អាល្លឺម៉ង់ បង្ហាញផែនការអភិវឌ្ឍន៍ខ្លួនក្លាយជាមហាអំណាចយោធាដាច់គេនៅអឺរ៉ុប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាល្លឺម៉ង់ បង្ហាញផែនការអភិវឌ្ឍន៍ខ្លួនក្លាយជាមហាអំណាចយោធាដាច់គេនៅអឺរ៉ុប

អាល្លឺម៉ង់ បង្ហាញផែនការអភិវឌ្ឍន៍ខ្លួនក្លាយជាមហាអំណាចយោធាដាច់គេនៅអឺរ៉ុប

បរទេស ៖ កាលពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋាភិបាលទីក្រុងប៊ែរឡាំងបានបង្ហាញសំណុំឯកសារយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនក្នុងគោលដៅអភិវឌ្ឍន៍ក្លាយខ្លួនជាប្រទេសដែលមានកម្លាំងយោធាខ្លាំងជាងគេបំផុតនៅក្នុងតំបន់អឺរ៉ុបត្រឹមរយៈពេល១០ឆ្នាំខាងមុខ។

Advertisement

យោងតាមការចេញផ្សាយដោយកាសែត Defense News បានបញ្ជាក់ថា ឯកសារទាំងនោះគឺជាយុទ្ធសាស្ត្រយោធាដោយមានភាពឯករាជ្យដាច់ពីគេ និងជាការបង្កើនសមត្ថភាពថ្មីដោយខ្លួនឯងផង ព្រមទាំងការគូសផែនការបង្កើនកម្លាំងទ័ពថ្មីឲ្យកាន់តែច្រើនផង រួមទាំងការរៀបចំឡើងវិញនូវយុទ្ធសាស្ត្រទ័ពបម្រុងឲ្យកាន់តែមានប្រសិទ្ធភាព។

តាមរយៈផែនការដ៏មានមហិច្ឆតាលើកនេះត្រូវបានគេមើលឃើញថា គឺជាការរុះរើដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងជួរកងកម្លាំងទ័ពអាល្លឺម៉ង់ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។

សូមបញ្ជាក់ថា​ ផែនការមេយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់កងកម្លាំងយោធាមួយនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក​ Boris Pistorius ធ្លាប់បានបង្ហាញម្តងហើយកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ ជាមួយការអះអាងថា គឺជាផែនការជាប្រវត្តិសាស្ត្រ និងជាចំណុចផ្លាស់ប្តូរដ៏សំខាន់បំផុតនៃកម្លាំងការពារជាតិ។

ប្រភពដដែលបានឱ្យដឹងទៀតថា រដ្ឋមន្ត្រីការពារជាតិ លោក​ Boris Pistorius បានធ្វើបទបង្ហាញយ៉ាងលម្អិតអំពីផែនការយុទ្ធសាស្ត្រយោធាទៅកាន់សមាជិកសភា និងផ្សប្វផ្សាយបន្តទៅដល់សាធារណៈជនផងដែរក្នុងអំឡុងពេលធ្វើសន្និសីទកាសែតមួយនៅក្នុងទីក្រុងប៊ែរឡាំង។

យោងតាមឯកសារមួយដែលមានចំណងជើងជាភាសាអាល្លឺម៉ង់ថា Verantwortung fur Eroupa និងប្រែជាភាសាអង់គ្លេសថា Responsibility for Europe បានកំណត់យករុស្ស៊ីធ្វើជាគោលដៅគំរាមកំហែងអាទិភាពជាងគេ ដោយមានការរៀបចំវិធិសាស្ត្រជាច្រើនដើម្បីការពារអឺរ៉ុបទាំងមូលក្នុងករណីដែលមានការវាយប្រហារណាមួយដោយកងកម្លាំងរុស្ស៊ីនាពេលអនាគត។

នៅក្នុងផែនការនោះផងដែរ គេសង្កេតឃើញថា អាល្លឺម៉ង់ នឹងបង្កើនចំនួនទ័ពពី ១៨៥ ៤២០នាក់ ជាទ័ពសកម្មនាពេលបច្ចុប្បន្នឲ្យទៅដល់ ២៦០ ០០០នាក់ក្នុងឆ្នាំ២០៣៥ ហើយបន្ថែមទ័ពបម្រុងពី ៦០ ០០០ ឲ្យទៅដល់ ២០០ ០០០នាក់។ ផែនការនេះត្រូវបានបែងចែកជា ៣ ដំណាក់កាល ដោយក្នុងនោះគិតពីពេលបច្ចុប្បន្នដល់ឆ្នាំ២០២៩ ជាការកសាងឲ្យបានលឿនបំផុត។ ដំណាក់កាលទី២ ទៅដល់ឆ្នាំ២០៣៥ គឺជាការកសាងសមត្ថភាពជំនាញតាមអង្គភាព និងមុខជំនាញ ហើយចុងក្រោយទៅដល់ឆ្នាំ២០៣៩ គឺជាការធ្វើឲ្យប្រសើរឡើងសម្រាប់រយៈពេលវែងដោយមានការបូកបញ្ចូលគ្នាជាមួយបច្ចេកវិទ្យាកាន់តែទំនើបនិងមានគុណភាពបំផុត៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា