ឯកឧត្តម ម៉ាក្រុង ចាត់ទុកវត្តមានរបស់លោកនៅកម្ពុជា គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃទំនាក់ទំនងបារាំង-កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ម៉ាក្រុង ចាត់ទុកវត្តមានរបស់លោកនៅកម្ពុជា គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃទំនាក់ទំនងបារាំង-កម្ពុជា

ឯកឧត្តម ម៉ាក្រុង ចាត់ទុកវត្តមានរបស់លោកនៅកម្ពុជា គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃទំនាក់ទំនងបារាំង-កម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម ម៉ាក្រុង (Emmanuel MACRON) ប្រធានាធិបតីបារាំង បានចាត់ទុកវត្តមានបស់ឯកឧត្តមមកកាន់ទឹកដីកម្ពុជានៅពេលនេះ នឹងបើកទំព័រប្រវត្ដិសាស្ត្រថ្មីនៃទំនាក់ទំនងរវាងបារាំង-កម្ពុជា។ ការលើកឡើងដូច្នេះ នៅក្នុងជំនួបទ្វេភាគីជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ អំឡុងពេលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

នៅក្នុងកិច្ចជំនួបទ្វេភាគីនេះផងដែរ ប្រធានាធិបតីបារាំងរូបនេះ ក៏បានកោតសរសើរពីការដឹកនាំរបស់សម្តេចធិបតី និងអបអរសាទរកម្ពុជាចំពោះជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ហើយក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាមួយនឹងការសង្កត់ធ្ងន់ពីកិច្ចបន្តពង្រឹង និងពង្រីកភាពជាដៃគូរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ថែមទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកវត្តមានរបស់ឯកឧត្ដមប្រធានាធិបតីបារាំង ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា ជាដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រ។ សម្ដេចធិបតីបានបន្ថែមថា វត្តមានជាប្រវត្តិសាស្ត្ររបស់ប្រធានាធិបតីបារាំងនាពេលនេះ បានផ្តល់សន្ទុះថ្មីដល់ទំនាក់ទំនងកម្ពុជា-បារាំង និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។

សម្រាប់សម្ដេចធិបតី ការពង្រឹង និងពង្រីកភាពជាដៃគូ ឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេសកិច្ចអភិវឌ្ឍសេដ្ឋកិច្ច, ការកសាងសមត្ថភាព, ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន និងការតភ្ជាប់រវាងធុរកិច្ច និងធុរកិច្ចនៃប្រទេសទាំងពីរ។ សម្តេចធិបតីក៏បានអរគុណចំពោះតួនាទីរបស់បារាំងក្នុងដំណើរស្វែងរកសន្តិភាពសម្រាប់កម្ពុជា និងការបន្តគាំទ្រការអភិវឌ្ឍនៅកម្ពុជាផងដែរ។

ជាការកត់សម្គាល់ ក្នុងជំនួបទ្វេភាគីរវាងនាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិបតីបារាំង បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន ៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ, សន្តិសុខ និងការពារជាតិ, ថាមពល, សុខាភិបាល, អប់រំ, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, បញ្ញាសិប្បនិម្មិត, វប្បធម៌ និងកសិកម្ម។

ដោយឡែក ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់អំពីការប្តេជ្ញាចិត្តរួម ចំពោះពហុភាគីនិយម, ធម្មនុញ្ញអង្គការសហប្រជាជាតិ, ច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទដោយសន្តិវិធី។ ក្នុងឱកាសនៃទស្សនកិច្ចផ្លូវរដ្ឋនាពេលនេះ ឯកសារសំខាន់ៗនៃកិច្ចសហប្រតិបត្តិការសរុបចំនួន ២៩ ត្រូវបានចុះហត្ថលេខាបន្ថែមលើសេចក្តីប្រកាសនយោបាយរួម៕ ដោយ ៖ ខន ណារី

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា