សម្ដេចធិបតី ប្រាប់សមាជិកហ្វ្រង់កូហ្វូនីថា ការប៉ះទង្គិចដោយអាវុធ២លើករវាងកម្ពុជានិងថៃ កម្ពុជាមិនមែនជាអ្នកផ្ដើមបាញ់មុននោះទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចធិបតី ប្រាប់សមាជិកហ្វ្រង់កូហ្វូនីថា ការប៉ះទង្គិចដោយអាវុធ២លើករវាងកម្ពុជានិងថៃ កម្ពុជាមិនមែនជាអ្នកផ្ដើមបាញ់មុននោះទេ

សម្ដេចធិបតី ប្រាប់សមាជិកហ្វ្រង់កូហ្វូនីថា ការប៉ះទង្គិចដោយអាវុធ២លើករវាងកម្ពុជានិងថៃ កម្ពុជាមិនមែនជាអ្នកផ្ដើមបាញ់មុននោះទេ

ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នៅឆ្នាំ២០២៥ ការប៉ះទង្គិចដោយអាវុធរវាងកម្ពុជា និងថៃ បានកើតឡើងចំនួន ២ លើក ដែលក្នុងនោះកម្ពុជាមិនមែនជាអ្នកផ្ដើមបាញ់មុននោះទេ ។

សម្ដេចធិបតីបានមានប្រសាសន៍ថា ការប៉ះទង្គិចដោយអាវុធទាំង២លើកនោះ បានធ្វើឱ្យបាត់បង់ជីវិតមនុស្ស ក្រុមគ្រួសារជាច្រើនត្រូវបង្ខំចិត្តរត់ភៀសខ្លួន ដែលតាមរយៈព្រឹត្តិការណ៍នេះ បានរំលឹកយើងថា សន្តិភាពមិនមែនជាអ្វីដែលមានស្រាប់ និងគង់វង្សជារៀងរហូតនោះឡើយប្រសិនបើយើងមិនរួមគ្នាថែរក្សា ។

សម្ដេចបន្តថា បទឈប់បាញ់ដែលបានព្រមព្រៀងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតែបន្តអនុវត្ត ប៉ុន្តែស្ថានភាពនៅតែមានភាពស្មុគស្មាញ និងផុយស្រួយនៅឡើយ ។ កងទ័ពរាប់ពាន់នាក់នៅតែប្រឈមមុខដាក់គ្នា ។ ដែនអធិបតេយ្យរបស់កម្ពុជាជាច្រើនកន្លែងនៅតែត្រូវបានកាន់កាប់ដោយខុសច្បាប់ ពីសំណាក់កងទ័ពថៃ ។ ប្រជាពលរដ្ឋកម្ពុជាប្រមាណ២ម៉ឺននាក់ នៅមិនទាន់អាចវិលត្រលប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ ។ ការធានាឱ្យពួកគាត់អាចវិលត្រលប់ទៅវិញដោយសុវត្ថិភាព និងដោយសេចក្ដីថ្លៃថ្នូរ គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ។

សម្ដេចធិបតីបានបន្ថែមថា កម្ពុជាអំពាវនាវឱ្យមានការគោរពយ៉ាងខ្ជាប់ខ្ជួននូវរាល់កិច្ចព្រមព្រៀងជាធរមានទាំងអស់រវាងកម្ពុជា និងថៃ ។ ក្នុងន័យនេះ កម្ពុជាស្នើសុំឱ្យមានការចាប់ផ្ដើមឡើងវិញនូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោក ។ ព្រំដែនកម្ពុជា-ថៃ មិនមែនជាព្រំដែនថ្មីនោះទេ វាជាព្រំដែនអន្តរជាតិដែលទទួលស្គាល់ដោយក្របខ័ណ្ឌច្បាប់អន្តរជាតិ ហើយត្រូវបានគូសវាសយ៉ាងច្បាស់លាស់រួចហើយតាំងពីជាងមួយសតវត្សរ៍មុនមកម្ល៉េះ ។ ដូច្នេះ នេះគឺជាខ្សែបន្ទាត់ព្រំដែនដែលភាគីទាំងអស់ត្រូវតែទទួលស្គាល់ និងគោរពយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់អន្តរជាតិ ។

សម្ដេចក៏បានបន្ថែមទៀត កម្ពុជាមានឆន្ទៈច្បាស់លាស់ គឺចង់បានព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃ ជាខ្សែបន្ទាត់ព្រំដែនដែលការពារ និងនាំឱ្យប្រជាជននៃប្រទេសទាំងពីរកាន់តែខិតជិតគ្នាបន្ថែមទៀត ។ គោលការណ៍នេះ គឺជាបញ្ហាដែលពាក់ព័ន្ធដល់សហគមន៍អន្តរជាតិទាំងមូល ។ គ្មានព្រំដែនណាមួយត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងអាវុធ ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែងនោះឡើយ ។ សម្ដេចថ្លែងថា « ការគោរពច្បាប់អន្តរជាតិ គឺជាការធានាបាននូវសន្តិសុខដល់គ្រប់បណ្ដារដ្ឋ/ ប្រទេស មិនថាធំ​ ឬតូចឡើយ » ៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា