មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping អញ្ជើញដល់ប្រទេសកៀហ្ស៊ីស៊ីស្ថាននៅថ្ងៃចន្ទនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) រយៈពេលពីរថ្ងៃ ដែលមានសមាជិកសរុបចំនួន១០ប្រទេស រួមជាមួយនឹងដៃគូសន្ទនាចំនួន ១៥ប្រទេសផ្សេងទៀត។

អង្គការ SCO នេះមានសមាជិក ១០ ប្រទេស រួមមាន៖ ចិន រុស្ស៊ី ឥណ្ឌា អ៊ីរ៉ង់ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ប៉ាគីស្ថាន តាជីគីស្ថាន អ៊ូសបេគីស្ថាន និង បេឡារុស។ គោលបំណងនៃកិច្ចប្រជុំ គឺផ្តោតសំខាន់លើបញ្ហាសេដ្ឋកិច្ច ប៉ុន្តែកន្លងមក ប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីចិនប្រើប្រាស់កិច្ចប្រជុំកំពូលនេះដើម្បីផ្សព្វផ្សាយពីចក្ខុវិស័យរបស់ពួកគេនៅក្នុងពិភពលោកពហុប៉ូល និងបង្ហាញការរួមគ្នាប្រឆាំងនឹងលោកខាងលិច។ ដោយឡែក ចំពោះមេដឹកនាំប្រទេសទាំងនេះនឹងធ្វើដំណើរទៅកាន់រដ្ឋធានី ប៊ីសឃិច របស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន ដើម្បីប្រារព្ធខួប ២៥ ឆ្នាំរបស់ក្រុមអង្គការសហប្រតិបត្តិការសៀងហៃ (SCO)។ ក្រៅពីសមាជិកទាំង ១០ ក៏មានដៃគូសន្ទនាចំនួន ១៥ ចូលរួមផងដែររួមមាន តួកគី អារ៉ាប៊ីសាអូឌីត និង កាតា។ អាហ្វហ្កានីស្ថាន និង ម៉ុងហ្គោលី ដែលនឹងចូលរួមក្នុងនាមជាប្រទេសសង្កេតការណ៍។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អាចនឹងបើកកិច្ចចរចាទ្វេភាគីដាច់ដោយឡែកពីកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian, ប្រធានាធិបតីចិន លោក Xi Jinping, និង មេដឹកនាំផ្សេងៗទៀត។ ជាមួយគ្នានេះ ស្របពេលដែលរុស្ស៊ី និងអ៊ីរ៉ង់កំពុងស្ថិតក្នុងចំណោមប្រទេសដែលរងទណ្ឌកម្មខ្លាំងជាងគេបំផុតនៅលើពិភពលោក ពួកគេបានពង្រឹងទំនាក់ទំនងយោធា និងសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា។

សូមជម្រាបថា ប្រធានាធិបតីអាម៉េរិក លោក Donald Trump តែងតែព្រមានទៅទីក្រុងមូស្គូ និងទីក្រុងប៉េកាំងមិនឱ្យជួយជាអាវុធដល់អ៊ីរ៉ង់ឡើយ។ មិនត្រឹមតែប៉ុណ្ណោះ កិច្ចប្រជុំកំពូលនេះប្រព្រឹត្តឡើងចំពេលដែលសមាជិក SCO មួយចំនួនកំពុងស្ថិតក្នុងស្ថានភាពតានតឹង ដូចជា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សង្រ្គាមពាណិជ្ជកម្ម និងសង្គ្រាមនៅមជ្ឈិមបូព៌ាជាដើម។ នៅក្នុងខែសីហានេះ អាម៉េរិកគំរាមដាក់ទណ្ឌកម្មបន្ទាប់បន្សំលើដៃគូពាណិជ្ជកម្មរបស់អ៊ីរ៉ង់ ក្នុងគោលបំណងបំផ្លាញសេដ្ឋកិច្ចរបស់អ៊ីរ៉ង់។ ជាក់ស្តែង ចិនដែលជាប្រទេសនាំចូលប្រេងដ៏ធំបំផុតរបស់អ៊ីរ៉ង់ ប្រកាន់គោលជំហរពីការការពារផលប្រយោជន៍របស់ខ្លួនយ៉ាងមុតមាំ។ យ៉ាងណាក៏ដោយ ទោះបីជាអ៊ីរ៉ង់ស្ថិតនៅក្រោមទណ្ឌកម្មចាប់តាំងពីឆ្នាំ១៩៧៩ មកក្តី ប៉ុន្តែនៅតែប្រកាន់គោលជំហរថាមិនចុះចាញ់នឹងសម្ពាធសេដ្ឋកិច្ចនោះឡើយ។

អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា ទីក្រុងតេអេរ៉ង់ ជឿជាក់ថា សមាជិកភាព និងការចូលរួមយ៉ាងសកម្មនៅក្នុងសម្ព័ន្ធភាពទាំងនេះ អាចជួយខ្លួនឯងគេចវេសពីទណ្ឌកម្មរបស់អាម៉េរិក និងអឺរ៉ុប។ យ៉ាងណាមិញ ផលប្រយោជន៍ជាក់ស្តែងពីក្រុមនេះនៅមិនទាន់ប្រាកដប្រជាឡើយ ដោយសារមិនសូវមានលទ្ធភាពជួយដោះស្រាយវិបត្តិសេដ្ឋកិច្ច ឬ ផលលំបាកធ្ងន់ធ្ងររបស់អ៊ីរ៉ង់ក្នុងពេលមានអាសន្ននោះទេ។ ជាមួយគ្នានេះ ទោះបីជាប្លុកនេះមានប្រជាជនរហូតដល់ ៤០ ភាគរយនៃចំនួនប្រជាជនពិភពលោកសរុប និង ២៥ ភាគរយនៃ GDP សរុបរបស់ពិភពលោកក៏ដោយ ប៉ុន្តែសមាជិកទាំងនោះមិនមានទស្សនៈ ឬ ផលប្រយោជន៍ស្របគ្នាទាំងស្រុងនោះទេ។ ជាក់ស្តែង ទីក្រុងប៉េកាំងមានទំនាក់ទំនងរង្គោះរង្គើរជាមួយឥណ្ឌា និង ប៉ាគីស្ថាន ខណៈដែល រុស្ស៊ី និងចិនកំពុងប្រកួតប្រជែងគ្នាដើម្បីឥទ្ធិពលនៅអាស៊ីកណ្តាល ដែលជាតំបន់សម្បូរទៅដោយធនធានធម្មជាតិ និងមានសារៈសំខាន់សម្រាប់ការដឹកជញ្ជូនទំនិញរវាងអឺរ៉ុប និងអាស៊ី ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា