រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​។

​យោង​តាម​ការ​ចេញផ្សាយ​របស់​ RT ​កសិករ​នៅ​ទូទាំង​ប្លុក​អឺរ៉ុប​បាន​ទទួល​ការ​ព្រមាន​ជា​បន្ទាន់​អំពី​ការ​ធ្លាក់ចុះ​យ៉ាង​គំហុក​នៃ​ទិន្នផល​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​យក​សាច់ ​បន្ទាប់ពី​រ​លក​កម្ដៅ​បាន​វាយប្រហារ​ទ្វីប​នេះ​ជា​បន្តបន្ទាប់​ក្នុង​រដូវ​ក្តៅ​នេះ​។

​អ្នក​សេដ្ឋកិច្ច​ ​និង​អ្នក​ជំនាញ​ក្នុង​ឧស្សាហកម្ម​បាន​ព្រមាន​ថា​ ​ការ​ខាតបង់​ធ្ងន់ធ្ងរ​នៅក្នុង​វិស័យ​កសិកម្ម​អាចនឹង​នាំឱ្យ​តម្លៃ​ចំណីអាហារ ​និង​ទំនិញ​ប្រើប្រាស់​កើនឡើង​យ៉ាង​ខ្លាំង​សម្រាប់​អ្នក​ប្រើប្រាស់​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​ ​ខណៈ​ការ​ខូចខាត​សេដ្ឋកិច្ច​អាច​មាន​ទំហំ​រាប់សិប​ពាន់​លាន​អឺរ៉ូ​។​

​ទិន្នន័យ​ពី​ទីភ្នាក់ងារ​តាមដាន​ការ​ប្រែប្រួល​អាកាសធាតុ ​Copernicus ​របស់​សហ​ភាព​អឺរ៉ុប ​បាន​បញ្ជាក់​ថា​ ​ខែ​មិថុនា ​និង​ខែ​កក្កដា ​គឺជា​ខែ​ដែល​មាន​កម្ដៅ​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​នៅ​អឺរ៉ុប​ខាង​លិច​។ ​មន្ត្រី​ផ្នែក​អាកាសធាតុ​បាន​ព្រមាន​ថា​ ​ហានិភ័យ​នៃ​រលក​កម្ដៅ​បន្តបន្ទាប់​នឹង​បន្ត​គំរាមកំហែង​ដល់​ភាគ​ច្រើន​នៃ​ទ្វីប​អឺរ៉ុប​ក្នុង​ខែ​សីហា ​និង​រហូតដល់​ខែ​កញ្ញា​ ​ដែល​ធ្វើឱ្យ​ស្ថានការណ៍​បរិស្ថាន​កាន់តែ​អាក្រក់​។

​នៅ​ប្រទេស​បារាំង ​ដែល​ជា​ប្រទេស​ផលិត​គ្រាប់​ធញ្ញជាតិ​ដ៏​ធំ​មួយ​សម្រាប់​ប្លុក​អឺរ៉ុប​ បម្រុង​ទឹក​ក្រោម​ដី​បាន​ថយចុះ​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ប្រទេស​គិត​ត្រឹម​ដើម​ខែ​សីហា​។ ​វិបត្តិ​នេះ​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​ដាំដុះ​បន្លែ​ជា​ច្រើន​ប្រភេទ​។ ​បារាំង​បាន​ព្យាករណ៍​ថា​ ​ទិន្នផល​សណ្តែក​អាច​បាត់បង់​រហូតដល់​ ៤០​ភាគរយ​ ​ខាត់ណា​ខៀវ​ ​៦០​ភាគរយ​ ​និង​ប្រភេទ​ផ្កា​ artichokes ​ចន្លោះ​ពី​ ​៥០ ​ទៅ​ ​១០០​ភាគរយ​។

​វិបត្តិ​នេះ​ក៏​បាន​រាលដាល​ដល់​ការ​ចិញ្ចឹម​សត្វ​ ​និង​សត្វ​ស្លាប​នៅ​បារាំង​ផងដែរ​។ រលក​កម្ដៅ​បាន​កាត់បន្ថយ​ការ​ផលិត​ពង​មាន់​ប្រចាំ​ថ្ងៃ​នៅ​ទូទាំង​ប្រទេស​ប្រមាណ​ ​១ លាន​គ្រាប់​ ​ខណៈ​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ស្លាបបាន​រាយការណ៍​ពី​អត្រា​ស្លាប់​ខ្ពស់​។ ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ក៏​កំពុង​ប្រឈមមុខ​នឹង​ការ​ខ្វះខាត​ចំណី​សត្វ​កាន់តែ​ខ្លាំង​ឡើង​ ​មុន​រដូវ​រងា​ខាង​មុខ​។

​ការ​ខូចខាត​ផ្នែក​កសិកម្ម​ដូចគ្នា​នេះ​កំពុង​កើតឡើង​នៅ​អឺរ៉ុប​ភាគ​ខាង​ត្បូង​ ​និង​ភាគ​ខាង​កើត​ផងដែរ​។ ​តំបន់​ដាំ​ស្រូវ​សំខាន់​ៗ​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីតាលី​កំពុង​រងគ្រោះ​ដោយ​ការ​ខ្វះខាត​ទឹក​យ៉ាង​ធ្ងន់ធ្ងរ ​ដែល​បណ្តាល​ឱ្យ​វាល​ស្រែ​ស្ងួត​ហួត​ហែង ​និង​ដំណាំ​ស្រូវ​ត្រូវ​ខូចខាត​ទាំងស្រុង​។

​នៅ​អឺរ៉ុប​ភាគ​កណ្តាល​ ​សមាគម​កសិករ​អាល្លឺម៉ង់​បាន​ប្រកាស​ថា​ ​ការ​ផលិត​គ្រាប់​ធញ្ញជាតិ​ថ្នាក់​ជាតិ​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្លាក់ចុះ​ ៧​ភាគរយ​ ​ឬ​ស្មើនឹង​ ៣​,​៣ លាន​តោន ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​ ​ខណៈ​តំបន់​ភាគ​ខាង​ត្បូង​ប្រឈម​នឹង​ការ​ខូចខាត​ដំណាំ​ទាំងស្រុង​។​

​អ្នក​វិភាគ​នៅ​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​Zurich ​Insurance ​Group រួម​ជាមួយ​ស្ថាប័ន​ធនាគារ​អឺរ៉ុប​ជា​ច្រើន​ បាន​ប៉ាន់ប្រមាណ​ថា​ ​ផលប៉ះពាល់​សេដ្ឋកិច្ច​សរុប​នៃ​រលក​កម្ដៅ​ដែល​អូសបន្លាយ​នេះ​ ​អាច​ធ្វើឱ្យ​សហ​ភាព​អឺរ៉ុប​ខាតបង់​ចន្លោះ​ពី​ ​៥០ ​ពាន់​លាន​អឺរ៉ូ ​ទៅ​ ១៨០ ពាន់​លាន​អឺរ៉ូ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា