ណា​តូ ​លុប​ចោល​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ ​២០២៧ ​ចំពេល​ភាព​តានតឹង​អាម៉េរិក​-​អឺរ៉ុប​កើនឡើង​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ណា​តូ ​លុប​ចោល​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ ​២០២៧ ​ចំពេល​ភាព​តានតឹង​អាម៉េរិក​-​អឺរ៉ុប​កើនឡើង​

ណា​តូ ​លុប​ចោល​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ ​២០២៧ ​ចំពេល​ភាព​តានតឹង​អាម៉េរិក​-​អឺរ៉ុប​កើនឡើង​

​បរទេស​៖ ​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង​ ​(​NATO​) ​បាន​សម្រេច​មិន​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​នៅ​ឆ្នាំ ​២០២៧ ​តាម​ផែនការ​ដើមឡើយ​ ​ដោយសារ​ការ​ខ្វែងគំនិត​គ្នា​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត​ ​ជាពិសេស​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​ប្រទេស​ជា​សមាជិក​អឺរ៉ុប​។

យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​ ​RT ការ​លុបចោល​ផែនការ​នេះ​ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​ជា​វិធានការ​មួយ​ដើម្បី​បញ្ចៀស​ការ​ប្រឈមមុខ​ដាក់​គ្នា​ផ្នែក​ការទូត​ដែល​អាច​កើតមាន​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អា​ម៉េរិក​ ​លោក​ Donald ​Trump ​ផងដែរ​។

​នាយករដ្ឋមន្ត្រី​អាល់​បានី ​លោក​ ​Edi ​Rama ​បាន​បញ្ជាក់​ថា​ ​កិច្ច​ប្រជុំ​កំពូល​នេះ​នឹង​មិន​អាច​រៀបចំឡើង​នៅ​ឆ្នាំ​២០២៧ ​បាន​ទេ ​ដោយសារ​ប្រទេស​សមាជិក​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​លើ​ពេលវេលា​នៃ​ការ​រៀបចំ​កិច្ច​ប្រជុំ​។ ​រដ្ឋធានីទីរ៉ាណា ​(​Tirana​)​ ​របស់​អាល់​បានី ​ដើម​ឡើយ​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ធ្វើជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​នេះ​។

​លោក​ ​Edi ​Rama ​បាន​ឱ្យ​ដឹង​ថា​ ​ប្រសិនបើ​កិច្ច​ប្រជុំ​កំពូល​នេះ​ត្រូវ​បាន​រៀបចំឡើង​នៅ​ឆ្នាំ​២០២៨​ ​រដ្ឋធានី​ទីរ៉ាណា​នឹង​ក្លាយជា​ទីតាំង​ម្ចាស់​ផ្ទះ​។ ការ​សម្រេចចិត្ត​លើ​កាលបរិច្ឆេទ​ជាក់លាក់​នឹង​អាស្រ័យ​លើ​ការ​ឯកភាព​គ្នា​របស់​ប្រទេស​សមាជិក​។

​ចំណែក​អគ្គ​លេខាធិការ​អង្គការ​ណា​តូ ​លោក​ ​Mark ​Rutte ​បាន​ព្យាយាម​បន្ធូរបន្ថយ​ការ​ព្រួយបារម្ភ​ជុំវិញ​បញ្ហា​នេះ​ ​ដោយ​លើកឡើង​ថា​ ​អង្គការ​ណា​តូ​មាន​ភាព​បត់បែន​ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល ​ហើយ​កិច្ច​ប្រជុំ​ថ្នាក់ដឹកនាំ​នឹង​ត្រូវ​រៀបចំឡើង​នៅពេល​ដែល​មាន​ភាព​ចាំបាច់​។

​ភាព​ខ្វែង​គំនិត​គ្នា​នៅក្នុង​សម្ព័ន្ធ​យោធា​នេះ​ពាក់ព័ន្ធ​នឹង​បញ្ហា​ជា​ច្រើន រួម​មាន​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​ ស្ថានការណ៍​នៅ​អ៊ីរ៉ង់ ​និង​សង្គ្រាម​នៅ​អ៊ុយក្រែន​។ ​ជាពិសេស​ ​សហរដ្ឋ​អាម៉េរិក​ ​និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​មាន​ការ​ខ្វែងគំនិត​គ្នា​លើ​ការ​គាំទ្រ​គោលនយោបាយ​ការ​បរទេស​ ​និង​អាទិភាព​យុទ្ធសាស្ត្រ​របស់​ទីក្រុង​វ៉ាស៊ីនតោន​។

​កន្លង​មក ​មន្ត្រី​សហរដ្ឋ​អាម៉េរិក​បាន​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​ភាព​ស្ទាក់ស្ទើរ​របស់​ប្រទេស​អឺរ៉ុប​មួយចំនួន​ក្នុង​ការ​គាំទ្រ​អាទិភាព​យុទ្ធសាស្ត្រ​របស់​ខ្លួន​។ ​ឥស្សរជន​ជាន់ខ្ពស់​អាម៉េរិក​ក៏​បាន​រិះគន់​ជា​សាធារណៈ​ចំពោះ​ការ​ផ្តល់​លទ្ធភាព​មាន​កម្រិត​ក្នុង​ការ​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​ ​និង​ដែន​អាកាស​របស់​ប្រទេស​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​ផងដែរ​។

​ទោះជា​យ៉ាងណា​ ​ទីក្រុង​វ៉ាស៊ីនតោន​នៅតែ​បន្ត​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​ផ្នែក​សន្តិសុខ​របស់​ខ្លួន​ចំពោះ​អឺរ៉ុប ​ដោយ​រក្សា​ការ​តម្រង់​ទិស​គោលនយោបាយ​ការ​បរទេស​របស់​សហរដ្ឋ​អាម៉េរិក​ជា​ផ្នែក​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​នេះ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា