ឥណ្ឌា​បារម្ភ​ ​ពាណិជ្ជកម្ម​អាម៉េរិក​-​ចិន​ធូរ​ស្រាល​ អាច​ធ្វើឱ្យ​ខ្លួនខាត​ឱកាស​សេដ្ឋកិច្ច​ ​និង​សន្តិសុខ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌា​បារម្ភ​ ​ពាណិជ្ជកម្ម​អាម៉េរិក​-​ចិន​ធូរ​ស្រាល​ អាច​ធ្វើឱ្យ​ខ្លួនខាត​ឱកាស​សេដ្ឋកិច្ច​ ​និង​សន្តិសុខ​

ឥណ្ឌា​បារម្ភ​ ​ពាណិជ្ជកម្ម​អាម៉េរិក​-​ចិន​ធូរ​ស្រាល​ អាច​ធ្វើឱ្យ​ខ្លួនខាត​ឱកាស​សេដ្ឋកិច្ច​ ​និង​សន្តិសុខ​

​បរទេស​៖ ​ឥណ្ឌា​កំពុង​បារម្ភ​ថា​ ការ​ធូរ​ស្រាល​នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​ ​និង​ចិន​ ​អាច​ធ្វើឱ្យ​ខ្លួនខាត​បង់​ផលប្រយោជន៍​សេដ្ឋកិច្ច​ ​និង​ខកខាន​ឱកាស​វិនិយោគ​សំខាន់​ៗ ពិសេស​ក៏​ព្រួយបារម្ភ​ពី​ផលប៉ះពាល់​ផ្នែក​សន្តិសុខ​ ​ប្រសិនបើ​ទំនាក់ទំនង​រវាង​មហា​អំណាច​ទាំង​ពីរ​កាន់តែ​ជិតស្និទ្ធ​។ ​នេះ​បើ​យោង​តាម​អត្ថបទ​ចេញផ្សាយ​ដោយ​កាសែត​ ​RT ​នៅ​សប្តាហ៍​នេះ​។​

ក្តី​បារម្ភ​នេះ​កើតឡើង​បន្ទាប់ពី​កិច្ច​ប្រជុំ​កំពូល​រវាង​ប្រធានាធិបតី​អាម៉េរិក​ ​Donald ​Trump ​និង​ប្រធានាធិបតី​ចិន X​i Jinping ​ដែល​បាន​បញ្ចប់​ដោយ​ការ​យល់ព្រម​ផ្អាក​ការ​ដំឡើង​ពន្ធ​ដាក់​គ្នា​រយៈពេល​ ២​ ​ខែ​បន្ថែម​ទៀត​ ​រហូតដល់​ពាក់កណ្តាល​ខែ​មករា​ ​ឆ្នាំ​២០២៧​។​ ​ទោះ​អាម៉េរិក​ ​និង​ចិន​ចាត់ទុក​ជំនួប​នេះ​ថា​ជា​សញ្ញា​វិជ្ជមាន​ក៏​ដោយ​ ​អ្នក​វិភាគ​នៅ​ឥណ្ឌា​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ការ​វិវត្ត​នេះ​។

​ក្នុង​ជំនួប​ចុងក្រោយ​ ​មេ​ដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​បញ្ហា​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម រ៉ែ​សំខាន់​ៗ​ ​និង​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​។ ​ការ​ចរចា​ត្រូវ​បាន​មើលឃើញ​ថា​ ​ចិន​មាន​ប្រៀប​ជាង​អាម៉េរិក​ ​ដោយសារ​ចិន​នាំចេញ​ទំនិញ​បាន​ច្រើន​ ​និង​កាន់កាប់​សមត្ថភាព​ផលិត​រ៉ែ​កម្រជិត​ ៧០​ភាគរយ​នៅលើ​ពិភពលោក​ ​និង​ការ​កែច្នៃ​រហូតដល់​ ៨៥​ភាគរយ​។

​ចំណែក​លោក​ Trump ​កំពុង​ប្រឈម​នឹង​សម្ពាធ​ក្នុង​ស្រុក​ពី​ការ​ធ្លាក់ចុះ​ប្រជាប្រិយភាព​ ​និង​បញ្ហា​សេដ្ឋកិច្ច​ដែល​បណ្តាល​មកពី​សង្គ្រាម​នៅ​អ៊ីរ៉ង់ ​ដែល​ជំរុញ​ឱ្យ​លោក​បន្ធូរបន្ថយ​ការ​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន ​ដើម្បី​កាត់បន្ថយ​ការ​លំបាក​របស់​ប្រជាជន​អាម៉េរិក​។​

ការ​ធូរ​ស្រាល​នៃ​ទំនាក់ទំនង​រវាង​អាម៉េរិក​ ​និង​ចិន ​បាន​បង្ក​ការ​ព្រួយបារម្ភ​ដល់​ឥណ្ឌា​ថា​ ​មហា​អំណាច​ទាំង​ពីរ​អាច​ចាប់ផ្តើម​ចែក​ដែន​ឥទ្ធិពល ​និង​ដោះស្រាយ​បញ្ហា​ពិភពលោក​ត្រឹមតែ​ពីរ​ប្រទេស ​ដោយ​មើល​រំលង​ប្រទេស​ផ្សេង​ៗ រួមទាំង​ឥណ្ឌា​។

​បញ្ហា​មួយ​ទៀត​ដែល​ធ្វើឱ្យ​ឥណ្ឌា​មិន​ពេញចិត្ត​ ​គឺ​ការ​អនុវត្ត​ពន្ធ​របស់​អាម៉េរិក​។ ​មុន​ជំនួប​រវាង​មេដឹកនាំ​អាម៉េរិក​ ​និង​ចិន ​លោក​ Trump ​បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​ដំឡើង​ពន្ធ​ ​១០០​ភាគរយ​លើ​ប្រទេស​ដែល​ទិញ​ប្រេង​ពី​រុស្ស៊ី ​ដែល​ជា​សម្ពាធ​មួយ​លើ​ឥណ្ឌា ​ដោយ​សារ​ឥណ្ឌា​នៅតែ​បន្ត​ទិញ​ប្រេង​ពី​រុស្ស៊ី​។

​ផ្ទុយទៅវិញ​ ​អាម៉េរិក​បាន​យល់ព្រម​ពន្យារ​ពេល​ការ​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​ ទោះ​ចិន​មាន​ការ​ទិញ​ទំនិញ​ ​និង​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី​ដូចគ្នា​ក៏​ដោយ​។ ​អ្នក​វិភាគ​ឥណ្ឌា​មើលឃើញ​ថា​ ​អាម៉េរិក​កំពុង​ប្រើ​យុទ្ធសាស្ត្រ​អាជីវកម្ម ​ដែល​ដាក់​សម្ពាធ​លើ​មិត្តភក្តិ​ប្រជា​ធិបតេយ្យ​ដូចជា​ឥណ្ឌា ​ប៉ុន្តែ​បែរជា​បន្ធូរ​ជំហរ​ចំពោះ​ចិន ​ដោយសារ​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ចិន​។

​ក្រៅ​ពី​នេះ​ ទំនាក់ទំនង​ល្អ​ប្រសើរ​ឡើង​រវាង​អាម៉េរិក​ ​និង​ចិន​ ​អាច​ប៉ះពាល់​ដល់​ផែនការ​របស់​ឥណ្ឌា​ក្នុង​ការ​ទាក់ទាញ​វិនិយោ​គិន​បរទេស​។ ​កន្លង​មក​ ​ក្រុមហ៊ុន​បរទេស​ជា​ច្រើន​បាន​ផ្លាស់ប្តូរ​ការ​វិនិយោគ​ពី​ចិន​មក​ឥណ្ឌា ​ដោយ​បោះទុន​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​ការ​ផលិត​ទូរស័ព្ទ​ ​គ្រឿង​បន្លាស់​រថយន្ត​ ​និង​ផ្ទាំង​សូឡា​។

​ប៉ុន្តែ ប្រសិនបើ​អាម៉េរិក​ ​និង​ចិន​មាន​ទំនាក់ទំនង​កាន់តែ​ប្រសើរ ការ​ផ្លាស់ប្តូរ​រោងចក្រ​ពី​ចិន​មក​ឥណ្ឌា​អាចនឹង​ថយចុះ​។ ​ជាមួយគ្នា​នេះ​ ​លោក​ Trump ​អាចនឹង​ដាក់​សម្ពាធ​លើ​ឥណ្ឌា​ឱ្យ​បើក​ចំហ​ទី​ផ្សារ​កសិកម្ម ​និង​បច្ចេកវិទ្យា ​ដើម្បីឱ្យ​ក្រុមហ៊ុន​អាម៉េរិក​ចូល​ទៅ​ធ្វើ​អាជីវកម្ម​កាន់តែ​ច្រើន​។

​ចំពោះ​បញ្ហា​សន្តិសុខ​វិញ​ ​ឥណ្ឌា​បារម្ភ​ថា​ ​លោក​ Trump ​ដែល​ចូលចិត្ត​ការ​ចរចា ​និង​ការ​ដោះដូរ​ទ្វេ​ភាគី​ ​អាច​នឹង​បន្ធូរបន្ថយ​ជំហរ​របស់​អាម៉េរិក​លើ​បញ្ហា​ដែន​សមុទ្រ​ ​ឬ​កោះ​តៃវ៉ាន់ ​ដើម្បី​ដោះ​ដូរ​យក​ផលប្រយោជន៍​សេដ្ឋកិច្ច​ពី​ចិន​។

​ប្រសិនបើ​អា​ម៉េរិក​បន្ធូរ​ជំហរ​ចំពោះ​ចិន ​នោះ​កង​ទ័ព​ចិន​អាច​កាន់តែ​មាន​អំណាច​ ​ដែល​អាច​ធ្វើឱ្យ​ឥណ្ឌា​កាន់តែ​ពិបាក​ក្នុង​ការ​ចរចា​បញ្ហា​ព្រំដែន​ដី​គោក​ជាមួយ​ចិន​។

​ទោះជា​យ៉ាងណា ​អ្នកតាម​ដាន​ស្ថានការណ៍​យល់​ថា​ ​ការ​ពន្យារ​ពេល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​ ​និង​ចិន​ ​គ្រាន់តែ​ជា​ការ​ធូរស្រាល​នៅ​ផ្ទៃ​ក្រៅ​ ​ខណៈ​ការ​ប្រកួតប្រជែង​រវាង​មហា​អំណាច​ទាំង​ពីរ​នៅតែ​មាន​ភាព​ស៊ី​ជម្រៅ​។

​ក្នុង​បរិបទ​ដែល​អាម៉េរិក​កំពុង​ជាប់​ដៃ​នឹង​សង្គ្រាម​ ​និង​វិបត្តិ​ផ្សេង​ៗ​ ​ឥណ្ឌា​កំពុង​ប្រញាប់​រៀបចំ​យុទ្ធសាស្ត្រ​ការ​បរទេស​របស់​ខ្លួន​ឡើង​វិញ​ ​ដើម្បី​ការពារ​ផលប្រយោជន៍ ​និង​ជំហរ​របស់​ខ្លួន​នៅក្នុង​តំបន់​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា