រុស្ស៊ី​ដាក់​ឱ្យ​ប្រើ​ប្រព័ន្ធ​ ​AI ​ថ្មី​ ​សម្រាប់​បង្កើន​សមត្ថភាព​ដ្រូន​យោធា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី​ដាក់​ឱ្យ​ប្រើ​ប្រព័ន្ធ​ ​AI ​ថ្មី​ ​សម្រាប់​បង្កើន​សមត្ថភាព​ដ្រូន​យោធា​

រុស្ស៊ី​ដាក់​ឱ្យ​ប្រើ​ប្រព័ន្ធ​ ​AI ​ថ្មី​ ​សម្រាប់​បង្កើន​សមត្ថភាព​ដ្រូន​យោធា​

បរទេស​៖ ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​ថ្មី​មួយ ​ដើម្បី​ផ្តល់​វីដេអូ​ពី​សកម្មភាព​ប្រយុទ្ធ​ជាក់ស្តែង​ដល់​ក្រុម​អ្នក​ផលិតដ្រូន​ក្នុង​ស្រុក​ ​សម្រាប់​យក​ទៅ​ហ្វឹកហាត់​ប្រព័ន្ធ​ ​AI ​របស់​ដ្រូន​យោធា​។ ​នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​កាសែត​រុស្ស៊ី​ ​RT ​កាលពី​ដើម​សប្តាហ៍​កន្លងមក​។

​តាម​ការ​បញ្ជាក់​ពី​ខាង​យោធា​ ​សេវាកម្ម​ថ្មី​នេះ​អនុញ្ញាតឱ្យ​អ្នក​អភិវឌ្ឍន៍​អាច​ចូល​មើល​ទិន្នន័យ​វីដេអូ​ពិត​ៗ ​ពី​ការ​ប្រើប្រាស់​ដ្រូន​ប្រយុទ្ធ​គ្រប់​ប្រភេទ​ ​ដូចជា​ ដ្រូន​បញ្ជា​មើល​ផ្ទាល់​ពី​ចម្ងាយ​ ​(​FPV​)​ ​ដ្រូន​ស្លាបចក្រ ​និង​ដ្រូន​ស្លាប​បិទ​ជិត ​ជាដើម​។

​ទិន្នន័យ​ទាំងនេះ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ជួយ​អ្នក​អភិវឌ្ឍន៍​ហ្វឹកហាត់​ប្រព័ន្ធ​ ​AI ​របស់​ដ្រូន​យោធា​ ​និង​ជួយ​ឱ្យ​កងទ័ព​អាច​បត់បែន​បាន​ឆាប់​រហ័ស​ទៅ​តាម​ការ​វិវត្ត​នៃ​បច្ចេកវិទ្យា​ ​ខណៈ​សង្គ្រាម​កំពុង​ផ្លាស់ប្តូរ​តាមរយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដ្រូន​។

​គំនិត​ផ្តួចផ្តើម​នេះ​ ​ស្រប​ទៅ​នឹង​ការ​លើកឡើង​របស់​ថ្នាក់ដឹកនាំ​រុស្ស៊ី ​ដែល​បាន​សង្កត់ធ្ងន់​ពី​ការ​បន្ត​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ​និង​ ​AI ​ចូល​ទៅក្នុង​កម្មវិធី​អភិវឌ្ឍន៍​អាវុធ​របស់​ជាតិ​។

​ទន្ទឹម​នឹង​នេះ​ អាជ្ញាធរ​រុស្ស៊ី​ក៏​បាន​កត់សម្គាល់​ពី​ភាព​ស្មុគស្មាញ​ផ្នែក​បច្ចេកទេស​ ​និង​តម្រូវការ​ក្នុង​ការ​តាមដាន​យ៉ាង​ដិតដល់ ​នៅពេល​ប្រព័ន្ធ​ ​AI ​ចាប់ផ្តើម​ធ្វើ​ការ​សម្រេចចិត្ត​ដោយ​ស្វ័យប្រវត្តិ​។​

​ដើម្បី​ធានា​សុវត្ថិ​ភាព​ទិន្នន័យ ​ប្រព័ន្ធ​ថ្មី​នេះ​ត្រូវ​បាន​ការពារ​ដោយ​បច្ចេកវិទ្យា​សុវត្ថិភាព​ព័ត៌មាន​កម្រិត​ខ្ពស់​ ​រួម​មាន​ការ​កូដ​សម្ងាត់ និង​ការ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​យ៉ាង​ម៉ត់ចត់​។ ​ប្រព័ន្ធ​នេះ​ក៏​មាន​ប្រព័ន្ធ​តម្រៀប​ទិន្នន័យ​តាម​ស្តង់ដារ ​ដើម្បី​ជួយ​ឱ្យ​អ្នក​អភិវឌ្ឍន៍​ងាយស្រួល​រៀបចំ ​និង​រៀបរៀង​ព័ត៌មាន​តាម​ទម្រង់​រួមមួយ​។

​បន្ទាប់ពី​អ្នក​អភិវឌ្ឍន៍​បាន​បញ្ចូល​លទ្ធផល​ការងារ​របស់​ខ្លួន​ទៅក្នុង​ប្រព័ន្ធ​ ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​នឹង​ពិនិត្យ​មើល​ភាព​ត្រឹមត្រូវ ​មុន​នឹង​យក​ទិន្នន័យ​ទាំងនោះ​ទៅ​ប្រើប្រាស់​សម្រាប់​ហ្វឹកហាត់​ប្រព័ន្ធ​ AI ​របស់​ខ្លួន​។​

​លោក​ Dmitry Shcherbinin អនុ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ​បាន​ឱ្យ​ដឹង​ថា​ ​បច្ចុប្បន្ន​មាន​អង្គភាព​ជាង​ ៤០ ​ដែល​ធ្វើការ​លើ​ការ​ហ្វឹកហាត់ A​I ​បាន​ចូលរួម​ក្នុង​គម្រោង​នេះ​ ​ហើយ​អង្គភាព​មួយចំនួន​បាន​ចាប់ផ្តើម​បំពាក់​ប្រព័ន្ធ​ ​AI ​ដែល​បាន​ហ្វឹកហាត់​រួច ​ចូល​ទៅក្នុង​ដ្រូន​ប្រយុទ្ធ​ជាក់ស្តែង​ហើយ​។

​គម្រោង​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​យោធា​រុស្ស៊ី ​ក្នុង​ការ​បំពាក់​ A​I ​លើ​យន្តហោះ​ដ្រូន ​ដើម្បី​ជួយ​កត់​ចំណាំ​រូបភាព​ ស្វែងរក​គោលដៅ​ប្រយុទ្ធ​ នាំ​ផ្លូវ ​និង​ពង្រឹង​ប្រព័ន្ធ​ការពារ​អាកាស​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា