អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ


ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានរៀបចំយុទ្ធនាការដាំកូនឈើ នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ យុទ្ធនាការនេះមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរបស់អិលអូអិលស៊ី រួមទាំងបុគ្គលិក តំណាងអាជ្ញាធរមូលដ្ឋាន តំណាងសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ មន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងភ្ញៀវកិត្តិយស និងអ្នកចូលរួមផ្សេងទៀតជាច្រើនផងដែរ។

ការរៀបចំបង្កើតយុទ្ធនាការដាំកូនឈើនេះមានគោលបំណងចូលរួមជាចំណែកក្នុងការបង្កើនគម្របបៃតង ស្តារ និងអភិរក្សធនធានធម្មជាតិនៅលើផ្ទៃដីសរុបប្រមាណ ៤,៥ ហិកតា តាមរយៈការដាំកូនឈើចម្រុះរួមមាន៖ ដើមឈើទាល ក្រញូង គីនីន និងធ្នង់។ ការជ្រើសរើសប្រភេទកូនឈើ និងការដាំដុះត្រូវបានអនុវត្តដោយផ្អែកតាមការណែនាំបច្ចេកទេសរបស់មន្ត្រីជំនាញបរិស្ថាន និងសហគមន៍តំបន់ការពារធម្មជាតិ ចំបក់។ ការដាំកូនឈើក្នុងចន្លោះរដូវវស្សាគឺជាពេលវេលាដ៏ស័ក្តិសមបំផុត ដោយសារបរិមាណទឹកភ្លៀង និងសំណើមដីមានលក្ខណៈអំណោយផលខ្ពស់ដែលជួយបង្កើនអត្រារស់រានមានជីវិត និងការលូតលាស់របស់កូនឈើឱ្យកាន់តែរឹងមាំ។

ថ្លែងនៅក្នុងពិធីដ៏មានអត្ថន័យនេះ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានគូសបញ្ជាក់ថា៖
«សម្រាប់អិលអូអិលស៊ី ការរីកចម្រើនប្រកបដោយចីរភាព មិនមែនសំដៅតែលើភាពរីកចម្រើននៃអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែជាការរីកចម្រើនដែលដើរទន្ទឹមគ្នាជាមួយការទទួលខុសត្រូវចំពោះសង្គម សហគមន៍ និងបរិស្ថាន។ យើងជឿជាក់ថា ដើមឈើគ្រប់ដើមដែលយើងដាំនៅថ្ងៃនេះ គឺជាការវិនិយោគសម្រាប់អនាគត និងជាកេរដំណែលបៃតងដ៏មានតម្លៃ សម្រាប់មនុស្សជំនាន់ក្រោយ។»

លោកបានបន្ថែមទៀតថា៖ «ខ្ញុំសង្ឃឹមថា សកម្មភាពនៅថ្ងៃនេះ មិនត្រឹមតែជាការដាំដើមឈើប៉ុណ្ណោះទេ ប៉ុន្តែជាការបណ្តុះស្មារតីនៃការទទួលខុសត្រូវ និងការចូលរួមការពារបរិស្ថាន ក្នុងចំណោមបុគ្គលិករបស់យើង និងសហគមន៍ទាំងមូល។ សកម្មភាពតូចៗដែលយើង ធ្វើរួមគ្នានៅថ្ងៃនេះ អាចបង្កើតផលវិជ្ជមានដ៏ធំធេងសម្រាប់បរិស្ថាន និងសង្គមនាពេលអនាគត។»

ក្នុងឱកាសនេះផងដែរ លោកប្រធាននាយកប្រតិបត្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរមូលដ្ឋាន តំណាងសហគមន៍ចំបក់ មន្ត្រីជំនាញពាក់ព័ន្ធ ដែលបានផ្តល់ការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារ អិលអូអិលស៊ី រហូតធ្វើឱ្យបេសកកម្មបៃតងប្រព្រឹត្តទៅដោយជោគជ័យ។
តាមរយៈយុទ្ធនាការនេះ អិលអូអិលស៊ី បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តគោលនយោបាយការពារបរិស្ថាន និងសង្គម ដោយបន្តដើរតួនាទីយ៉ាងសកម្មក្នុងការថែរក្សាបរិស្ថាន លើកកម្ពស់ជីវភាពសហគមន៍ និងកសាងអនាគតប្រកបដោយចីរភាព និងភាពបៃតងនៅកម្ពុជា៕

អំពី អិលអូអិលស៊ី (ខេមបូឌា)
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ដល់បុគ្គល ម្ចាស់សហគ្រាស និងអាជីវកម្មនានា។ ជាមួយនឹងបណ្តាញប្រតិបត្តិការនៅទូទាំងប្រទេស ព្រមទាំងសេវាកម្មឥណទាន ប្រាក់បញ្ញើ សេវាធនាគារឌីជីថល និងសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែប អិលអូអិលស៊ី ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ គាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) ពង្រឹងបរិយាបន្នហិរញ្ញវត្ថុ និងជំរុញបរិវត្តកម្មឌីជីថលនៅកម្ពុជា តាមរយៈសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងនវានុវត្តន៍។

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា