បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អំបិល​ភ្នំ​ហិម៉ាឡៃ ​អាយុ​កាល​ ៦០០ លាន​ឆ្នាំ​ ​ជីក​នៅ​ប៉ា​គីស្ថាន នាំចេញ​ទៅ​ជាង​ ៨០ ​ប្រទេស​

អំបិល​ភ្នំ​ហិម៉ាឡៃ ​អាយុ​កាល​ ៦០០ លាន​ឆ្នាំ​ ​ជីក​នៅ​ប៉ា​គីស្ថាន នាំចេញ​ទៅ​ជាង​ ៨០ ​ប្រទេស​

បរទេស៖ អំបិល​ភ្នំ​ហិម៉ាឡៃ ​ដែល​មាន​ពណ៌​ផ្កា​ឈូក​ ​និង​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ខ្ពស់​ជាង​អំបិល​ធម្មតា​រហូតដល់​ ៣០ ​ដង​ ​កំពុង​ក្លាយជា​ផលិតផល​ពាណិជ្ជកម្ម​ដ៏​មាន​តម្លៃ​មួយ​នៅលើ​ទីផ្សារ​អន្តរជាតិ​។ ​ទោះ​មាន​ឈ្មោះ​ភ្ជាប់​នឹង​ជួរ​ភ្នំ​ហិម៉ាឡៃ​ក៏​ដោយ​ ​អំបិល​នេះ​ត្រូវ​បាន​ជីក​ចេញ​ពី​អណ្តូង​រ៉ែ​ ​Khewra ​ក្នុង​ខេត្ត​ Punjab ​ប្រទេស​ប៉ាគីស្ថាន ​ដែល​មាន​ចម្ងាយ​ប្រហែល​ ​២៥០ ​គីឡូម៉ែត្រ​ពី​ជួរ​ភ្នំ​មួយ​នេះ​។

​អំបិល​ប្រភេទ​នេះ​មាន​អាយុកាល​ប្រមាណ ​៦០០ លាន​ឆ្នាំ​ ​និង​មាន​ពណ៌​ផ្កា​ឈូក​ដោយសារ​សារធាតុ​អុកស៊ីត​ដែក​។ ​តាម​ការ​សម្ភាស​របស់​សារព័ត៌មាន​ ​Business ​Insider ​ជាមួយ​លោក​ ​Asif ​Mahmood ​អ្នក​ត្រួតពិនិត្យ​សុវត្ថិ​ភាព​នៅ​អណ្តូង​រ៉ែ​ ​Khewra ​លោក​ទទួល​បាន​ប្រាក់ខែ​ប្រមាណ​ ​៣៥០ ​ដុល្លារ​ក្នុង​មួយ​ខែ​ពី​ការងារ​នេះ​។

ការ​ជីក​យក​អំបិល​នៅ​ទីនេះ ​គឺ​ជា​មុខរបរ​ដែល​បន្ត​ពី​ដូនតា​របស់​ប្រជាជន​ក្នុង​តំបន់​។ ​កម្មករ​ត្រូវ​ប្រថុយ​ប្រថាន​ក្នុង​ការ​ប្រើប្រាស់​រំសេវ​បំផ្ទុះ​ជញ្ជាំង​ភ្នំ​ក្នុង​ទី​ងងឹត ​ដើម្បី​យក​ដុំ​អំបិល​ដ៏​ធំ​ៗ ​ដែល​ខ្លះ​មាន​ទម្ងន់​រហូតដល់​ ៨០០ ​គីឡូក្រាម​។ ​ក្នុង​មួយ​ឆ្នាំ​ ​អណ្តូង​រ៉ែ​នេះ​អាច​ផលិត​អំបិល​បាន​ប្រមាណ​ ​៤០​ ម៉ឺន​តោន ​ហើយ​ធនធាន​ដែល​នៅ​សេសសល់​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​ ​អាច​បន្ត​ប្រើប្រាស់​បាន​រាប់​សតវត្សរ៍​ទៀត​។

​ក្រោយ​ការ​បំផ្ទុះ ​និង​ជីក​យក​បាន​រួច​ ​ដុំ​អំបិល​ធំ​ៗ​ត្រូវ​បាន​ដឹកជញ្ជូន​ទៅកាន់​រោងចក្រ​នៅ​ទីក្រុង​ ​Lahore ​ដើម្បី​ដុស​ខាត់ ​និង​កែច្នៃ​ជា​ផលិតផល​ផ្សេង​ៗ ដូច​ជា​ ​អំបិល​សម្រាប់​បរិភោគ​ ​អំបិល​សម្រាប់​ងូតទឹក​ ​និង​ចង្កៀង​ធ្វើ​ពី​ថ្ម​អំបិល​។

​ទោះជា​យ៉ាងណា​ ​ដំណាក់កាល​កែច្នៃ​ក៏​ប្រឈម​នឹង​ហានិភ័យ​ការងារ​ជា​ច្រើន​ផងដែរ​។ ​កម្មករ​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​ពី​ម៉ាស៊ីន​កាត់​មុត​ស្រួច​ ​ដុំ​អំបិល​ដែល​មាន​ទម្ងន់​ធ្ងន់​ ​និង​ធូលី​អំបិល​ដែល​អាច​ប៉ះពាល់​ដល់​សួត​។ ទោះ​បី​ជា​រោងចក្រ​មាន​ឧបករណ៍​ការពារ​ ​និង​ម៉ាស៊ីន​ស្វ័យប្រវត្តិ​មួយចំនួន​ជួយ​សម្រួល​ដល់​ការងារ​ក៏​ដោយ​ ​ក៏​ហានិភ័យ​នៅតែ​មាន​។

​បន្ទាប់ពី​កែច្នៃ​ជា​ផលិតផល​សម្រេច​ ​អំបិល​ភ្នំ​ហិម៉ាឡៃ​ត្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេស​ជាង​ ​៨០ ​នៅ​ទូទាំង​ពិភពលោក​ ​និង​អាច​លក់​ក្នុង​តម្លៃ​ថ្លៃ​ជាង​អំបិល​ធម្មតា​រហូតដល់​ ៣០ ​ដង​។ ​តម្លៃ​ខ្ពស់​នេះ​មួយ​ផ្នែក​ត្រូវ​បាន​ជំរុញ​ដោយ​ការ​ផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍​សុខភាព ​ដូចជា​ ​ជួយ​សម្រួល​ដល់​ការ​គេង ​និង​បន្សាប​ជាតិ​ពុល​ក្នុង​រាង​កាយ​។

យ៉ាងណា​ក្តី ​អ្នក​វិទ្យាសាស្ត្រ​បាន​លើកឡើង​ថា​ ​មិន​ទាន់​មាន​ភស្តុតាង​វិទ្យាសាស្ត្រ​ច្បាស់លាស់​គាំទ្រ​ការ​អះអាង​អំពី​អត្ថប្រយោជន៍​សុខភាព​ទាំងនេះ​នៅឡើយ​ទេ​។ ​ផ្ទុយ​ទៅវិញ​ ​ការ​សិក្សា​មួយចំនួន​បាន​រកឃើញ​ថា​ ​អំបិល​ប្រភេទ​នេះ​អាច​មាន​ផ្ទុក​មីក្រូប្លា​ស្ទិក​ ​និង​សារធាតុ​លោហៈ​ធ្ងន់​ៗ ដូច​ជា​ ​សំណ ​បារត ​និង​អាសេនិច ​ក្នុង​កម្រិត​ខ្ពស់​ជាង​អំបិល​ធម្មតា​។ ​លើស​ពី​នេះ​ ​ក៏​មាន​ផលិតផល​ក្លែងក្លាយ​ដែល​ត្រូវ​បាន​លាប​ពណ៌​ដើម្បីឱ្យ​មាន​រូបរាង​ដូច​អំបិល​ភ្នំ​ហិម៉ាឡៃ​ដាក់​លក់​នៅលើ​ទីផ្សារ​ផងដែរ​។

តាម​ការ​ប៉ាន់ប្រមាណ​ ​ទីផ្សារ​អំបិល​ភ្នំ​ហិម៉ាឡៃ​អាច​មាន​ទំហំ​រហូតដល់​ ៧០០ ​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០៣០​។ ​ប៉ុន្តែ​ទោះបី​ផលិតផល​នេះ​មាន​ទីផ្សារ​ទូលំទូលាយ​នៅ​ទូទាំង​ពិភពលោក​ក៏​ដោយ​ ប៉ាគីស្ថាន​នៅតែ​ទទួល​បាន​ចំណូល​តិចតួច​ពី​ឧស្សាហកម្ម​នេះ​ ​បើ​ធៀប​នឹង​សក្តានុពល​ទីផ្សារ​របស់​វា​។

​មូលហេតុ​មួយ​គឺ​កាលពី​មុន​ ប៉ា​គីស្ថាន​ខ្វះ​ឧបករណ៍​ ​និង​សមត្ថភាព​កែច្នៃ​ក្នុង​ស្រុក​ ​ដោយ​ត្រូវ​នាំចេញ​អំបិល​ជា​វត្ថុធាតុដើម​ក្នុង​តម្លៃ​ទាប​ទៅកាន់​ប្រទេស​ឥណ្ឌា ​ដែល​បន្ទាប់មក​យក​ទៅ​កែច្នៃ ​និង​នាំចេញ​បន្ត​ទៅកាន់​ទីផ្សារ​លោក​ខាង​លិច​។ ​ក្រោយ​ប៉ាគីស្ថាន​ផ្អាក​ពាណិជ្ជកម្ម​ជាមួយ​ឥណ្ឌា​នៅ​ឆ្នាំ​ ​២០១៩​ ​ក្រុមហ៊ុន​ក្នុង​ស្រុក​ក៏​ចាប់ផ្តើម​ពង្រីក​ការ​កែច្នៃ​ដោយ​ខ្លួនឯង​ ​ដើម្បី​បង្កើន​តម្លៃ​បន្ថែម​ពី​ធនធាន​ធម្មជាតិ​នេះ​។

ទោះបី​ការងារ​ជីក ​និង​កែច្នៃ​អំបិល​មាន​ភាព​ហត់នឿយ ​និង​ប្រឈម​នឹង​គ្រោះថ្នាក់​ក៏​ដោយ​ ​កម្មករ​ប៉ា​គីស្ថាន​នៅតែ​មាន​មោទនភាព​ចំពោះ​ផលិតផល​ដែល​មាន​ប្រភព​ពី​ប្រទេស​របស់​ខ្លួន ​និង​ត្រូវ​បាន​ប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក​។ ​ជាមួយគ្នា​នេះ​ ​អណ្តូង​រ៉ែ​ ​Khewra ​ក៏​បាន​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​របស់​ប្រទេស​ប៉ាគីស្ថាន​ផងដែរ​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចអន្តរជាតិពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP)

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា