អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា

អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា

ភ្នំពេញ ៖ ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា ដែលជាការរួមចំណែកផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ជាពិសេសផ្តល់ឱកាសការងារជំនាញដល់ពលរដ្ឋកម្ពុជា និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។ នេះជាការលើកឡើងរបស់លោក ងន សាំង អគ្គនាយកក្រុមហ៊ុន R M A Automotive(Cambodia) Co.,LTD  ក្នុងជំនួបជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

Advertisement

ក្រៅពីជម្រាបជូនពីវឌ្ឍនភាពនៃដំណើរការនៃគម្រោងវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន R M A Automotive (Cambodia) Co., Ltd  និងបានចែករំលែកអំពីស្ថានភាពទីផ្សាររថយន្តនៅកម្ពុជា លោកអគ្គនាយកក្រុមហ៊ុនក៏បានបញ្ជាក់អំពីគម្រោងវិនិយោគថ្មីបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តជាលើកដំបូងនៅកម្ពុជា ដែលមានទីតាំងនៅក្នុងខេត្តពោធិសាត់ នៅពេលឆាប់ៗនេះ។

លោកបណ្ឌិត ជ័យ តិច  អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច មើលឃើញថា ការបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តនេះ ជាសញ្ញាបញ្ជាក់ឱ្យឃើញថា ក្រោយពេលមានបញ្ហាព្រំដែនកម្ពុជា-ថៃ អ្នកវិនិយោគអន្តរជាតិមិនបានសម្រេចដកខ្លួនចេញពីកម្ពុជាទេ ប៉ុន្តែថែមទាំងចូលមកបណ្តាក់ទុនបន្ថែមទៀត ដើម្បីទប់ទល់ផលប៉ះពាល់ដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់គ្រឿងបង្គុំរថយន្ត ខណៈដែលប្រភពផ្គត់ផ្គង់គ្រឿងបង្គុំរថយន្តនៅកម្ពុជាកាលពីមុនគឺនាំចូលពីប្រទេសថៃ។

លោកបញ្ជាក់ថា​ ៖

«នេះជារឿងល្អសម្រាប់កម្ពុជាយើង នៅក្នុងតំណាក់កាលនៃភាពតានតឹងនៃការឈ្លានពាន ឈានដល់ការបិទព្រំដែន ដែលប៉ះពាល់ដល់ខ្សែរចង្វាក់នៃការផ្គត់ផ្គង់នេះ គឺ់យើងបានទទួលយ៉ាងត្រចះត្រចង់ដោយក្រុមហ៊ុនវិនិយោគិនបរទេស សម្រេចប្តូរពីការដឹកជញ្ជូនពីប្រទេសជិតខាង​ មកតម្លើង និងផលិតដោយខ្លួនឯងនៅក្នុងស្រុក»។

ការណ៍នេះបង្ហាញផងដែរថា កម្ពុជាមានសក្តានុពលក្នុងការទាក់ទាក់អ្នកវិនិយោគចូលមកបណ្តាក់ទុនកាន់តែច្រើន ក្នុងការទប់ទល់ទៅនឹងស្ថានភាពនៃការឈ្លានពានថ្ងៃ ទប់ទល់នឹងការបង្អាក់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ដែលផ្តល់ផលប្រយោជន៍ជាច្រើដល់សេដ្ឋកិច្ចជាតិ បង្កើតបានការងារជូនប្រជាពលរដ្ឋ និងបង្កើតបាននូវនិរន្តរភាពនៃការផ្គង់ផ្គង់ដែលមានភាពធន់ទៅថ្ងៃអនាគត។

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ចមើលឃើញថា វត្តមាននៃរោងចក្រផលិតគ្រឿងបង្គុំរថយន្តនេះ មិនមែនគ្រាន់តែជាការបង្កើតរោងចក្រធម្មតាមួយនោះទេ ប៉ុន្តែវាជារបត់យុទ្ធសាស្ត្រសម្រាប់សេដ្ឋកិច្ចជាតិថែមទៀត។

លោកថា ការបង្កើតរោងចក្រផលិតគ្រឿងបង្គុំក្នុងស្រុក នឹងជួយបំពេញចន្លោះប្រហោងនៃខ្សែច្រវាក់ផ្គត់ផ្គង់ ធ្វើឱ្យកម្ពុជាក្លាយជាប្រភពស្វ័យគ្រប់គ្រងផ្នែកឧស្សាហកម្មយានយន្តមួយកម្រិតទៀត។ នៅពេលដែលកំណើនសេដ្ឋកិច្ចកម្ពុជាប្រឈមនឹងការប្រែប្រួល (ដូចជាការកែសម្រួលការព្យាករណ៍កំណើន GDP មកនៅត្រឹម ៤.២% ក្នុងឆ្នាំ២០២៦ ដោយសារកត្តាប្រឈមខាងក្រៅ) វិស័យឧស្សាហកម្មធុនធ្ងន់ និងបច្ចេកវិទ្យាកម្រិតមធ្យម-ខ្ពស់ បែបនេះនឹងក្លាយជាម៉ាស៊ីនកំណើនថ្មី ជួយទប់លំនឹងសេដ្ឋកិច្ចមិនឱ្យពឹងផ្អែកតែលើវិស័យប្រពៃណីដូចជាកាត់ដេរ ឬកសិកម្មឡើយ។

អ្នកជំនាញរូបនេះបានបញ្ជាក់ថា ៖

«វត្តមានរោងចក្រខាងលើ ក៏នឹងបង្កើនភាពទាក់ទាញវិនិយោគិនបន្តបន្ទាប់ ខណៈដែលមានរោងចក្រផលិតគ្រឿងបង្គុំមេមួយ វានឹងទាក់ទាញក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬអ្នកផ្គត់ផ្គង់វត្ថុធាតុដើមតូចៗផ្សេងទៀតឱ្យមកវិនិយោគជុំវិញ បង្កើតបានជាបណ្តុំឧស្សាហកម្មយានយន្ត (Automotive Cluster)និងផ្តល់ការងារជំនាញកាន់តែច្រើនទៅថ្ងៃអនាគត»។

គួរបញ្ជាក់ថា កម្ពុជានៅមិនទាន់មានរោងផលិតគ្រឿងបង្គុំនៅឡើយទេនាពេលបច្ចុប្បន្ន ពោលមានតែរោងចក្រផ្គុំ និងដំឡើងរថយន្តតែប៉ុណ្ណោះ។ យោងតាមរបាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថាគិតត្រឹមចុងត្រីមាសទី១​ ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រផលិត ផ្គុំ និងដំឡើងរថយន្តចំនួន១០ កំពុងមានដំណើរការសង្វាក់ផលិតកម្ម​ ជាមួយនឹងសមិទ្ធផលសម្រេចបានសរុប ​៣១​ ៤៦៣ គ្រឿង ខណៈដែលក្នុងឆ្នាំ២០២៥ សម្រេចបានចំនួន ១៥ ៦១២ គ្រឿង សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា