អាហ្វ្រិកខាងត្បូង ចង់រឹតចំណងសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំជាមួយឥណ្ឌា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហ្វ្រិកខាងត្បូង ចង់រឹតចំណងសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំជាមួយឥណ្ឌា

អាហ្វ្រិកខាងត្បូង ចង់រឹតចំណងសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំជាមួយឥណ្ឌា

បរទេស ៖ អាហ្វ្រិកខាងត្បូង កំពុងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគដោយផ្ទាល់ជាមួយឥណ្ឌាលើវិស័យសំខាន់ៗជាច្រើន ដូចជា រ៉ែយុទ្ធសាស្ត្រ ឧស្សាហកម្មបៃតង ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសេដ្ឋកិច្ចឌីជីថល ខណៈដែលបច្ចុប្បន្ននេះ ឥណ្ឌា គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៤ របស់អាហ្វ្រិកខាងត្បូង ដោយក្នុងនោះមានក្រុមហ៊ុនឥណ្ឌាជាង ១៥០ បានបណ្តាក់ទុនសរុបលើសពី ១០ ពាន់លានដុល្លារ និងបានបង្កើតការងារជូនពលរដ្ឋអាហ្វ្រិកខាងត្បូងប្រមាណ ១៨០០០ កន្លែង។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT បានសរសេរថា បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី ១៨ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ដែលបញ្ចប់ទៅកាលពីថ្ងៃទី១៣ កញ្ញា កន្លងទៅនេះ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានលើកឡើងថា BRICS គឺជាវេទិកាដ៏សំខាន់សម្រាប់ពង្រឹងទំនាក់ទំនង និងទាក់ទាញផលប្រយោជន៍សេដ្ឋកិច្ចជូនជាតិ។ ដោយឡែក នៅក្នុងសារលិខិតប្រចាំសប្តាហ៍ផ្ញើជូនប្រជាពលរដ្ឋនៃអាហ្វ្រិកខាងត្បូង លោកបានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មរបស់អាហ្វ្រិកខាងត្បូងជាង ២០ភាគរយ គឺធ្វើឡើងជាមួយបណ្តាប្រទេស BRICS ដែលនេះបង្ហាញថា ប្លុកនេះជាប្រភពទុន និងជាទីផ្សារពាណិជ្ជកម្មដ៏មានសក្តានុពល។

នៅក្នុងជំនួបកំពូលរវាងថ្នាក់ដឹកនាំធុរកិច្ចនៃប្រទេសទាំងពីរ លោកប្រធានាធិបតី Cyril Ramaphosa បានបង្ហាញពីឱកាសវិនិយោគថ្មីៗ ជាពិសេស លើវិស័យដែលប្រទេសទាំងពីរអាចបំពេញឱ្យគ្នាទៅវិញទៅមក ដោយភាគីឥណ្ឌាក៏បានបង្ហាញពីការគាំទ្រទៅលើការកែទម្រង់រចនាសម្ព័ន្ធនៅអាហ្វ្រិកខាងត្បូង ផ្នែកថាមពល ដឹកជញ្ជូន ទឹកស្អាត ទូរគមនាគមន៍ ប្រព័ន្ធឌីជីថល និងការសម្រួលទិដ្ឋាការ។

កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ផលប្រយោជន៍ជួយគ្នាទៅវិញទៅមកយ៉ាងខ្លាំង ដែលក្នុងនោះរួមមាន បច្ចេកវិទ្យាកម្រិតខ្ពស់របស់ឥណ្ឌាលើផ្នែកមួយចំនួន ដូចជា ឱសថ សុខាភិបាល ព័ត៌មានវិទ្យា និងប្រព័ន្ធឌីជីថលសាធារណៈ។ បន្ថែមពីនេះ ធនធានរ៉ែដ៏សម្បូរបែបរបស់អាហ្វ្រិកខាងត្បូង ក៏នឹងត្រូវផ្គត់ផ្គង់ដល់ឧស្សាហកម្មថាមពលកកើតឡើងវិញរបស់ឥណ្ឌា សម្រាប់ការផលិតអាគុយ និងការផលិតយានយន្តនៅឥណ្ឌាផងដែរ។ បន្ថែមពីលើទំនាក់ទំនងទ្វេភាគីជាមួយឥណ្ឌា អាហ្វ្រិកខាងត្បូង ក៏ទទួលបានផលប្រយោជន៍ច្រើនពីភាពរីកចម្រើននៃប្លុក BRICS ទាំងមូលផងដែរ ដែលបច្ចុប្បន្នមានសមាជិកបន្ថែមទៀត ដូចជា អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ ឥណ្ឌូណេស៊ី អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម។

គួរឲ្យដឹងដែរថា បណ្តាប្រទេស BRICS បច្ចុប្បន្ន កំពុងគ្របដណ្តប់លើប្រជាជនជិតពាក់កណ្តាលពិភពលោក និងក្តោបក្តាប់ទំហំពាណិជ្ជកម្មសកលប្រមាណ ១ ភាគ ៤ ដែលតាមរយៈសមាជិកភាពនេះ អាហ្វ្រិកខាងត្បូង អាចទទួលបានប្រភពទុនអភិវឌ្ឍន៍ពីធនាគារ New Development Bank សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធថាមពល ទឹកស្អាត និងដឹកជញ្ជូន ព្រមទាំងអាចប្រើប្រាស់មូលនិធិបម្រុងអាសន្ន Contingent Reserve Arrangement រហូតដល់ ១០០ ពាន់លានដុល្លារ ក្នុងករណីជួបវិបត្តិសាច់ប្រាក់ថែមទៀតផង៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា