អឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ជាង ២៣០ លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ជាង ២៣០ លានដុល្លារ

អឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ជាង ២៣០ លានដុល្លារ

បរទេស៖ សហភាពអឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ ២០០ លានអឺរ៉ូ (២៣២ លានដុល្លារអាម៉េរិក) ដោយសារបំពាននឹងច្បាប់ហាមឃាត់លក់ផលិតផលខុសច្បាប់។ នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ។

Advertisement

កាលពីថ្ងៃព្រហស្បតិ៍ និយ័តករបច្ចេកវិទ្យារបស់សហភាពអឺរ៉ុបប្រកាសពីការផាកពិន័យ Temu ជាទឹកប្រាក់ ២០០ លានអឺរ៉ូ (២៣២ លានដុល្លារ) ដោយសារវេទិការមួយនេះមិនបានអនុវត្តគ្រប់គ្រាន់ក្នុងការបញ្ឈប់ការលក់ផលិតផលខុសច្បាប់។

ការពិន័យនេះគឺជាលទ្ធផលដំណាក់កាលដំបូងនៃការស៊ើបអង្កេតជិតពីរឆ្នាំផ្អែកលើច្បាប់ស្តីពីសេវាកម្មឌីជីថល ដែលតម្រូវឱ្យក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច (E-commerce) ធំៗត្រូវតែបង្កើនការទទួលខុសត្រូវ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ក្នុងការកម្ចាត់រាល់មាតិកាបង្កគ្រោះថ្នាក់ និងផលិតផលខុសច្បាប់ចេញពីប្រព័ន្ធរបស់ពួកគេ។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ក្រុមហ៊ុន Temu អាចនឹងប្រឈមមុខនឹងការពិន័យបន្ថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខ ប្រសិនបើរកឃើញថាមានកំហុសទៀត។

គណៈកម្មការអឺរ៉ុបបានកំណត់ពេល ២ ខែរហូតដល់ ថ្ងៃទី ២៨ ខែសីហា សម្រាប់ Temu ដើម្បីផ្តល់នូវផែនការសកម្មភាពដោះស្រាយបញ្ហា។ បន្ទាប់មក និយ័តករនឹងវាយតម្លៃផែនការនោះ ហើយធ្វើការសម្រេចចិត្តថា តើក្រុមហ៊ុននេះបានធ្វើការកែប្រែគ្រប់គ្រាន់ដើម្បីអនុលោមតាមច្បាប់ DSA ហើយឬនៅក្នុងរយៈពេល ២ ខែនេះ?

តាមច្បាប់ DSA ក្រុមហ៊ុនណាដែលបំពាន អាចនឹងត្រូវប្រឈមមុខនឹងការពិនិ័យជាប្រាក់រហូតដល់ ៦ ភាគរយ នៃចំណូលប្រចាំឆ្នាំសរុបនៅទូទាំងពិភពលោករបស់ក្រុមហ៊ុននោះ។ ការពិន័យក្រុមហ៊ុន Temu គឺជាករណីលើកទីពីរនៅក្រោមច្បាប់ DSA បន្ទាប់ពីបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់ Elon Musk ត្រូវបានពិន័យជាប្រាក់ចំនួន ១២០ លានអឺរ៉ូកាលពីខែធ្នូឆ្នាំមុន។

ដើមហេតុនៃការស៊ើបអង្កេតរបស់សហភាពអឺរ៉ុ​ប ដោយសារមានការដាក់ពាក្យបណ្តឹងពីអង្គការការពារអ្នកប្រើប្រាស់ប្រចាំតំបន់អឺរ៉ុប(BEUC) រួមជាមួយសមាជិកថ្នាក់ជាតិចំនួន ១៧ ប្រទេសទៀត។ គណៈកម្មការសហភាពអឺរ៉ុប បញ្ជាក់ថា Temu បរាជ័យក្នុងការកំណត់អត្តសញ្ញាណ វិភាគ និងវាយតម្លៃហានិភ័យលើផលិតផលខុសច្បាប់ដែលបានលក់នៅលើវេទិការបស់ខ្លួន និងជាលទ្ធផលដែលបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់នៅក្នុងសហភាពអឺរ៉ុប។ Temu មិនបានវាយតម្លៃត្រឹមត្រូវអំពីប្រព័ន្ធណែនាំផលិតផល និងកម្មវិធីផ្សព្វផ្សាយផលិតផលរបស់ខ្លួនតាមរយៈ Influencers នោះទេ ដែលវាអាចបង្កើនហានិភ័យនៃការលក់ផលិតផលខុសច្បាប់។

ទន្ទឹមនឹងនេះ Temu និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Temu គោរពនូវគោលបំណងនៃច្បាប់សេវាកម្មឌីជីថល (DSA) និងគាំទ្រឲ្យមានច្បាប់ច្បាស់លាស់នៅទូទាំងសេដ្ឋកិច្ចឌីជីថល។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនយល់ស្របនឹងការសម្រេចចិត្តរបស់គណៈកម្មការសហភាពអឺរ៉ុបនោះទេ និងចាត់ទុកចំនួនទឹកប្រាក់ពិន័យមិនសមាមាត្រនឹងកំហុស។ ការសម្រេចចិត្តពិន័យផ្អែកលើការវាយតម្លៃចាស់់តាំងពីឆ្នាំ ២០២៤ មកម្ល៉េះ ដែលមិនឆ្លុះបញ្ចាំងគ្រប់គ្រាន់ពីស្ថានភាពប្រព័ន្ធគ្រប់គ្រងបច្ចុប្បន្នរបស់ក្រុមហ៊ុនទេ។

Temu ក៏បានចូលរួមជាមួយគណៈកម្មការសហភាពអឺរ៉ុបក្នុងដំណើរការស៊ើបអង្កេតដែរ ហើយចាប់តាំងពីពេលនោះមក ខ្លួនបានចាត់វិធានការបន្ថែមជាច្រើន ដើម្បីពង្រឹងការវាយតម្លៃហានិភ័យ គ្រប់គ្រងវេទិការឱ្យមានរបៀបរៀបរយ និងបង្កើនការការពារអ្នកប្រើប្រាស់៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា