បរទេស៖ វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងជះឥទ្ធិពលដល់ទីផ្សារគ្រាប់ភីស្តាស៊ីអូ (Pistachio) ពិភពលោក ដោយរំខានដល់ការដឹកជញ្ជូន និងបង្កការខ្វះខាតការផ្គត់ផ្គង់ រហូតធ្វើឱ្យតម្លៃគ្រាប់ធញ្ញជាតិប្រភេទនេះកើនឡើងប្រមាណ ៥០ ភាគរយ និងឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ៨ ឆ្នាំ។
អ៊ីរ៉ង់ដែលជាប្រទេសផលិតគ្រាប់ភីស្តាស៊ីអូ ធំជាងគេលំដាប់ទី២ លើពិភពលោក មានចំណែកប្រមាណ ១៦ ភាគរយនៃការផ្គត់ផ្គង់សកល។ ការរំខានដល់ការដឹកជញ្ជូនក្នុងតំបន់ដោយសារសង្គ្រាម បានបង្កសម្ពាធបន្ថែមលើការផ្គត់ផ្គង់ ខណៈតម្រូវការគ្រាប់ភីស្តាស៊ីអូ ក៏កំពុងកើនឡើងតាមរយៈនិន្នាការអាហារពេញនិយម ដូចជាសូកូឡាឌូបៃ ដែលប្រើគ្រាប់ភីស្តាស្យូជាគ្រឿងផ្សំសំខាន់។
អ្នកជំនាញព្រមានថា ប្រសិនបើតម្លៃបន្តកើនឡើងខ្ពស់ ក្រុមហ៊ុនផលិតអាហារអាចនឹងងាកទៅប្រើគ្រាប់ធញ្ញជាតិប្រភេទផ្សេងដែលមានតម្លៃថោកជាង ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម។
បញ្ហានេះក៏កំពុងប៉ះពាល់ដល់ភោជនីយដ្ឋានអ៊ីរ៉ង់នៅសហរដ្ឋអាម៉េរិកផងដែរ។ ដោយសារទណ្ឌកម្មសេដ្ឋកិច្ច ការឡើងថ្លៃ និងការប្រែប្រួលអាកាសធាតុ ភោជនីយដ្ឋានទាំងនេះកំពុងជួបការលំបាកក្នុងការរកទិញគ្រាប់ភីស្តាស៊ីអូ ពីប្រទេសកំណើតរបស់ពួកគេ។ គ្រាប់ភីស្តាស៊ីអូអ៊ីរ៉ង់ត្រូវបានគេស្គាល់ថាមានរសជាតិឈ្ងុយឆ្ងាញ់ និងសាច់ណែនជាងប្រភេទផ្សេងៗ។ សូម្បីតែប្រជាជននៅក្នុងប្រទេសអ៊ីរ៉ង់ផ្ទាល់ ក៏ចាប់ផ្តើមកាត់បន្ថយការប្រើប្រាស់គ្រាប់នេះក្នុងម្ហូបអាហារដែរ ដោយសារតម្លៃឡើងខ្ពស់ពេក។
គួរបញ្ជាក់ថា គ្រាប់ភីស្តាស៊ីអូ មានដើមកំណើតនៅតំបន់អាស៊ីកណ្តាល និងមជ្ឈិមបូព៌ា។ នៅឆ្នាំ១៩២៩ អ្នករុក្ខសាស្ត្រអាម៉េរិកបាននាំយកគ្រាប់ពូជពីប្រទេសអ៊ីរ៉ង់ទៅដាំនៅរដ្ឋកាលីហ្វ័រញ៉ា ដែលក្រោយមកបានក្លាយជាមូលដ្ឋាននៃការអភិវឌ្ឍឧស្សាហកម្មផលិតគ្រាប់ភីស្តាស៊ីអូដ៏ធំមួយនៅសហរដ្ឋអាម៉េរិក។
ក្រោយវិបត្តិចំណាប់ខ្មាំងអាម៉េរិកនៅអ៊ីរ៉ង់ក្នុងឆ្នាំ១៩៧៩ សហរដ្ឋអាម៉េរិកបានដំឡើងពន្ធនាំចូលរហូតដល់ ២៤១ ភាគរយលើគ្រាប់ភីស្តាស៊ីអូពីអ៊ីរ៉ង់។ បន្ទាប់មក នៅឆ្នាំ១៩៨៦ កសិករនៅរដ្ឋកាលីហ្វ័រញ៉ា រួមទាំងក្រុមហ៊ុន Keenan Farms និង Wonderful Pistachios បានពង្រីកការដាំដុះយ៉ាងឆាប់រហ័ស។ បច្ចុប្បន្ន សហរដ្ឋអាម៉េរិកជាប្រទេសផលិតគ្រាប់ភីស្តាស៊ីអូធំជាងគេបំផុតលើពិភពលោក ដោយផ្គត់ផ្គង់ជាង ៦០ ភាគរយនៃទីផ្សារសកល។
ទោះជាយ៉ាងណា ឧស្សាហកម្មនេះក៏កំពុងប្រឈមនឹងបញ្ហាធនធានទឹកផងដែរ។ ដើមភីស្តាស៊ីអូត្រូវការពេលរហូតដល់ ៦ ឆ្នាំទើបអាចចេញផ្លែ និងត្រូវការទឹកច្រើន ជាពិសេសនៅរដូវក្តៅ។ គ្រោះរាំងស្ងួត និងវិធានការរឹតបន្តឹងការបូមទឹកក្រោមដី បានធ្វើឱ្យកសិករខ្នាតតូចជាច្រើនត្រូវទុកដីចោល ដើម្បីសន្សំសំចៃទឹក។
ផ្ទុយទៅវិញ ក្រុមហ៊ុនយក្ស Wonderful Pistachios ដែលគ្រប់គ្រងដោយគ្រួសារមហាសេដ្ឋី Resnick នៅតែអាចបន្តប្រតិបត្តិការបាន ដោយសារក្រុមហ៊ុននេះកាន់កាប់ភាគហ៊ុនរហូតដល់ ៥៧ ភាគរយនៅក្នុងធនាគារស្តុកទឹកក្រោមដី Kern Water Bank ដែលផ្តល់លទ្ធភាពឱ្យពួកគេមានទឹកបម្រុងសម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលគ្រោះរាំងស្ងួត៕























