ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

​បរទេស​៖​ ​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ។

យោង​តាម​ការ​ចេញផ្សាយ​របស់​កាសែត​ ​Novinata ​ដែល​ដក​ស្រង់​សម្តី​លោក​ ​Chris ​Brownridge ​អគ្គ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Rolls​-​Royce ​Motor ​Cars ​បាន​ឱ្យ​ដឹង​ថា​ ​លោក​បាន​បញ្ជាក់​ពី​សារៈសំខាន់​របស់​ទីផ្សារ​ចិន​ក្នុង​បទសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ ​CM​G ​បន្ទាប់ពី​ក្រុមហ៊ុន​បាន​បើក​ដំណើរការ​អគារ​តាំង​បង្ហាញ​រថយន្ត​គំរូ​របស់​ខ្លួន​នៅលើ​ផ្លូវ​ Jingbao ​ក្នុង​ទីក្រុង​ប៉េកាំង​។

​លោក​ ​Brownridge ​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​លើក​ទី​២​នៅ​ប្រទេស​ចិន ​គិត​ចាប់​តាំងពី​ខែ​កញ្ញា​ ​បាន​លើកឡើង​ថា​ ទីផ្សារ​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ Rolls​-​Royce ​ហើយ​ក្រុមហ៊ុន​នឹង​បន្ត​វិនិយោគ​ដើម្បី​បម្រើ​អតិថិជន​នៅក្នុង​ប្រទេស​ចិន​។

​លោក​បាន​មានប្រសាសន៍​ថា​ Rolls​-​Royce ​បាន​ប្រគល់​រថយន្ត​ដំបូង​របស់​ខ្លួន​ជូន​អតិថិជន​ចិន​តាំងពី​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​ ១៩៣០​មក​ម្ល៉េះ​។ ​បច្ចុប្បន្ន​ ​ក្រុមហ៊ុន​មាន​អតិថិជន​នៅ​ទូទាំង​ប្រទេស​ចិន ​និង​បាន​ផ្តល់​សេវាកម្ម​នៅ​ទីផ្សារ​នេះ​អស់​រយៈពេល​ជាង​ ៩០ ​ឆ្នាំ​មកហើយ​។

យោង​តាម​ទិន្នន័យ​លក់​ផ្លូវការ​របស់​ក្រុមហ៊ុន​ ​ការិយាល័យ​របស់​ Rolls​-​Royce ​នៅ​ប្រទេស​ចិន​បាន​រាយការណ៍​ពី​កំណើន​អាជីវកម្ម​ជា​បន្តបន្ទាប់​ ​ចាប់​តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការ​កាលពី​ ៣ ​ឆ្នាំ​មុន​ ​ដោយ​ចំណូល​របស់​ការិយាល័យ​នេះ​បាន​កើនឡើង​ប្រហែល ​៦៧​%​ ធៀប​នឹង​ឆ្នាំ​មុន​ ​ក្នុង​ឆ្នាំ​ ​២០​២៥​។

​ប្រទេស​ចិន​បាន​ក្លាយជា​ទីផ្សារ​ធំ​ជាង​គេ​ទី​២​របស់​ Rolls​-​Royce ​នៅលើ​ពិភពលោក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកហើយ​ ​ខណៈ​ក្រុមហ៊ុន​ក៏​បាន​រំលេច​ពី​វត្តមាន​ដ៏​យូរ​អង្វែង​របស់​ខ្លួន​នៅក្នុង​ទីផ្សារ​នេះ​។

​គួរ​ឱ្យ​ដឹង​ថា​ ​ប្រទេស​ចិន​គឺជា​ទីតាំង​មួយ​ក្នុង​ចំណោម​ទីតាំង​តែ​ ៤ ​ប៉ុណ្ណោះ​នៅលើ​ពិភពលោក​ ​ដែល​ Rolls​-​Royce ​មាន​ការិយាល័យ​ឯកជន ​(​Private ​Office​)​ ​នៅ​ក្រៅ​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន​។​

​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១៩០៤​ Rolls​-​Royce ​Motor ​Cars ​បច្ចុប្បន្ន​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ដែល​ស្ថិត​ក្រោម​កម្មសិទ្ធិ​ទាំងស្រុង​របស់​ក្រុមហ៊ុន​យក្ស​អាល្លឺម៉ង់ B​MW​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា