SK Hynix ដណ្តើមតំណែង Samsung ក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតនៅកូរ៉េខាងត្បូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
SK Hynix ដណ្តើមតំណែង Samsung ក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតនៅកូរ៉េខាងត្បូង

SK Hynix ដណ្តើមតំណែង Samsung ក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតនៅកូរ៉េខាងត្បូង

បរទេស៖ ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ SK Hynix បានវ៉ាដាច់ក្រុមហ៊ុន Samsung Electronics ក្លាយជាក្រុមហ៊ុនចុះបញ្ជី ដែលមានតម្លៃបំផុតរបស់ប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមការរាយការណ៍ពី Tech Central។

Advertisement

នៅថ្ងៃចន្ទនេះ ភាគហ៊ុនរបស់ SK Hynix បានកើនឡើង ៥,៧​ ភាគរយ ដែលធ្វើឱ្យតម្លៃទីផ្សារបស់ក្រុមហ៊ុនមួយនេះឡើងដល់ប្រហែល ១,៣៥ ទ្រីលានដុល្លារអាម៉េរិក។ នេះជាការផ្លាស់ប្តូរវាសនាយ៉ាងគួរឱ្យភ្ញាក់ផ្អើលបំផុតសម្រាប់ក្រុមហ៊ុនបន្ទះឈីបមួយដែលស្ទើរតែដួលរលំ ដោយសារតែវិបត្តិបំណុលកាលពីពីរទសវត្សរ៍មុន។

សម្រាប់ SK Hynix ការសម្រេចបាននូវសមិទ្ធផលនេះ គឺជាចំណុចកំពូលនៃការស្តារស្ថានភាពអាជីវកម្មឡើងវិញដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រសាជីវកម្មរបស់ប្រទេសកូរ៉េខាងត្បូង។ បច្ចុប្បន្ននេះ SK Hynix គឺជាអ្នកផ្គត់ផ្គង់ឈានមុខគេនៅលើទីផ្សារឈីបបញ្ជូនទិន្នន័យកម្រិតខ្ពស់ (HBM) ដែលប្រើប្រាស់ក្នុងប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) សម្រាប់អតិថិជនធំៗដូចជា Nvidia និង Google ជាដើម។

នៅក្នុងឆ្នាំនេះ SK Hynix បានក្លាយជាក្រុមហ៊ុនទទួលបានផលប្រយោជន៍ធំបំផុតមួយពីការកើនឡើងនៃតម្រូវការ AI ជាសកល ដែលជួយរុញច្រានតម្លៃភាគហ៊ុនរបស់ខ្លួនឱ្យហក់ឡើងជាង ៣៤០ ភាគរយ និងធ្វើឱ្យតម្លៃទីផ្សារវ៉ាដាច់ទាំងក្រុមហ៊ុន Samsung Electronics និងក្រុមហ៊ុន Micron ថែមទៀតផង។

SK Hynix ផ្តោតសំខាន់ជាចម្បងលើបន្ទះឈីបអង្គចងចាំ ដែលខុសពីក្រុមហ៊ុន Samsung Electronics ដែលផ្តោតលើផ្នែកផ្សេងៗ ដូចជា ការផលិតបន្ទះឈីបតក្កវិជ្ជា និងឧបករណ៍អេឡិចត្រូនិកជាដើម។ គួររំលឹកថា Samsung Electronics បានក្តោបក្តាប់តំណែងកំពូលលេខ ១ នៅក្នុងកូរ៉េខាងត្បូងតាំងពីឆ្នាំ ២០០០ មកម្ល៉េះ។

លោក Kim Sunwoo អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Meritz Securities លើកឡើងថា​៖

“ការកែច្នៃតម្រូវតាមបច្ចេកវិទ្យា AI បានផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ចរបស់ឧស្សាហកម្មនេះទាំងស្រុង និងបានអនុញ្ញាតឱ្យ SK Hynix ក្លាយជាអ្នកដឹកនាំទីផ្សារ។”

បើរំលឹកទៅកាលពីឆ្នាំ ២០០២ ក្រុមហ៊ុននេះពីមុន មានឈ្មោះថា Hynix Semiconductor ស្ថិតក្នុងហានិភ័យជិតត្រូវលក់ទៅឱ្យក្រុមហ៊ុនអាម៉េរិក Micron បន្ទាប់ពីធ្លាក់ខ្លួនដោយសារបំណុលធ្ងន់ធ្ងរក្នុងអំឡុងពេលខិតខំពង្រីកខ្លួនយ៉ាងគំហក។

យ៉ាងណាមិញ កិច្ចព្រមព្រៀងនោះត្រូវបានបរាជ័យ ដែលបណ្តាលឱ្យក្រុមហ៊ុនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ម្ចាស់បំណុលអស់រយៈពេលជិតមួយទសវត្សរ៍។ នៅក្នុងឆ្នាំ ២០០៣ តម្លៃភាគហ៊ុនធ្លាក់ចុះដល់កម្រិតទាបបំផុតត្រឹម ១៣៥ វ៉ុនប៉ុណ្ណោះ ធ្វើឱ្យវាក្លាយជាភាគហ៊ុនដែលមានតម្លៃថោកជាងគេបំផុត។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងឆ្នាំ ២០២៣ SK Hynix រាយការណ៍ពីការខាតបង់ប្រតិបត្តិការប្រចាំឆ្នាំរហូតដល់ ៧,៧៣ ទ្រីលានវ៉ុន (៥ ពាន់លានដុល្លារអាម៉េរិក)។

ទោះជាយ៉ាងណាក្តី SK Hynix ចាប់ផ្តើមងើបឡើងវិញក្នុង ២០២៤ នៅពេលដែលសម្ទុះនៃបច្ចេកវិទ្យា AI ចាប់ផ្តើមបោះជំហានទៅមុខយ៉ាងលឿន ហើយក្រុមហ៊ុនបចេ្ចកវិទ្យាធំៗដូចជា Microsoft, Google និង Meta ហ៊ានបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់។

កត្តានេះបានរុញច្រានឱ្យ SK Hynix ទទួលបានប្រាក់ចំណេញប្រតិបត្តិការប្រចាំឆ្នាំរហូតដល់ ២៣,៥ ទ្រីលានវ៉ុន (១៦,៣ ពាន់លានដុល្លារអាម៉េរិក) ក្នុងឆ្នាំ ២០២៤ ដែលកម្រិតខ្ពស់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា