កំណើនទីផ្សាររថយន្តអគ្គិសនី BYD របស់ចិន កាន់តែរីកសុះសាយ ទោះគ្មានការគាំទ្រពីអាម៉េរិកក្ដី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កំណើនទីផ្សាររថយន្តអគ្គិសនី BYD របស់ចិន កាន់តែរីកសុះសាយ ទោះគ្មានការគាំទ្រពីអាម៉េរិកក្ដី

កំណើនទីផ្សាររថយន្តអគ្គិសនី BYD របស់ចិន កាន់តែរីកសុះសាយ ទោះគ្មានការគាំទ្រពីអាម៉េរិកក្ដី

បរទេស ៖ តម្រូវការរថយន្តអគ្គិសនីកំពុងកើនឡើងនៅជុំវិញពិភពលោកដោយសារការឡើងថ្លៃនៃតម្លៃប្រេង ហើយក្រុមហ៊ុនផលិតរថយន្តចិនកំពុងទទួលបានឱកាសច្រើនបំផុតនៅលើទីផ្សារសកលបើទោះបីជាគ្មានការគាំទ្រពីសំណាក់រដ្ឋាភិបាលអាម៉េរិកក៏ដោយ នេះបើយោងតាមសេចក្ដីរាយការណ៍ពី BBC ។

Advertisement

ស្របពេលដែលចិនក្លាយជាអ្នកផលិតរថយន្តអគ្គិសនី (EV) លំដាប់កំពូលរបស់ពិភពលោក ក្រុមហ៊ុនក្នុងស្រុកជាច្រើនកំពុងទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃតម្រូវការ និងការបញ្ជាទិញតាមរយៈអ្នកចែកចាយនៅទូទាំងអាស៊ី និងកន្លែងផ្សេងៗទៀត។ ជាក់ស្ដែង កាលពីឆ្នាំ២០២៥ ក្រុមហ៊ុនចិន BYD វ៉ាដាច់ក្រុមហ៊ុនអាម៉េរិក Tesla ក្នុងការក្លាយជាអ្នកលក់រថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក ហើយកំពុងពង្រីកខ្លួនយ៉ាងខ្លាំងនៅក្រៅប្រទេសនាពេលបច្ចុប្បន្ននេះ។ កាន់តែអស្ចារ្យ BYD កំពុងបំពេញតម្រូវការទីផ្សារដែលកើនឡើងជាបន្តបន្ទាប់ ទាំងនៅក្នុងតំបន់អាស៊ី ក៏ដូចជា តំបន់ផ្សេងទៀត រួមមាន ចក្រភពអង់គ្លេស ប្រេស៊ីល និងអឺរ៉ុប ជាជាងការកំណត់គោលដៅស្វែងរកអតិថិជននៅអាម៉េរិក។

នៅឯពិព័រណ៍រថយន្តក្នុងទីក្រុងប៉េកាំង (Beijing Auto Show) ឆ្នាំនេះ ក្រុមហ៊ុនចិន និងបរទេសជាច្រើនបានដាក់តាំងបង្ហាញរថយន្តជាង ១ ៤០០ គ្រឿង។

លោក Stella Li អនុប្រធានប្រតិបត្តិរបស់ BYD បាននិយាយថា ៖

«យើងនៅតែអាចរស់បាន និងទទួលបានជោគជ័យដោយគ្មានទីផ្សារអាម៉េរិកនាពេលបច្ចុប្បន្ននេះ។ អ្នកប្រើប្រាស់កំពុងស្វែងរកដំណោះស្រាយក្នុងការសន្សំប្រចាំថ្ងៃ ដោយសារតម្លៃប្រេងបន្តឡើងថ្លៃឥតឈប់ឈរ ហើយយានជំនិះអគ្គិសនី (EV) គឺជាជម្រើសល្អក្នុងការជួយពួកគេសន្សំប្រាក់។ តាមពិតទៅ ឥឡូវនេះយើងកំពុងជួបបញ្ហាប្រឈមគឺសមត្ថភាពមិនគ្រប់គ្រាន់ ដោយសារតម្រូវការកើនឡើងខ្ពស់ជាងអ្វីដែលយើងអាចផ្គត់ផ្គង់បាន។ យើងមិនមែនគ្រាន់តែជាក្រុមហ៊ុនរថយន្តនោះទេ ប៉ុន្តែយើងមានចំណែកផលិត ១/៣ នៃសមាសធាតុស្មាតហ្វូនសកល។ យើងគឺជាអ្នកឈានមុខគេមួយក្នុងការផលិតថ្មថាមពល បន្ទះស្រូបសូឡាពន្លឺព្រះអាទិត្យ ឡានក្រុង និងឡានដឹកទំនិញផងដែរ។ ដូច្នេះ BYD គឺជាប្រព័ន្ធអេកូឡូស៊ីមួយ»។

គួរបញ្ជាក់ដែរថា បើទោះបីជាមានការចោទប្រកាន់ពីបរទេសដែលលើកឡើងថា រដ្ឋាភិបាលចិន បានឧបត្ថម្ភធនលើក្រុមហ៊ុនក្នុងស្រុក ក៏ដោយ ប៉ុន្តែ BYD បានបន្តពង្រីកខ្លួនជាសកលយ៉ាងឆាប់រហ័ស។ អតិថិជនបរទេសជាច្រើនចាប់ផ្តើមទទួលស្គាល់រថយន្តរបស់ BYD ដោយសារតម្លៃសមរម្យ និងមានបច្ចេកវិទ្យាពិសេសជាច្រើន។ ឥឡូវនេះ BYD កំពុងធ្វើការលើបច្ចេកវិទ្យាសាកថ្មលឿនក្នុងរយៈពេលខ្លីត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ (flash charging) ប៉ុន្តែអាចធ្វើដំណើរបានឆ្ងាយ ដើម្បីអាចបញ្ចុះបញ្ចូលអតិថិជនដែលកំពុងស្ទាក់ស្ទើរក្នុងការប្រើប្រាស់រថយន្តអគ្គិសនី (EV) និងអនុញ្ញាតឱ្យម៉ាករបស់ខ្លួនមានភាពប្រកួតប្រជែងកាន់តែទូលំទូលាយ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា