ខេត្ដគោលដៅធំៗចំនួន ៧ ទទួលកញ្ចប់​ហិរញ្ញប្បទានថ្មី បើក​ឱកាសឱ្យ​កសិកម្មបែបគ្រួសារ ទៅជាសហគមន៍​កសិកម្មរឹងមាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខេត្ដគោលដៅធំៗចំនួន ៧ ទទួលកញ្ចប់​ហិរញ្ញប្បទានថ្មី បើក​ឱកាសឱ្យ​កសិកម្មបែបគ្រួសារ ទៅជាសហគមន៍​កសិកម្មរឹងមាំ

ខេត្ដគោលដៅធំៗចំនួន ៧ ទទួលកញ្ចប់​ហិរញ្ញប្បទានថ្មី បើក​ឱកាសឱ្យ​កសិកម្មបែបគ្រួសារ ទៅជាសហគមន៍​កសិកម្មរឹងមាំ

រាជធានីភ្នំពេញ៖ ពិធី​ចុះហត្ថលេខាលើ​គម្រោងហិរញ្ញប្បទានកសិកម្ម​ ​ដើម្បី​វិបុលភាពទីជនបទប្រកបដោយ​បរិយាបន្ន ដែលគាំទ្រដោយស្ថាប័នដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ ​ត្រូវបានធ្វើឡើង​នៅ​ថ្ងៃ​ទី២៥ ខែតុលា ឆ្នាំ​២០២៦ ​ក្រោម​អធិបតីភាពឯកឧត្ដម ឌិត ទីណា រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។​

​លោកស្រី​ Vladanka Andreeva អ្នកសម្របសម្រួល​អង្គការ​សហប្រជាជាតិប្រចាំ​​កម្ពុជា​ បាន​ថ្លែង​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នេះ​ថា យុវជន និង​កសិករស្ដ្រី​កម្ពុជា​ ​មិន​ឈរ​រង់ចាំឱ្យ​អនាគត​រត់​មក​រក​នោះ​ទេ គឺ​ពួកគាត់​កំពុង​​រត់​ទៅ​រកអនាគត ដោយពួកគាត់ខិតខំ​រៀនសូត្រ​ពី​បច្ចេក​វិទ្យា​ថ្មីៗ នវានុវត្តន៍ និង​កសិធុរកិច្ច​ថ្មីៗ។ ទន្ទឹម​គ្នា​នេះ​ ពួកគាត់​ក៏ត្រូវ​ការ​ធាតុ​ចូល​មួយ​ចំនួន​ទៀតដែរ​ ជាក់ស្ដែង ​កញ្ចប់​ហិរញ្ញប្បទាន គឺ​ជា​ធាតុ​ចូល​ដ៏សំខាន់​មួយ ដើម្បី​រុញ​ឱ្យសកម្មភាព​កសិកម្ម​ឆ្លាត​វៃរបស់​ពួកគាត់​កាន់តែ​រឹងមាំ អាចតភ្ជាប់​ផលិត​ផល​កសិកម្ម​ទៅ​កាន់ទីផ្សារថ្មីៗដែលមានតម្លៃសមរម្យ។

លោកស្រី Vladanka បានបញ្ជាក់​ថា ការ​ផ្ដល់​ហិរញ្ញប្បទាន​នៅ​ថ្ងៃ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​គិតគូរ​ដល់​កសិករ​របស់អង្គការ​សហប្រជាជាតិ និង​ដៃគូ​ពាក់ព័ន្ធ។ ការ​បង្កើត​គម្រោង​ផ្ដល់​ហិរញ្ញប្បទាន​ថ្មីនេះ ដោយ​ភាគី​ពាក់ព័ន្ធ និងរូប​លោកស្រី​ផ្ទាល់នៅ​តែ​សង្កេត​​ឃើញ​ថា កសិករ​ខ្មែរនៅតែលក់ផលិតផល​​ដែល​ជា​វត្ថុធាតុដើម​កសិកម្ម​មិន​ទាន់​កែច្នៃ ឬសម្ងួត ដើម្បីលៃឱ្យ​ត្រូវ​ពេល​វេលាក្នុងតម្លៃមួយមិនស្ថិតថែរ ពោលគឺ​ប្រមូល​ផល​បានពេល​ណា ​លក់​ពេល​នោះ​តែ​ម្ដង។

ជុំវិញ​បញ្ហា​នេះ​ ​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្ដម ឌិត ទីណា បាន​អំពាវនាវ​ឱ្យ​កសិករ ត្រូវ​​ចេះ​ចាប់​យក​ឱកាសធ្វើធុរកិច្ច​កសិកម្ម បង្កើនតម្លៃ​បន្ថែម តាម​រយៈ​ការ​ពង្រីកសកម្មភាព​កសិកម្ម​ឆ្លាត​វៃ ឆ្លើយតប​នឹង​តម្រូវ​ការ​ទីផ្សារ។ ការ​ប្រើប្រាស់​កញ្ចប់​ហិរញ្ញប្បទានបានត្រឹមត្រូវ​អាច​ជួយឱ្យ​កសិករ​គេច​ផុត​ពី​បំណុលលើសលប់ ក្លាយ​ទៅ​ជា​កសិករឆ្លាតវៃ ​ជោគជ័យក្នុង​មុខរបរ​កសិកម្ម​របស់​ខ្លួន។

ឯកឧត្ដម​រដ្ឋមន្ដ្រី បានគូសបញ្ជាក់​ថា ក្នុង​បរិបទ​ប្រកួតប្រជែង​ទីផ្សារសេរី ការប្រែប្រួល​អាកាសធាតុ ការ​រីកចម្រើននៃបច្ចេកវិទ្យា​ទំនើបៗ សហគមន៍កសិកម្ម គឺជាគ្រឹះ និងជា​កម្លាំង​ចលករដ៏សំខាន់ក្នុងវិស័យកសិកម្ម​។ ប៉ុន្ដែ​ការ​ធ្វើ​កសិកម្ម​​​លក្ខណៈ​គ្រួសារ មិន​អាច​ឆ្លើយតប​ពេញ​លេញ​ទៅនឹងតម្រូវ​ការ​ទីផ្សារ​បានឡើយ ដែល​ទាមទារឱ្យ​មាន​ការ​ចងក្រង​គ្នា​ជា​សហគមន៍​មាន​ភាព​រឹងមាំ មាន​សមត្ថភាព​ពេញ​លេញ និង​មាន​តម្លៃ​ចរចា​នៅ​លើ​ទីផ្សារ។

សហគមន៍កសិកម្ម​នីមួយៗ ​ត្រូវ​រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​​សហគមន៍​ខ្លះ​រីកចម្រើន​ខ្លាំង​លើ​ការ​គ្រប់​គ្រង​ផ្នែក​រដ្ឋបាល ខ្លះ​ជោគជ័យ​ខាង​ចិញ្ចឹមសត្វ ឬដាំដុះ និង​ខ្លះទៀត​​ជោគជ័យខាង​ទំនាក់ទំនង​ទីផ្សារ។ ដូច្នេះ ​ការ​បង្កើត​ជា​កម្លាំង​រួម​មួយដោយ​ប្រើ​ហិរញ្ញប្បទាន​ពី​អង្គការ​សហប្រជាជាតិ​នៅ​ពេល​នេះ ជា​ផ្នែក​មួយ​ជួយឱ្យ​​សហគមន៍​កសិកម្ម​តាមខេត្ដ​គោលដៅ​ទាំង​អស់​រឹងមាំ រីកចម្រើន ហើយ​អាច​ពង្រីក​គម្រោង​ទៅ​កាន់​ខេត្ដ​ផ្សេងៗ​ទៀត​បាន។

សូម​ជម្រាប​ជូន​ថា គម្រោងផ្ដល់ហិរញ្ញប្បទាន​នេះ នឹង​អនុវត្ដ​នៅតាមខេត្ដ​គោលដៅ​ធំៗ​ចំនួន ៧ រួមមាន ៖ ខេត្ដពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ និង​ខេត្ដ​ឧត្ដរមានជ័យ។ ក្នុង​នោះ​មាន​សមាជិក​សហគមន៍​ទទួល​ផល​ដោយ​ផ្ទាល់​ពី​គម្រោង​នេះ​ចំនួន ៧០០នាក់ ដែល​ភាគច្រើន​ជាកសិករ​ស្ដ្រី៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា