សម្តេចធិបតី ៖ការអភិវឌ្ឍប្រទេសមិនអាចកើតមាន ប្រសិនបើគ្មានការចូលរួមពីយុវជន ដែលជាកម្លាំងចលករដ៏សំខាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ៖ការអភិវឌ្ឍប្រទេសមិនអាចកើតមាន ប្រសិនបើគ្មានការចូលរួមពីយុវជន ដែលជាកម្លាំងចលករដ៏សំខាន់

សម្តេចធិបតី ៖ការអភិវឌ្ឍប្រទេសមិនអាចកើតមាន ប្រសិនបើគ្មានការចូលរួមពីយុវជន ដែលជាកម្លាំងចលករដ៏សំខាន់

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍប្រទេសមិនអាចកើតមានបានឡើយ ប្រសិនបើគ្មានការចូលរួមសកម្មរបស់យុវជន ដែលជាកម្លាំងចលករដ៏សំខាន់។ ការថ្លែងបែបនេះត្រូវបានបញ្ជាក់តាមរយៈសារលិខិតក្នុងទិវា«ប្រជាជនពិភពលោកលើកទី៣៧» ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមប្រធានបទដ៏មានសារៈសំខាន់គឺ «ការសម្រេចបានក្តីសង្ឃឹម និងសេចក្តីប្រាថ្នារបស់ប្រជាជនវ័យក្មេងសម្រាប់ពេលបច្ចុប្បន្ន និងអនាគត» (Real​izing the hopes and aspirations of young people – today and futures) ។

Advertisement

សារលិខិតក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលភាគលាភប្រជាសាស្ត្រដ៏មានតម្លៃមួយ ដែលប្រជាជនវ័យក្មេង និងប្រជាជនក្នុងវ័យធ្វើការនៅតែមានចំណែកខ្ពស់។ បរិការណ៍នេះ គឺជាឱកាស​ដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច បង្កើនផលិតភាព និងពង្រឹងមូលដ្ឋានអភិវឌ្ឍន៍រយៈពេលវែង។ ប៉ុន្តែ ភាគលាភប្រជាសាស្ត្រនេះ មិនកើតឡើងដោយស្វ័យប្រវត្តិឡើយ។

សម្ដេច បានបញ្ជាក់ថា ៖

«វានឹងក្លាយជាកម្លាំងជាតិពិតប្រាកដ លុះត្រាតែយើងវិនិយោគបានត្រឹមត្រូវលើមនុស្ស ជាពិសេសលើការអប់រំ ជំនាញ សុខភាព ឱកាសការងារ សម​ភាព​​យេនឌ័រ និងបរិយាកាសសង្គម ដែលអាចអនុញ្ញាតឱ្យប្រជាជនវ័យក្មេងបង្ហាញសក្តានុពលរបស់ខ្លួនបានពេញលេញក្នុងការចូលរួមកសាង និងអភិវឌ្ឍប្រទេសនៅថ្ងៃនេះ និងភាពរីកចម្រើនប្រកបដោយភាពធន់នៅថ្ងៃស្អែក»។


យោងតាមរបាយការណ៍អង្កេតចន្លោះជំរឿនប្រជាជនឆ្នាំ២០២៤ កម្ពុជាមានប្រជាជនប្រមាណ ១៧,៣ លាននាក់ ក្នុងនោះប្រជាជនវ័យក្រោម១៥ឆ្នាំ មានចំនួន២៦,៨%, វ័យ១៥-៣៤ឆ្នាំ មានចំនួន៣៤,៦%, វ័យ៣៥-៦៤ មានចំនួន៣២,១% និងវ័យ៦៥ឆ្នាំឡើង មានចំនួន៦,៥%។ ទិន្នន័យនេះបង្ហាញថា កម្ពុជានៅតែមានមូលដ្ឋានធនធានមនុស្សដ៏រឹងមាំ ដែលអាចក្លាយជាកម្លាំងអភិវឌ្ឍន៍ជាតិ ប្រសិនបើមានការវិនិយោគត្រឹមត្រូវ។

ទិន្នន័យនេះបង្ហាញថា បញ្ហាប្រជាជន គឺជាបញ្ហាគន្លឹះដែលពាក់ព័ន្ធផ្ទាល់នឹងគុណភាព ធនធានមនុស្ស កម្លាំងពលកម្ម ទីផ្សារការងារ ការផ្តល់សេវាសាធារណៈ សុខុមាលភាពគ្រួសារ និងសន្តិសុខសង្គមនាពេលអនាគត។ ដូច្នេះ ការរៀបចំគោលនយោបាយប្រជាជនត្រូវផ្អែកលើទិន្នន័យត្រឹមត្រូវ ទាន់ពេលវេលា និងប្រើប្រាស់បានក្នុងការសម្រេចចិត្ត ដើម្បីធានាថាការអភិវឌ្ឍរបស់កម្ពុជាមានលក្ខណៈគ្រប់ជ្រុងជ្រោយ ប្រកបដោយចីរភាព និងមិនទុកអ្នកណាម្នាក់ចោល។ ដោយឡែក ទិន្នន័យចំណោលប្រជាជនថ្មី ក្នុងសេណារីយ៉ូអត្រាលទ្ធភាពមានកូនថយចុះក្នុងល្បឿនមធ្យម បង្ហាញថា ប្រជាជនកម្ពុជានឹងកើនដល់ប្រហែល ២៤លាននាក់នៅឆ្នាំ២០៥០ ក្នុងនោះប្រជាជនវ័យក្រោម១៥ឆ្នាំនឹងថយ ចុះដល់២១,៨% និងវ័យ១៥-៣៤ឆ្នាំនឹងថយចុះដល់២៨,២% ខណៈដែលប្រជាជនវ័យ៣៥-៦៤នឹងកើន ដល់៣៧,២% និងវ័យ៦៥ឆ្នាំឡើងនឹងកើនដល់១២,៧%។

ការប្រែប្រួលរចនាសម្ព័ន្ធអាយុនេះបានបញ្ជាក់ថា ពេលវេលាដើម្បីវិនិយោគលើប្រជាជនវ័យក្មេងគឺក្នុងពេលឥឡូវនេះ។ ប្រសិនបើយើងខកខានមិនបានផ្តល់ ឱកាសនិងការគាំទ្រដល់ប្រជាជនវ័យក្មេងនាពេលបច្ចុប្បន្ន យើងនឹងប្រឈមនឹងបញ្ហានានានៅពេលខាងមុខ ដូចជាការមិនទទួលបាននូវភាគលាភប្រជាសាស្ត្រទីពីរ កង្វះកម្លាំងពលកម្មជំនាញ និងការកើនឡើងនៃបន្ទុក សេដ្ឋកិច្ចនិងសង្គមដោយសារកំណើនប្រជាជនវ័យចាស់។

ដោយឡែក ការកើនឡើងនៃប្រជាជនវ័យចាស់ ជាបញ្ហាមិនអាចចៀសផុតទៅថ្ងៃមុខ ក៏ប៉ុន្តែយើងត្រូវបុរេសកម្មក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធសង្គមទុកជាមុន ដើម្បីប្រែក្លាយភាពជាបន្ទុកនៃជនវ័យចាស់ទៅជាភាគលាភប្រជាសាស្ត្រទីពីរ និងកាលានុវត្តភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ប្រាក់។ ខណៈពេល ដែលប្រជាជន   វ័យក្មេងបច្ចុប្បន្នទទួលបានឱកាសការងារនិងប្រាក់ចំណូលសមរម្យ ពួកគេមិនត្រឹមតែអាចលើក កម្ពស់សេដ្ឋកិច្ចគ្រួសារនៅពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលទ្ធភាពសន្សំ និងកសាងសុវត្ថិភាព ហិរញ្ញវត្ថុ សម្រាប់ធានាដល់ការរស់នៅដោយក្តីថ្លៃថ្នូរ មានលទ្ធភាពគាំទ្រកូនចៅជំនាន់ក្រោយ និងវិនិយោគបន្ត នៅពេលដែលពួកគាត់ឈានចូលវ័យចាស់។

សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ថា ប្រធានបទនៃទិវាប្រជាជនពិភពលោកឆ្នាំនេះ រំលឹកយើងថា អនាគតរបស់កម្ពុជា នឹងត្រូវបានកំណត់ដោយគុណភាពនៃការវិនិយោគលើប្រជាជនវ័យក្មេង និងប្រជាជននៅថ្ងៃនេះ។ ប្រសិនបើយើងអាចផ្តល់ ឱកាសអប់រំ សុខភាព ការងារ និងបរិយាកាសសង្គមដែលសមស្រប ប្រជាជនវ័យក្មេងកម្ពុជានឹងក្លាយជាកម្លាំង ដ៏សំខាន់ក្នុងការជំរុញកម្ពុជាឱ្យសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែង ក្លាយជាប្រទេសមានចំណូលខ្ពស់ និងជាសង្គមមួយដែលមានភាពធន់ប្រជាជន ប្រកបដោយសាមគ្គីភាព សមធម៌ និងចីរភាព៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា