ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះការវិវត្តជាវិជ្ជមាននៃការគ្រប់គ្រងបរិស្ថាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ។ ការលើកឡើងរបស់ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារ និងជម្រាបលា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។

Advertisement

ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសជប៉ុនក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ ដោយក្នុងនោះ វិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដែលត្រូវបានចាត់ទុកជាអាទិភាពគន្លឹះមួយ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល និងស្ថានទូតជប៉ុនប្រចាំកម្ពុជា បានផ្តល់កិច្ចគាំទ្រយ៉ាងសកម្ម និងទូលំទូលាយដល់វិស័យបរិស្ថាននៅកម្ពុជា ទាំងផ្នែកថវិកា សម្ភារៈបច្ចេកទេស និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងអព្យាក្រឹតកាបូន។ ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងបន្ថែមថា ជប៉ុនបានគាំទ្រដល់ភាពស្អាតរបស់កម្ពុជា តាមរយៈការផ្តល់ធុងសំរាមញែក និងរថយន្តប្រមូលសំរាម ជួយឱ្យកម្ពុជាដោះស្រាយបញ្ហាសំណល់រឹងនៅតាមសហគមន៍ផ្ទាល់ និងបានជួយជំរុញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលធ្វើឱ្យពលរដ្ឋកម្ពុជាផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ ឆ្ពោះទៅរកភាពស្អាត និងសុខភាពល្អ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្តពីការពង្រឹង និងពង្រីកកិច្ចសហការរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ក្នុងនោះលើការចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាបៃតងទំនើបៗមកកម្ពុជា និងបន្តការគាំទ្រ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដែលធានាថា កម្ពុជានឹងមានភាពធន់ និងចីរភាពនាពេលអនាគត។

សូមបញ្ជាក់ថា ប្រទេសជប៉ុនបានគាំទ្រ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» របស់កម្ពុជា ដែលផ្តោតលើសសរស្តម្ភចំនួន ៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ជាក់ស្តែង កាលពីពេលថ្មីៗកន្លងមកនេះ ប្រទេសជប៉ុនបានសហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP ផ្តល់ធុងញែកសំរាម ទុកដាក់សំណល់ប្លាស្ទិក ចំនួន ៣ ០០០ ធុង ជូនដល់ក្រសួងបរិស្ថាន ដើម្បីដាក់ពង្រាយតាមបណ្តារាជធានី-ខេត្តគោលដៅ ដូចជា ភ្នំពេញ សៀមរាប និងតំបន់មាត់សមុទ្រ។ ជាមួយគ្នានេះ គម្រោងជំនួយ Kusanone របស់ប្រទេសជប៉ុនបានផ្តល់រថយន្តប្រមូលសំរាម និងឧបករណ៍សម្ភារៈនានា ដើម្បីជួយសម្រួលដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការសម្អាត អនាម័យបរិស្ថាន និងលើកកម្ពស់សោភ័ណភាពមូលដ្ឋាន៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា