បណ្តាញ​ផ្លូវ​ដែក​ចិន​បំបែក​កំណត់​ត្រា​ថ្មី​​ ដោយ​មាន​អ្នក​ដំណើរ​ជាង​ ៤ ពាន់​លាន​ដង​ក្នុង​ឆ្នាំ​ ​២០​២៦​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បណ្តាញ​ផ្លូវ​ដែក​ចិន​បំបែក​កំណត់​ត្រា​ថ្មី​​ ដោយ​មាន​អ្នក​ដំណើរ​ជាង​ ៤ ពាន់​លាន​ដង​ក្នុង​ឆ្នាំ​ ​២០​២៦​

បណ្តាញ​ផ្លូវ​ដែក​ចិន​បំបែក​កំណត់​ត្រា​ថ្មី​​ ដោយ​មាន​អ្នក​ដំណើរ​ជាង​ ៤ ពាន់​លាន​ដង​ក្នុង​ឆ្នាំ​ ​២០​២៦​

​បរទេស​៖ ​បណ្តាញ​ផ្លូវ​ដែក​ដ៏​ធំ​របស់​ប្រទេស​ចិន ​បាន​ដឹកជញ្ជូន​អ្នក​ដំណើរ​រហូតដល់​ ៤​,​១៣ ​ពាន់​លាន​ដង​ ​ក្នុង​រយៈពេល​ ១០​ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​ដែល​ជា​កំណត់​ត្រា​ថ្មី​ ​និង​កើនឡើង​ ​៤​,​៧ ​ភាគ​រយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។ ​កំណើន​នេះ​បង្ហាញ​ពី​សន្ទុះ​នៃ​តម្រូវការ​ធ្វើដំណើរ​ទាំង​ក្នុង​ស្រុក​ ​និង​ឆ្លង​ដែន​របស់​ប្រទេស​ចិន​។

យោង​តាម​តួលេខ​ដែល​កាសែត​ ​Novinata ​បាន​ដកស្រង់​មក​ចុះ​ផ្សាយ ​ចាប់​ពី​ខែ​មករា​ ​ដល់​ខែ​តុលា ​បណ្តាញ​ផ្លូវ​ដែក​ចិន​បាន​ដំណើរការ​រថភ្លើង​ដឹក​អ្នក​ដំណើរ​ជា​មធ្យម​ចំនួន​ ១១ ៦៧០ ​ជើង​ក្នុង​មួយ​ថ្ងៃ​ ​កើនឡើង​ ៥ ​ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ​មុន​។

​ចំនួន​អ្នក​ដំណើរ​ប្រចាំ​ថ្ងៃ​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​ថ្ងៃ​ទី​១ ​ខែ​តុលា ​ដែល​ជា​ថ្ងៃ​ចាប់ផ្តើម​នៃ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ​ចិន ​ដោយ​មាន​អ្នក​ដំណើរ​រហូតដល់​ ​២៥​,​២ លាន​ដង​ ​តាមរយៈ​រថភ្លើង​ចំនួន​ ១៤​ ៨៨៥ ​ជើង​។

​ក្រៅ​ពី​សេវា​ដឹកជញ្ជូន​អ្នក​ដំណើរ​ទូទៅ​ ​ក្រុមហ៊ុន​ផ្លូវ​ដែក​ចិន​ ​(​China Railways​)​ ​ក៏​បាន​ពង្រីក​សេវា​រថភ្លើង​ពិសេស ​ដើម្បី​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍​ ​វប្បធម៌​ ​និង​ការ​អប់រំ​ផងដែរ​។ ​ក្នុង​រយៈពេល​ ​១០ ​ខែ​នេះ​ ប្រតិបត្តិករ​បាន​រៀបចំ​រថភ្លើង​ទេសចរណ៍​ពិសេស​ចំនួន​ ​៣​ ២៣៦ ​ជើង​ ​និង​រថភ្លើង​ពិសេស​ចំនួន​ ​១​ ០​៨៤ ​ជើង​ទៀត​ ​សម្រាប់​បម្រើ​ដល់​ការ​ប្រគំតន្ត្រី​ ​ព្រឹត្តិការណ៍​កីឡា​ ពិព័រណ៍ ​និង​ដំណើរ​ទស្សនកិច្ច​សិក្សា​។

​ជាមួយគ្នា​នេះ​ ការ​តភ្ជាប់​ផ្លូវ​ដែក​សម្រាប់​ការ​ធ្វើដំណើរ​អន្តរជាតិ​ ​និង​ក្នុង​តំបន់​ ​ក៏​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ផងដែរ​។ ​ចំនួន​អ្នក​ដំណើរ​ឆ្លង​ដែន​តាម​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ ក្វាង​ចូវ​-​សិន​ជិន​-​ហុងកុង ​បាន​កើនឡើង​ ​១១ ​ភាគរយ​ ​ដល់​ ២៩​,​២៣ លាន​ដង​។ ​ចំណែក​ខ្សែ​រថភ្លើង​ចិន​-​ឡាវ ​មាន​កំណើន​អ្នក​ដំណើរ​ឆ្លង​ដែន ​៣៣ ​ភាគរយ​ ​ដោយ​ដឹកជញ្ជូន​អ្នក​ដំណើរ​បាន​ចំនួន​ ​២៨៩ ០០០ ​ដង​។

​ជា​រួម ​ចំនួន​ការ​ធ្វើដំណើរ​របស់​ជន​បរទេស​តាម​បណ្តាញ​ផ្លូវ​ដែក​ចិន ​បាន​កើនឡើង​ ​៣២​,​៩ ​ភាគរយ​ ​ដល់​ ២២​,​៥២ ​លាន​ដង ​ដែល​បង្ហាញ​ពី​ការ​កើនឡើង​នៃ​ការ​តភ្ជាប់​ការ​ធ្វើដំណើរ​រវាង​ចិន ​និង​បណ្តា​ប្រទេស​ផ្សេង​ៗ​។

​កំណើន​នៃ​ការ​ដឹកជញ្ជូន​អ្នក​ដំណើរ​នេះ​ ​ក៏​ឆ្លុះបញ្ចាំង​ពី​ការ​វិនិយោគ​ជា​បន្តបន្ទាប់​របស់​ចិន​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ផងដែរ​។ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​ ​២០២៥​ ​ប្រវែង​បណ្តាញ​ផ្លូវ​ដែក​ដែល​ដំណើរការ​នៅ​ទូទាំង​ប្រទេស​ចិន ​បាន​កើន​ដល់​ ១៦៥​ ០០០ គីឡូម៉ែត្រ​ ​ក្នុង​នោះ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​មាន​ប្រវែង​ជាង​ ៥០​ ០០០ គីឡូម៉ែត្រ​។

​សម្រាប់​គោលដៅ​រយៈពេល​វែង​ដល់​ឆ្នាំ​ ​២០៣៥ ​ចិន​មាន​ផែនការ​ពង្រីក​ប្រវែង​បណ្តាញ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ឱ្យ​ដល់​ ៧០​ ០០០ ​គីឡូម៉ែត្រ ​ដោយ​រួមមាន​ខ្សែ​ផ្លូវ​សំខាន់​ៗ​ចំនួន​ ៨​ ​ខ្សែ​តភ្ជាប់​ពី​ជើង​ទៅត្បូង​ ​និង​ ៨​ ​ខ្សែ​ទៀត​ពី​កើត​ទៅលិច​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា