​ភ្នំ​ ​Qinling​ ​ក្នុង​ខេត្ត​ ​Shaanxi​។ ​នៅពេល​ចាប់ផ្តើម​ដំណើរការ​ ​ខ្សែ​ផ្លូវ​ដែក​នេះ​នឹង​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​រវាង​ទីក្រុង​ទាំង​ពីរ​ ពី​ប្រហែល​ ​៣​ ​ម៉ោង​ មក​នៅ​ត្រឹម​ ​១​ ម៉ោង​ប៉ុណ្ណោះ​។

​ប្រទេស​ចិន​បច្ចុប្បន្ន​មាន​បណ្តាញ​ផ្លូវ​ដែក​ល្បឿន​លឿន​ធំ​បំផុត​នៅលើ​ពិភពលោក​។ ​នៅ​ចុង​ឆ្នាំ​ ​២០២៥​ ​បណ្តាញ​ផ្លូវ​ដែក​ដែល​កំពុង​ដំណើរការ​របស់​ចិន​មាន​ប្រវែង​សរុប​ ​១៦៥,០០០​ ​គីឡូម៉ែត្រ​ ​ក្នុង​នោះ​ផ្លូវ​ដែក​ល្បឿន​លឿន​មាន​ប្រវែង​ជាង​ ​៥០,០០០​ ​គីឡូម៉ែត្រ​។​

​China​ ​State​ ​Railway​ ​Group​ ​បាន​ព្យាករណ៍​ថា​ ​នៅ​ឆ្នាំ​ ​២០៣០​ ​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ដែល​កំពុង​ដំណើរការ​របស់​ចិន​នឹង​កើនឡើង​ដល់​ ​១៨០,០០០​ ​គីឡូម៉ែត្រ ​ខណៈ​ផ្លូវ​ដែក​ល្បឿន​លឿន​នឹង​មាន​ប្រវែង​ប្រមាណ​ ​៦០,០០០​ ​គីឡូម៉ែត្រ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា